រាជធានីភ្នំពេញ ៖សិល្បករល្ខោនបាសាក់លោក សាំង សូស័ក្តិ ដែលល្បីល្បាញដោយសារមានប្រពន្ធ៩នាក់ និងមានកូនដល់ទៅជិត៤០នាក់ ជាជាងល្បីដោយសារអាជីពសិល្បៈបុរាណរបស់គាត់ដែលពុំសូវមានការពេញនិយមនោះ កំពុងញាំញីដោយជំងឺរលាកសួតធ្ងន់ ។ លោកសូស័ក្តិ ត្រូវក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានី កាលពីថ្ងៃទី២៩ កក្កដា ។
តាមក្រុមគ្រួសារឱ្យដឹងថា សិល្បករល្ខោនបាសាក់រូបនោះធ្លាក់ខ្លួនឈឺខកខានសម្តែង ឬប្រកបអាជីពប្រចាំថ្ងៃផ្សេងទៀតជាយូរមកហើយ ដោយលោកមានអាការក្អកខ្លាំងនិងឆាប់ហត់។ ក្រុមគ្រួសារសម្រេចនាំគាត់ទៅមន្ទីរពេទ្យ ហើយតាមរយៈការពិនិត្យគ្រូពេទ្យបញ្ជាក់ថា លោករលាកសួតធ្ងន់ធ្ងរ ។
ថ្វីបើលោកសូស័ក្តិ មានប្រពន្ធច្រើន តែនៅមន្ទីរពេទ្យមានតែប្រពន្ធបីនាក់ប៉ុណ្ណោះនៅកំដរ។
នៅព្រឹកថ្ងៃទី២ សីហា លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានដឹកនាំសិល្បករ សិល្បការិនីដែលជាសមាជិកនៃសមាគមមួយចំនួនទៅសួរសុខទុក្ខលោកសាំង សូស័ក្តិ និងក្រុមគ្រួសារ រួមទាំងផ្តល់អំណោយរបស់សមាគមចំនួន១០ម៉ឺនរៀល ព្រមទាំងប្រាក់ផ្ទាល់លោករបស់សុះ ម៉ាច ចំនួន១០ម៉ឺនរៀល និងប្រាក់របស់សិល្បករ សិល្បការិនី ដែលទៅសួរសុខទុក្ខផ្ទាល់នោះចំនួន៨ម៉ឺនរៀលទៀត ។
លោកសុះ ម៉ាច បានសំណូមពរដល់សិល្បករ សិល្បការិនីនានាឱ្យអញ្ជើញទៅសួរសុខទុក្ខដល់លោកគ្រូល្ខោនបាសាក់ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនេះផង ដើម្បីផ្តល់កម្លាំងចិត្តឱ្យគាត់បានឆាប់ជាសះស្បើយ រួមចំណែកក្នុងវិស័យសិល្បៈតទៅទៀត ។
លោកសាំង សូស័ក្តិ បានថ្លែងអំណរគុណចំពោះសិល្បករ សិល្បការិនី ព្រមទាំងសប្បុរសជនទាំងអស់ និងសារព័ត៌មានកោះសន្តិភាពដែលតែងតែនាំយកអំណោយជូនដល់សិល្បករ សិល្បការិនីចាស់ជរា មានទុក្ខលំបាកជាច្រើននាក់កន្លងមក ព្រមទាំងចំពោះរូបលោកផងដែរ ។ ទន្ទឹមនឹងនេះលោកបួងសួងដល់វត្ថុសក្តិសិទ្ធិគ្រប់ទិសទីឱ្យជួយតាមបីបាច់ថែរក្សាសប្បុរសជនទាំងអស់ឱ្យជួបតែសេចក្តីសុខ និងជោគជ័យក្នុងអាជីព ។
លោកសាំង សូស័ក្តិ អាយុ៦១ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោរាជធានីភ្នំពេញ ។ ថ្វីបើសិល្បកររូបនេះ មានប្រពន្ធ៩នាក់ នៅជុំគ្នា ព្រមទាំងមានកូនប្រុស-ស្រីជិត៤០នាក់ និងចៅជាង១០នាក់ទៀត តែលោកដឹកនាំក្រុមគ្រួសារបានយ៉ាងល្អ។ លោកសូស័ក្តិ ប្រកបរបរជាគ្រូមន្តអាគម ទស្សន៍ទាយ ពិសេសដឹកនាំកូនៗសម្តែងល្ខោនបាសាក់រហូតដល់ពេលធ្លាក់ខ្លួនឈឺ ។
លោកសាំង សូស័ក្តិ ធ្វើឱ្យមានការភ្ញាក់ផ្អើលចាប់អារម្មណ៍លើរូបលោកកាលពីប៉ុន្មានឆ្នាំមុន នៅពេលគេដឹងថាលោកមានប្រពន្ធច្រើនដល់ទៅ៩នាក់ និងមានកូន-ចៅជាង៤០នាក់ ។ ថ្វើបើមានសមាជិកគ្រួសារច្រើននៅជុំគ្នាបែបនេះក្តី តែលោកអាចគ្រប់គ្រងបាន ជាពិសេសលើផ្នែកជីវភាពតាមរយៈអាជីពសម្តែងល្ខោនបាសាក់ និងការទស្សន៍ទាយរបស់គាត់ ។
ពេលនេះស្តេចល្ខោនដ៏ល្បីល្បាញលោកសាំង សូស័ក្តិ ធ្លាក់ខ្លួនឈឺពុំអាចសម្តែងសិល្បៈល្ខោនបាសាក់បានទៀតទេ ប៉ុន្តែគេសង្ឃឹមថា គាត់នឹងបានជាសះស្បើយឡើងវិញ បន្តអាជីពសិល្បៈរបស់គាត់ទៀត៕


ចែករំលែកព័តមាននេះ