ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រ៉ាវ​ឆេះ​ផ្សារ​ទួល​សង្កែ​ម្ចាស់​ផ្ទះ​រង​គ្រោះ​84​គ្រួសារ​ផ្តិត​មេ​ដៃ​ប្តឹង​ឈ្មោះ ទា វណ្ណារ៉ា

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​​​​​ ៖ ​ហេតុ​ការណ៍​​អគ្គី​​ភ័យ​ឆាប​ឆេះ​​ផ្សារ​ទួល​សង្កែ​​ ក្នុង​សង្កាត់​​ទួល​សង្កែ​​ខណ្ឌ​ប្ញ​ស្សី​កែវ​​​រហូត​​មក​ដល់​​ថ្ងៃ​ទី​​២ សីហា ​មាន​រយៈ​ពេល​​១០​ថ្ងៃ​​មកហើយ​​​ ដែល​សមត្ថ​កិច្ច​​រក​ពុំ​ទាន់​​ឃើញ​ពី​មូល​ហេតុ​​​ដែល​បង្ក​​​ឱ្យ​​មាន​​អគ្គី​ភ័យ​​​នេះនៅ​ឡើយ​​ទេ ទោះ​បី​​​ជា​​មាន​ការ​​ចោទ​​ប្រកាន់​​​ទៅលើ​ជន​ម្នាក់​​ថា​ជា​អ្នក​​បង្ក​​​​ក្តី ។​

​ពេល​នេះ​​ប្រជា​ពល​រដ្ឋ​​ចំនួន​​៨៤​នាក់​​បាន​ផ្តិត​មេ​ដៃ​​ប្តឹង​ចោទ​ប្រកាន់​​ឈ្មោះ​ទា ​វណ្ណា​រ៉ា ភេទ​ប្រុស អាយុ​​៤២​​ឆ្នាំ ​ជា​មន្ត្រី​រាជ​ការ​​​ម្នាក់ មាន​ទី លំនៅ​​ផ្ទះ​លេខ​​៥៣​ ​ផ្លូវ​លេ​ខ​​​៩០១ ដោយ​ចោទ​​ថា​​ ​ជា​អ្នក​បង្ក​​ឱ្យ​កើត​មាន​​អគ្គី​ភ័យ​​ ខណៈ​​ដែល​ឈ្មោះ​ទា​ វណ្ណា​រ៉ា ​ក៏បាន​ដាក់​ពាក្យ​​បណ្តឹង​​មុន​ដោយ​ចោទ​​ឈ្មោះ​​ចាន់ ​សារ៉ន ​ជា​​​គ្រូ​​ពេទ្យ​មាន​​​លំនៅ​​ផ្ទះ​លេខ​​១៥ ផ្លូវ​​លេខ​​​៩០០ ថា​ ​ជា​អ្នក​បង្ក​​ឱ្យ​កើត​មាន​​អគ្គី​ភ័យ​​នេះ ព្រម​ទាំង​​ទារ​សង​សំណង​​​ការ​​ខូច​ខាត​​ចំនួន​៨​ម៉ឺន​​ដុល្លារ​​ និង​​​ទា​រ​​ជំងឺ​​ចិត្ត​៣​ម៉ឺន​ដុល្លារ​ ។​ ទោះ​បីជា​យ៉ាង​ណា​​ឈ្មោះទា វណ្ណា​រ៉ា ​​រួម​ទាំង​​ក្រុម​គ្រួសារ​​បាន​គេ​ច​ខ្លួន​​​បាត់​​ទៅ​ហើយ ​។ ចំណែក​​ពាក្យ​បណ្តឹង​​របស់​ប្រជា​ពល​រដ្ឋ​​៨៤​​​​នាក់​​ ក៏​​បាន​បញ្ជូន​ទៅ​​សាលា​​សង្កាត់​ទួល​សង្កែ​​ផ​ង​ដែរ​ ។​

​លោក​ហ៊ុយ ហ៊ាន ​មេ​ប៉ុស្តិ៍​​ទួល​សង្កែ​​បាន​ឱ្យ​​ដឹង​​ថា ការ​កើត​​មាន​អគ្គី​ភ័យ​​នោះ​ពុំ​ទាន់​​ដឹង​ពី​មូល​ហេតុ​​​ច្បាស់​​នៅ​ឡើយ​​ តែ​ដឹង​ថា​​ភ្លើង​​​បាន​ឆេះ​​ចេញ​ពី​ផ្ទះ​​ឈ្មោះ​ទា ​វណ្ណា​រ៉ា ​ហើយ​ប្រជា​ពលរ​ដ្ឋ​​បាន​ផ្តិ​ត​មេ​ដៃ​​ប្តឹង​ ។​

​ឈ្មោះ​​អេង ត្រាវ ភេទ​ប្រុស ​​​​​អាយុ​​៣២​ឆ្នាំ​ ​ដែល​បាន​ជួល​ផ្ទះ​​របស់​ឈ្មោះ​ទា វណ្ណា​រ៉ា ​និង​ជា​តំណាងអ្នក​រង​គ្រោះ​​ឆេះ​ផ្ទះ​​បាន​​ឱ្យ​​ដឹង​ថា​នៅមុន​​​ពេល​កើត​​ហេតុ​​ភ្លើង​បាន​​ឆេះ​ចេញ​​ពី​ផ្ទះ​​របស់​ឈ្មោះ​ទា វណ្ណារ៉ា ​ផ្នែក​ខាង​​​ក្រោយ​​ ហើយ​ពេល​​នោះ​ខ្លួន​​បាន​ទៅ​ជួយ​ពន្លត់​​រួម​ជា​មួយ​អ្នក​ជិត​ខាង​​ ដោយ​​ចោល​កូន​​​តូចៗ​​ចំនួន​​៣នាក់​​ដែល​កំពុង​​ដេក​ ។ តែ​​​ដោយ​សារ​​ភ្លើង​ឆេះ​​កាន់​តែ​ខ្លាំង​​ ក៏​​រត់​មក​​យក​កូនវិញ​ ព្រោះ​ភ្លើង​​បាន​ឆេះ​សន្ធោ​​​សន្ធៅ​​ទៅ​ហើយ​ មិន​អាច់​ទប់​ស្កាត់​​បាន​ទេ ។

​ចំណែក​​ឈ្មោះ​អ៊ួង ​មិនា ភេទ​ប្រុស អាយុ​​​៦៨​ឆ្នាំ ​ជា​ឪពុក​​​​​ឈ្មោះ​ចាន់​ សារ៉ាន ​ជា​​គ្រូ​​ពេទ្យ​​​បាន​​ឱ្យ​ដឹង​​ថា ការ​​កើ​តមាន​​អគ្គី​ភ័យ​នេះ​​មិន​មែន​​​ឆេះ​ចេញ​ពី​ផ្ទះ​​របស់​គាត់​នោះ​​​ទេ មិន​ដូច​​ជា​ការ​ចោទ​ប្រកាន់​​របស់​​​ឈ្មោះ​ទា វណ្ណា​រ៉ា ​នោះ​ទេ​​ ។

អ្នក​ខ្លះ​​ទៀត​​បាន​អះ​អាងនៅ​មុខ​​មន្ត្រី​​សង្កាត់​ទួល​សង្កែ​​​​ឱ្យ​ដឹង​​ថា ​នេះ​ជា​កា​រធ្វេស​ប្រហែស​​របស់​ឈ្មោះ​​ទា វណ្ណា​រ៉ា ​ដែល​តែង​តែ​​ដាំ​​ស្លរ​​ ហើយ​ទុក​ចោល​​​រវល់​​មក​លក់​​ដូរ​ ព្រោះ​​កន្លង​មក​​​ភ្លើង​​ធ្លាប់​​បាន​ឆាប​ឆេះ​​ចំនួន​​៤​ដង​​​មកហើយ ​គិត​​ទាំង​លើក​នេះ​ តែ​ជួយ​ពន្លត់​​​ទាន់ និង​​លើក​នេះ​ធ្ងន់​​​​ធ្ងរ​​មិន​អាច​​ពន្លត់​​បាន​​ ។​

​គួរ​បញ្ជាក់​​ថា កាល​ពី​​វេលាម៉ោង​​២​និង​​៣០​នាទី​​រសៀល​ថ្ងៃ​​ទី​​​២៣ ​ខែកក្កដា ឆ្នាំ​​២០១២​ ​ផ្សារ​ទួល​​សង្កែ​​ត្រូវ​អគ្គី​ភ័យ​​ឆាប​ឆេះ​ បណ្តាល​ឱ្យ​​តូប​​ចំនួន​​៩​​ និង​លំនៅ​ឋាន​​ចំនួន​​៥៧​ខ្នង​​ត្រូវ​ព្រះ​​អគ្គី​បំផ្លាញ​​ទាំង​ស្រុង​​ ហើយ​ប្រជា​ពលរដ្ឋ​​ចំនួន​​១៣៩​គ្រួសារ​​ដែល​ជា​​ម្ចាស់​ផ្ទះ​ និង​ជួល​​ស្នាក់​នៅ​អត់​ទី​ជម្រក​​ និង​​បំផ្លិច​បំផ្លាញ​​អស់​ទ្រព្យ​សម្បត្តិ​​​ប្រមាណ​​​ជាង​​១​លាន​ដុល្លារ​ ។ ​រហូត​​ដល់​ពេល​នេះ​​ពុំ​ដឹង​​ពី​មូល​ហេតុ​​ នឹង​​កំពុង​ប្តឹង​​ផ្តល់​គ្នា​​ទៅវិញ​ទៅ​មកនៅ​ឡើយ​​ ។​​

​វិបត្តិ​​​ភ្លើង​​ឆេះ​ផ្សារ​​ទួល​សង្កែ​នេះ​​​ សាលា​រាជ​ធានី​ភ្នំពេញ​​​កាល​ពី​ថ្ងៃទី​​៣១ កក្កដា​​​ បាន​ចេញ​សេចក្តី​​​ប្រកាស​​ព័ត៌មាន​​មួយ​ជា​​ការ​ឆ្លើយ​ត​ប​​នឹង​ការ​លើក​ឡើង​​របស់​បុគ្គល​​​​មួយ​ចំនួន​​ដែល​បាន​អះ​អាង​ថា«សមត្ថកិច្ច​​មិន​បាន​បំពេញ​​តួនាទី​របស់​ខ្លួន បែរ​ជា​ទារ​ប្រាក់​​ដោយ​មិន​បាន​​បាញ់​ទឹក​​ពន្លត់​អគ្គិភ័យ​ភ្លាម​ៗ​​ និង​បាញ់​ទឹក​​​តែ​ផ្ទះ​ណា​​ឱ្យ​លុយ​ប៉ុណ្ណោះ» ។ ការ​​ចោទ​ប្រកាន់​នេះ​ត្រូវ​​​បាន​សេចក្តី​​​ប្រកាស​ព័ត៌មាន​ចាត់​ទុក​​​ថា​ ជា​កា​រ​រិះ​គន់​គ្មាន​​មូល​ដ្ឋាន​​ និង​ពុំ​មាន​​ចេតនា​ល្អ​ក្នុងការ​​រិះ​រក​ភាព​​រីក​ចម្រើន​​ឡើយ ។

សេចក្តី​​ប្រកាស​​ព័ត៌មាន​​បន្ត​ថា រថយន្ត​​​ពន្លត់​អគ្គិភ័យ​​របស់​ចំណត​យន្ត​ហោះ​​អន្តរជាតិ​ភ្នំពេញ​ រថយន្ត​ពន្លត់​អគ្គិភ័យ​​​កង​រាជ​​អាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ រថយន្ត​ពន្លត់​អគ្គិភ័យ​​​របស់​ក្រសួង​មហា​ផ្ទៃ​​ និង​រថយន្ត​ពន្លត់​​អគ្គិភ័យ​​របស់​ខេត្ត​កណ្តាល បាន​ចូល​រួម​ក្នុង​​ការ​បាញ់​​ទឹក​ពន្លត់​ភ្លើង​នេះ​ ។ បើ​គ្មាន​​​ការ​ខិត​ខំ​​បែប​នេះ​ទេ​ ប្រហែល​ជា​​អគ្គិភ័យ​​មិន​អាច​បញ្ចប់​​ក្នុង​រយៈពេល​​២ម៉ោងឡើយ​​ ហើយ​ភាព​​អន្តរាយ​​​ផ្ទះ​សម្បែង​​ និង​ទ្រព្យ​សម្បត្តិ​មិន​មាន​​ទំហំ​​ប៉ុណ្ណោះទេ ។

ទោះ​​បី​ជា​​បែប​ណា​ សេចក្តី​​ប្រកាស​ព័ត៌មាន​បន្ត​ទៀត​ថា ដើម្បី​​ជា​មធ្យោ​បាយ​​ក្នុង​​​ការ​អភិវឌ្ឍនិង​លើក​ទឹក​ចិត្ត​ដល់​សមត្ថ​កិច្ច​​​ក្នុងការ​បំពេញ​​​ការងារ​ ប្រជាពលរដ្ឋ​​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ ហើយ​មន្ត្រី​សមត្ថកិច្ច​​ណា​ទារ​ប្រាក់​ពី​ប្រជា​​ពលរដ្ឋ​​ គួរ​តែ​សរសេរ​ជាលាយ​លក្ខ​អក្សរ​​បែប​អនាមិក​​ផ្តល់​ជូន​​​មក​សាលា​រាជ​ធានី​ភ្នំពេញ​ពី​ឈ្មោះ និង​លេខ​រថយន្ត​​របស់​មន្ត្រី​ខិល​ខូច​នោះ ដើម្បី​ចាត់​វិធានការ​​​​ និងដាក់​វិ​​ន័យ​​ជន​​ដែល​ធើ្វ​ឱ្យ​​​​ប៉ះពាល់​ដល់​កិត្តិយស​​សមត្ថ​កិច្ច​ ។ សាលា​រាជ​ធានីភ្នំពេញ​​សង្ឃឹម​​ជឿ​ជាក់​ថា  សាធារណជន​នឹង​ចូល​រួម​​សហការ​ផ្តល់​​ព័ត៌មាន​​​ដើម្បី​​​ឱ្យសកម្មភាព​​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​​រង​គ្រោះ​​ដោយ​អគ្គិភ័យ​កាន់​តែ​​មាន​ប្រសិទ្ធភាព ៕