ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​កីឡា​បាល់​ទះ​​ពាន​រង្វាន់​ Leo-Cup National Volleyball ឈាន​ចូល​​ដល់​វគ្គ​​1/4​ផ្តាច់​ព្រ័ត្រ​​ហើយ

13 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖​​ ​ការ​ប្រកួត​កីឡា​​បាល់​ទះ​​ពាន​រង្វាន់​​ Leo-Cup National Volleyball ធ្វើ​នៅ​ទី​លាន​​បុរីសុភមង្គ​ល​ Beeline Arena ស្ថិត​​ក្នុង​សង្កាត់​ជោយ​ចង្វា ខណ្ឌ​ឬ​ស្សីកែវ សម្រាប់​ថ្ងៃទី​២ សីហា កន្លង​ទៅ​នេះ ​​បាន​ឈាន​ចូល​ដល់​វគ្គ​​ ១/៤ ផ្តាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​១ សីហា ។

ក្រុម​​ដែល​​បាន​ចូល​មក​ដល់​​វគ្គ ១/៤ ផ្តាច់​ព្រ័ត្រ​នេះ គឺ​​ក្រុម​បញ្ជាការ​ដ្ឋាន​​អង្គ​រក្ស​​ដែល​ជា​ក្រុម​​លេខ​១​ពូល​ A ត្រូវ​​ប្រកួត​ជា​មួយ​ក្រុម​​នាគ​សមុទ្រ​បញ្ជា​ការដ្ឋាន​​កង​ទ័ព​ជើង​ទឹក ដែល​ជា​ក្រុម​លេខ​​២​ក្នុង​ពូល C និង​ក្រុម​កង​ពល​ធំ​អន្តរា​គមន៍​​លេខ​៣ ដែល​ជា​ក្រុម​លេខ​១ ស្ថិត​ក្នុង​ពូល B ប្រកួត​ជា​មួយ​ក្រុម​សាកល​វិទ្យា​ល័យ​ចេន​ឡា​ ដែល​ជា​ក្រុម​លេខ​២ ក្នុង​ពូល​ D ។

ចំណែ​​កក្រុម​​ដែល​បាន​ចំណាត់​ថ្នាក់​លេខ​១ ស្ថិត​ក្នុង​ពូល C ក្រសួង​​មហា​ផ្ទៃ​ ប្រកួត​ជា​មួយ​ក្រុម​​​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជា​ក្រុម​លេខ​២ ស្ថិត​ក្នុង​ពូល​ A និង​មួយ​ក្រុម​ទៀត​ គឺ​ក្រុម​សាលា​ខេត្ត​កំពង់​ចាម ដែល​ជា​ក្រុម​​លេខ​១​ ក្នុង​​ពូល D ប្រកួត​ជា​មួយ​ក្រុម​កង​ពល​តូច​លេខ​៣១ ដែល​ជា​ក្រុម​លេខ​២​ ក្នុង​ពូល​ B ។ក្រុម​កីឡា​បាល់​ទះ​​ទាំង​៨​ក្រុម​នេះ បើ​ក្រុម​ណា​ចាញ់​ គឺ​ហាល​អាវ​ហើយ ចំពោះ​ក្រុម​ដែល​ឈ្នះ​បាន​ឡើង​​​ទៅ​លេង​​បន្ត​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទៀត ។

គួរ​បញ្ជាក់​ថា ព្រឹត្តិ​ការណ៍​​នៃ​ការ​ប្រកួត​​កីឡា​បាល់​ទះ​​ដណ្តើម​ពាន​រង្វាន់​​ស្រា​បៀរ​ Leo ដែល​គេ​​ប្រសិទ្ធ​នាម​ថា Leo-Cup National Volleyball នេះ ចែក​ជា​២​ដំណាក់​កាល​ដែល​ដំណាក់​កាល​ទី​១ ប្រកួត​ជម្រុះ​​តាម​ភូមិ​ភាគ​ចំនួន​៥​ ។ ក្នុង​ការ​ប្រកួត​ដំណាក់​កាល​ទី​១ នេះ ភូមិ​ភាគ​​រាជ​​ធានី​ភ្នំពេញ យក​៨​ក្រុម ចំពោះ​ភូមិ​ភាគ​៤​ទៀត​​ក្នុង​១​ភូមិ​ភាគ​​យក​តែ​៤​ក្រុម​ប៉ុណ្ណោះ ។ សរុប​​ទាំង​៥​ភូមិ​ភាគ​មាន​ចំនួន​២៤​​ក្រុម​សម្រាប់​ឡើង​​មក​ប្រកួត​ដំណាក់​កាល​​ទី​២​នៅ​រាជ​ធានី​ភ្នំពេញ​ ។

ការ​ប្រកួត​​ដំណាក់​កាល​​ទី១ សម្រាប់​​ភូមិ​ភាគ​​រាជ​ធានី​ភ្នំពេញ ចាប់​ប្រកួត​​ពី​ថ្ងៃ​ទី​១៣ ដល់​១៩ ឧសភា ឆ្នាំ​២០១២ នៅ​ស្តាត​ចាស់ ។ ភូមិ​ភាគ​បាត់​ដំបង​ប្រកួត​ពី​ថ្ងៃទី​​២៨ ឧសភា ដល់​ថ្ងៃទី​២ មិថុនា ។ ភូមិ​ភាគ​ខេត្ត​សៀម​រាប ប្រកួត​ពី​ថ្ងៃទី​១១ ដល់​១៦ មិថុនា ។ ភូមិ​ភាគ​ខេត្ត​កំពង់​ចាម ប្រកួត​​ពី​ថ្ងៃទី​២៥ ដល់​៣០​​ មិថុនា និង​ភូមិ​ភាគ​ខេត្ត​ព្រះ​សីហនុ​ ប្រកួត​ពី​ថ្ងៃទី​៩ ដល់​១៤ កក្កដា ។ ក្រុម​ដែល​ដណ្តើម​​បាន​ជើង​ឯក​​នឹង​ទទួល​បាន​រង្វាន់​​ចំនួន​៤០​លាន​រៀល​ ក្រុម​ចំណាត់​ថ្នាក់​លេខ​២ ទទួល​បាន​១០​លាន​រៀល ក្រុម​ចំណាត់​ថ្នាក់​លេខ​៣ ទទួល​បាន​៤​លាន​រៀល និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​៤ ទទួល​បាន​​​២​លាន​រៀល ៕