ខេត្តកំពង់ចាម ៖ បុរសទំនើង២នាក់បានរងរបួសធ្ងន់សន្លប់នៅនឹងចិញ្ចើមផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខណៈស្រវឹងស្រាជិះម៉ូតូសេ១០០កូរ៉េ ពណ៌ក្រហម១គ្រឿងមិនពាក់ស្លាកលេខ ទៅបុកបង្គោលបេតុងសុវត្ថិភាពចរាចរណ៍ពេញទំហឹងលាន់ដូចរន្ទះ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១ សីហា ២០១២ ។
តាមលោកអនុសេនីយ៍ឯក សូ សារ៉ាត់ អធិការរងនគរបាលស្រុកត្បូងឃ្មុំ ទទួលផែនសណ្តាប់ធ្នាប់ប្រាប់ឲ្យកោះសន្តិភាពដឹងថា ជនរងគ្រោះមាន ១-ឈ្មោះរុន សាមុល អាយុ៤៤ឆ្នាំ រស់នៅភូមិ៤៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ជាអ្នកបើកម៉ូតូ និង២-ឈ្មោះញឹម សាម៉េន អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នាដេកសន្លប់ស្តូកស្តឹងទាំង២នាក់ នៅចិញ្ចើមផ្លូវត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ 7D។
លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំ ប្រាប់បន្តថា តាមសាក្សីឃើញហេតុការណ៍ឱ្យដឹងថា បុរសទាំង២នាក់ខាងលើជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។ ស្របពេលដែលបើកមកដល់ភូមិស្រែសៀមចំណុចផ្លូវកោងទាញចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលបេតុងសុវត្ថិភាពចរាចរណ៍លាន់ដូចរន្ទះ បណ្តាលឲ្យបុរសទំនើងទាំង២នាក់ផ្លោងចេញពីម៉ូតូសន្លប់តែម្តង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ