ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងផ្សារ​ដំបូល​សំយាប​មុខ​ផ្ទះ​ត្រូវ​ចរន្ត​ឆ្លង​ឆក់ស្ទើរ​តែ​ស្លាប់

15 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ជាង​ផ្សារ​ដែក​ម្នាក់​បាន​ត្រូវចរន្ត​អគ្គិសនី​ឆក់នៅ​ជាប់​ច្រងាង​នឹង​ជណ្ដើរ​ដូច​ទោច​យោលទោង ខណៈ​ពេល​កំពុងផ្សារ​​ដំបូល​សំយាបស័ង្ក​សី​មុខ​ផ្ទះ​នៅ​ភូមិ​ដុត​កំបោរ ឃុំ​ព្រះ​និ​ព្វា​ន ស្រុក​គងពិសី កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ និង៣០​នាទី​រសៀលថ្ងៃ​ទី​១០ មីនា កន្លងមកនេះ ។

យុវជន​ជា​ជាង​ផ្សារ​ដែក​ម្នាក់នេះឈ្មោះម៉ី សម្ផស្ស អាយុ​២៥​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិត្រាស់​សាលា ឃុំ​ត្រពាំង​គ ស្រុក​សំរោង​ទង បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​សិប្ប​កម្ម​ផ្សារ​ទ្វារ​បង្អួច​ក្នុងភូមិ​ដើមប្ញស ឃុំ​ដើម​ប្ញស ស្រុក​កណ្ដាលស្ទឹង ខេត្ដកណ្ដាល ។ យុវជន​រូប​នេះ​បានឱ្យ​ដឹង​ថា ខ្លួន​មក​ស្នាក់​នៅ​ស៊ីឈ្នួល​ផ្សារ​ដែក​ឱ្យថៅកែ​ដោយ​គិត​តម្លៃតាមកា​រ៉េ ។ នៅ​ថ្ងៃ​កើត​ហេតុ​ ខ្លួនបាន​ទៅ​ផ្សារ​ដំបូល​សំយាប​ផ្ទះ​ឱ្យ​គេ​ជា​មួយ​មិត្ដភក្ដិ​ម្នាក់​នៅ​ឯ​ភូមិ​ដុត​កំបោរ ឃុំ​ព្រះ​និ​ព្វា​ន ស្រុក​គងពិសី លុះ​​ផ្សារ​រួចហើយ​ក៏​ចុះ​ពី​ជណ្ដើរ​ដោយ​​មានកាន់​ដែកនៅ​នឹង​ដៃផង ប៉ុន្ដែមិនដឹង​ប៉ះ​នឹង​អ្វី​ទេ ​ស្រាប់តែ​បណ្ដាល​ឱ្យ​​ឆក់​ភ្លៅ​ខាងឆ្វេង​និង​ដៃ​ខាងឆ្វេង​ឆេះ​ខ្លោច រួច​ឆក់​ជាប់​នឹងជណ្ដើរ​នោះ ទើប​មិត្ដភក្ដិ​ស្ទុះ​ទៅ​ពន្លត់​ម៉ាស៊ីន​រួច​ជួយ​ទាញ​ចេញពី​ជណ្ដើរ​យក​ទៅ​ដាក់​លើ​ប៉ៅ​អ៊ី ។ យុវ​ជន​រងគ្រោះ​បន្ដ​ទៀត​ថា ពេល​ត្រូវឆក់​ដំបូង​នៅ​ដឹង​ខ្លួននៅឡើយ​ទេ លុះពេល​គេ​ជួយ​លើកយក​ទៅ​ដាក់​លើ​ប៉ៅ​អ៊ី​ក៏​សន្លប់​តែ​ម្ដង លុះ​ពេលដឹង​ខ្លួន​វិញ ត្រូវ​មិត្ត​ភក្តិប្រាប់ថា ភ្លាមៗនោះ​បានបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដ រួច​ទើប​បញ្ជូន​​បន្ត​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈទៀត ។

តាម​មិត្ដភក្ដិ​ដែល​ទៅ​ផ្សារ​ដែក​ជាមួយ​ឈ្មោះអ៊ុ​ន ប៉ែន អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិក​ញ្ច្រ​ប់ ឃុំ​ព្រះ​និ​ព្វា​ន បានឱ្យ​ដឹង​ថា ពេល​ទៅ​ផ្សារ​ដែកនោះ ខ្លួនឈរ​ផ្សារ​នៅខាង​ក្រោម ចំណែកម៉ី សម្ផស្ស ឡើង​ផ្សា​រលើ​ជណ្ដើរ។ ខណៈ​ពេល​កំពុង​ផ្សារ​នោះមិនដឹង​មូល​ហេតុ​អ្វី​ទេ ស្រាប់តែខ្លួន​ដែល​កំពុង​ឈរ​ផ្សារ​នោះ​ក៏​ឆក់​ដែរ តែ​មិន​មាន​គ្រោះថ្នាក់​ទេ ដោយសារ​ឈរ​នៅ​ខាងក្រោម​មានកម្លាំង​អាច​រើបម្រះ​បាន ។ បើ​តាម​ការ​អះអាង​ពី​ឈ្មោះអ៊ុ​ន ប៉ែន ថា ការ​ឆក់​នេះ​ក៏​អាច​បណ្ដាល​មក​ពី​ឆ្លង​ចរន្ដអគ្គិសនី​ពី​បង្គោល​ខ្សែកាបដែល​នៅ​ជិត​សំយាប​នោះ​ប្រមាណ​២​ម៉ែត្រ​ប៉ុណ្ណោះ ។ ចំណែកតាម​ការ​សន្និដ្ឋាន​មួយទៀត​ថា ដោយសារ​ពេល​កំពុង​ផ្សារ​នោះ កម្លាំងម៉ាស៊ីន​ដែល​បញ្ឆេះ​មាន​ចរន្ដ AC&DC ប៉ះ​គ្នា​បង្កើត​ជា​កម្លាំង​ដ៏ខ្លាំង​មួយ ។

ខណៈ​ពេល​មក​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ គ្រូពេទ្យ​បាន​វះ​សាច់​ដែល​ខ្លោច​ចេញ​ខ្លះ​ដើម្បី​បង្ហូរឈាម​ដែល​កក​ចេញ ចំណែក​ភ្លៅ​ក៏​ឆេះ​ខ្លោច​បន្ដិច​ដែរ ។ រីឯថៅកែ​សិប្បកម្ម​ធ្វើ​ទ្វារ​បង្អួច​នោះ​ក៏​បាន​មក​មើល​ជន​រង​គ្រោះ​ដល់​មន្ទីរ​ពេទ្យ​និង​ចេញថ្លៃ​ព្យាបាល​ឱ្យផង​ដែរ ។ បើ​តាម​អ្នកបច្ចេក​ទេស​ខាង​ផ្នែក​អគ្គិសនី​បានឱ្យ​ដឹង​ថា ខ្សែកាប​ដែល​រត់​កាត់​ដំបូល​នោះ​ជា​ខ្សែ​ស្រាត​មាន​កម្លាំង​ដល់ទៅ​៣៨០ ហើយ​ជា​ប្រភេទ​ខ្សែ​ហ្វា កាល​ណា​​មាន​ចរន្ដ​ខាងក្រោម​ជា​ម៉ាស់ ទើប​បង្ក​ឱ្យ​មាន​ចរន្ដ​ឆក់​គ្នា​បែប​នេះ ហេតុ​ដូច្នេះហើយ​ទើប​ពេល​ពន្លត់​ម៉ាស៊ីន​ ក៏​លែង​ឆក់​​ដែរ ៕