រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈពេលដែលជននេះផ្លោះចូលផ្ទះជួលរបស់នារីវ័យក្មេងម្នាក់កំពុងដេកក្នុងស្ថានភាពស្រវឹងពេលត្រឡប់មកពីធ្វើការវិញ ដោយខាងស្រីចោទប្រកាន់ពីបទប៉ុនប៉ងបៀតបៀនកេរ្តិ៍ខ្មាស ដែលហេតុការណ៍នេះបង្កឱ្យមានការផ្អើលឆោឡោកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ សីហា នៅផ្ទះលេខ40BE2 ផ្លូវលេខ១៣៨ ភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។
នារីរងគ្រោះអាយុ១៧ឆ្នាំ ជាបុគ្គលិកបម្រើការនៅភោជនីយដ្ឋានច្រឡំគូដែលមានទីតាំងនៅជិតកន្លែងកើតហេតុ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ចំណែកជនល្មើសមានឈ្មោះរិន ដានិត ហៅប៉ ភេទប្រុស អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១ ជំនាញ IT នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្នាក់នៅកន្លែងកើតហេតុត្រូវជាក្មួយរបស់ម្ចាស់ផ្ទះ ។
បើតាមសាក្សីឈ្មោះរស្មី ធីតា ហៅអាវី ភេទស្រី អាយុ១៨ឆ្នាំ ជាបុគ្គលិកធ្វើការតាមហាង ស្នាក់នៅជាមួយនារីរងគ្រោះត្រូវជាមិត្តភក្តិឱ្យដឹងថា នៅយប់កើតហេតុពេលនារីរងគ្រោះត្រឡប់មកពីធ្វើការវិញ បានមកសម្រាកក្នុងផ្ទះក្រៅបន្ទប់ស្រាប់តែឃើញជនសង្ស័យឈ្មោះរិន ដានិត នៅអង្គុយជិតនាងហើយផឹកភេសជ្ជៈសាមូរ៉ៃដាក់ចូលក្នុងមាត់ខ្លួនឯង ហើយខ្ពុរដាក់ចូលក្នុងមាត់នារីរងគ្រោះ ទំនងដូចជាដាក់ថ្នាំសម្រើបលាយជាមួយផង។ ដោយឃើញបែបនេះពួកនាងក៏រត់ទៅប្តឹងប៉ូលិស ទើបមានការឃាត់ខ្លួនបែបនេះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ