ខេត្តបាត់ដំបង ៖ សមត្ថកិច្ចស្រុករតនមណ្ឌលបានរាយការណ៍ថា យុវជនម្នាក់បានរងរបួសជាទម្ងន់ ដោយសារបរគោយន្តកន្ត្រៃជាន់លើគ្រាប់មីនតោនដែលសេសសល់ពីសម័យសង្គ្រាម បណ្ដាលឲ្យផ្ទុះកក្រើកកាលពីរសៀលថ្ងៃទី៣១ កក្កដា នៅក្នុងដីចំការរបស់ខ្លួនស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល។
យុវជនរងគ្រោះឈ្មោះធី វាសនា អាយុ២០ឆ្នាំ នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល បានរងរបួសសុសសាច់ដោយត្រូវកម្ទេចថ្ម និងកម្លាំងខ្យល់គ្រាប់មីនតោនដែលជាប្រភេទគ្រាប់មីនប្រឆាំងរថក្រោះ។ អ្នកភូមិនិយាយប្រាប់សមត្ថកិច្ចថា យុវជន ធី វាសនា បានបរគោយន្តរើសដុំថ្មក្នុងចំការរបស់ខ្លួនដែលភ្ជួររួច និងដាំដុះរាល់ឆ្នាំ។ សាក្សីបន្តថា គ្រានោះវាសនាបានបរជាន់លើគ្រាប់មីនតោន បណ្ដាលឲ្យផ្ទុះលាន់កក្រើកដី ផ្សែងខ្មៅងងឹតហ៊ុយទ្រលោមទៅលើអាកាសបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។ លុះពេលគេនាំគ្នាទៅមើល ស្រាប់តែឃើញយុវជន ធី វាសនា ដេកសន្លប់ស្ដូកឆ្ងាយពីរណ្ដៅគ្រាប់ជាង១០ម៉ែត្រ ដែលមានស្នាមរបួស និងផ្សែងរោលខ្មៅពេញខ្លួន ។ ចំណែកគោយន្តដាច់ជាបំណែកៗខេ្ទចខ្ទីអស់ ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ