ខេត្តសៀមរាប ៖ ស្ត្រីជាកូនបំណុលក្នុងសំណុំរឿងព្រហ្មទណ្ឌម្នាក់ ត្រូវកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី រាជ ចន្ថា ជានាយការិយាល័យបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១ សីហា កន្លងទៅនេះ ពីបទចេញមូលប្បទានបត្រអត់ទឹកប្រាក់ ហៅសែកស្អុយ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តឱ្យដឹងថា ស្ត្រីរូបនេះឈ្មោះសោម ប៊ុនធាន អាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៦៩ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ការឃាត់ខ្លួនស្ត្រីជាប់ចោទបញ្ជូនទៅតុលាការនេះ គឺយោងតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ៣១៦ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ ចេញដោយលោករ៉ែម សុភ័ក្តិ ចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្ត ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៤៦៤ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ពីបទចេញមូលប្បទានបត្រអត់ទឹកប្រាក់ចំនួន១៣.០០០ដុល្លារ ។
ទាក់ទិនទៅនឹងដំណើររឿងរហូតឈានដល់ការចាប់ឃាត់ខ្លួននេះត្រូវបានម្ចាស់បំណុលឈ្មោះប្រាក់ វុទ្ធី ឱ្យដឹងថា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១១ ស្ត្រីឈ្មោះសោម ប៊ុនធាន បានទៅសុំខ្ចីប្រាក់របស់គាត់ចំនួន១៣.០០០ដុល្លារអាមេរិក ដោយសន្យាសងវិញតាមរយៈការផ្តល់មូលប្បទានបត្រ១សន្លឹកឱ្យខ្លួនជាម្ចាស់លុយទៅបើកយកពីធនាគារ ។ លុះដល់ថ្ងៃកំណត់ រូបគាត់ជាម្ចាស់បំណុលបានយកមូលប្បទានបត្រ (សែក)នោះទៅធនាគារដើម្បីបើកយកលុយវិញ តែពេលខាងធនាគារពិនិត្យប្រាប់ថា សែកនេះពុំមានទឹកប្រាក់ទេ ទើបដឹងថាចាញ់បោកក៏បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្ត និងឈានដល់ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ។ លោកប្រាក់វុទ្ធី រៀបរាប់ទៀតថា កន្លងមកប្រហែលជាចង់កាឡៃសំណុំរឿង ដើម្បីគេចពីការទទួលខុសត្រូវជាកូនបំណុល ស្ត្រីឈ្មោះសោម ប៊ុនធាន នេះបានប្រើល្បិចមូលបង្កាច់ប្តឹងប៉ូលិសឱ្យចាប់គាត់ជាម្ចាស់លុយយកទៅឃុំខ្លួនយ៉ាងអយុត្តិធម៌នៅក្នុងពន្ធនាគារខេត្តអស់រយៈពេល២យប់១ថ្ងៃ ដោយគ្មានដីកាអ្វីទាំងអស់ ។
តាមប្រភពពីម្ចាស់បំណុលឱ្យដឹងថា កន្លងមកតាមរយៈការប្រើល្បិចក្លែងបន្លំមូលប្បទានបត្រក្លែងក្លាយអត់សាច់ប្រាក់ដូចគ្នានេះ ស្ត្រីឈ្មោះសោម ប៊ុនធាន បានដើរបោកប្រាស់យកលុយគេមិនតិចទេ គឺមានជនរងគ្រោះជាច្រើនផ្សេងទៀត ក្នុងនោះក៏មានម្ចាស់បំណុលម្នាក់ឈ្មោះលុន ខេមា អស់ចំនួន៤៣.០០០ដុល្លារអាមេរិកដែរ ។
គួរបញ្ជាក់ថា ការបញ្ជូនស្ត្រីជាប់ចោទពីបទប្រើសែកស្អុយអត់ទឹកប្រាក់ទៅសាលាដំបូងនេះគឺធ្វើឡើងបន្ទាប់ពីឃាត់ខ្លួនបាននាវេលាម៉ោង១០ព្រឹកថ្ងៃទី១ សីហា នៅក្នុងក្រុងសៀមរាប ។ ទោះបីជាបែបណា គេមិនទាន់ដឹងថា តុលាការនឹងចាត់ការបែបណានោះទេ ហើយពេលនេះស្ត្រីជាប់ចោទកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ ៕
ចែករំលែកព័តមាននេះ