ខេត្តកំពត ៖ ប្រភពព័ត៌មានច្បាស់ការណ៍មួយឱ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើ ដឹកដោយរទេះគោនិងរទេះក្របីដែលជាការចូលកាប់ឈើខុសច្បាប់នៅក្នុងព្រៃភ្នំតំបន់តាកែនកោះស្លា ស្រុកឈូក កំពុងកើតមានយ៉ាងអនាធិបតេយ្យ តែគេដែលពុំឃើញមន្ត្រីរដ្ឋបាលព្រៃឈើដែលគ្រប់គ្រងតំបន់នេះធ្វើការបង្ក្រាបសោះឡើយ ។
ប្រភពនេះបានអះអាងថា នៅក្នុងតំបន់ដែលពលរដ្ឋកំពុងធ្វើសកម្មភាពកាប់និងដឹកឈើហុបចេញមកនោះ គេឃើញកម្លាំងសមត្ថកិច្ចចម្រុះមួយក្រុមចេញមុខយកប្រាក់ពីរទេះដឹកឈើទាំងនោះដែលមាន នគរបាលប៉ុស្តិ៍ ទាហានខេត្ត និងអង្គការអភិរក្សឃ្លាំមើលប្រជាពលរដ្ឋនៅកម្ពុជា ។ ប្រភពដដែលអះអាងទៀតថា កម្លាំងចម្រុះដែលប្រចាំការនៅទីនោះ បានដាក់កំណត់ឱ្យប្រជាពលរដ្ឋបង់ប្រាក់ក្នុងមួយរទេះពី២ម៉ឺនរៀល ទៅបីម៉ឺនរៀល តាមការដឹកតិច ឬច្រើន ហើយបើអ្នកដឹកឈើទាំងនោះតវ៉ា ឬសុំចុះតម្លៃ ក្រុមចម្រុះទំាងនោះគេឯកភាពគ្នាចាប់រទេះដឹកឈើបញ្ជូនឱ្យទៅជំនាញរដ្ឋបាលព្រៃឈើ ។
ទាក់ទិននឹងករណីខាងលើនេះ កោះសន្តិភាពបានព្យាយាមទូរស័ព្ទទៅលោកតុង សែ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកឈូក ដើម្បីសុំការបំភ្លឺប៉ុន្តែទូរស័ព្ទរបស់លោកបិទ មិនអាចទាក់ទងបាន ។ កោះសន្តិភាពក៏បានទាក់ទងតាមទូរស័ព្ទទៅលោកតឹក សែន ប្រធាសាខារបស់អង្គការអភិរក្សឃ្លាំមើលប្រជាពលរដ្ឋនៅកម្ពុជាប្រចាំខេត្តកំពត ហើយលោកបានឱ្យដឹងថា ករណីប្រជាពលរដ្ឋចូលកាប់ឈើនៅតំបន់តាកែនកោះស្លានេះពិតជាមានមែន រីឯកម្លាំងចម្រុះរបស់លោកក៏បានចុះទៅចល័តនៅក្នុងតំបន់ខាងលើ ដែរ ដើម្បីទប់ស្កាត់បទល្មើស ។ ចំណែកការជួបនឹងប្រជាពលរដ្ឋដែលដឹកឈើតាមរទេះគោ ហើយកម្លាំងក្រុមចម្រុះរបស់លោកបានសុំប្រាក់ពីពលរដ្ឋដឹកឈើទាំងនោះក្នុងមួយរទេះ១៥.០០០រៀល គឺគ្រាន់បានថ្លៃម្ហូប ពីព្រោះកម្លាំងរបស់លោកមានច្រើនអង្គភាពបើបែងចែកក្នុងមួយអង្គភាពៗទៅគឺបានប្រាក់ពី២.០០០រៀលទៅ៣.០០០រៀលប៉ុណ្ណោះក្នុងរទេះមួយគ្រឿង ។ លោកបានបន្តទៀតថា ក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចខាងលើនេះ គេឃើញមានកាសែតមួយដែលគេមិនស្គាល់ឈ្មោះមានបុគ្គលិកនៅចាំយកប្រាក់ពីរទេះគោដឹកឈើនេះដែរ ដែលអ្នកកាសែតនោះឈ្មោះគុន ។
គួររំឮកថា សកម្មភាពកាប់ឈើខុសច្បាប់នៅតំបន់តាកែនកោះស្លា ស្រុកឈូកនេះ មិនមែនទើបតែមានសកម្មភាពទេ គឺតាមប្រភពច្បាស់ការណ៍កើតមានជាយូរមកហើយ។ ការដឹកឈើចេញតាមរទេះគោក្នុងមួយថ្ងៃៗមិនតិចជាងសាមសិបរទេះទេ រីឯក្រុមដែលអះអាងថា ជាកម្លាំងបង្ក្រាបការកាប់ឈើខុសច្បាប់នៅតំបន់នេះ ពុំបានបង្ក្រាបឡើយ ផ្ទុយទៅវិញក្រុមនេះបែរជាឃុបឃិតគ្នាឱ្យអ្នកបររទេះដឹកឈើបង់លុយយកទៅចែកគ្នាទៅវិញ ។ បើតែបែបនេះ ធនធានព្រៃឈើនៅតាកែនកោះស្លា នឹងរលាយហិនហោចមិនខានឡើយ ៕


ចែករំលែកព័តមាននេះ