ជប៉ុន បានសម្រេចចិត្តប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់គណៈកម្មការឱ្យពិន្ទុលើវិញ្ញាសាកីឡាប្រដាល់ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងឡុងឆ្នាំ២០១២ បន្ទាប់ពីកីឡាកររបស់ខ្លួន Satoshi Shimizuត្រូវកាត់សេចក្តីឱ្យចាញ់កីឡាករអាស៊ែបៃហ្សង់ Magomed Abdulhamidov ធ្លាក់ចេញពីជុំទី២ប្រភេទទម្ងន់៥៦គីឡូក្រាម កាលពីថ្ងៃពុធទី១សីហា ។
មិនមែនត្រឹមតែក្រុមជប៉ុននិងកីឡាករSatoshi Shimizuទេ ដែលមិនពេញចិត្តនឹងលទ្ធផលនៃការឱ្យពិន្ទុនោះ ក្រុមអ្នកទស្សនានៅនឹងកន្លែង(សង្វៀន Excel Arenaក្នុងទីក្រុងឡុង)ចំនួន១ម៉ឺននាក់ ក៏បានបង្ហាញពីការមិនយល់ស្របរបស់ពួកគេដែរ ។
អ្នកនាំពាក្យរបស់សមាគមកីឡាប្រដាល់សាកលអន្តរជាតិ(AIBA)បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ជប៉ុនបានប្តឹងឧទ្ធរណ៍ ហើយពាក្យបណ្តឹងនោះនឹងបើកការជំនុំជម្រះបន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ។
លោក Masamori Yamane ប្រធានដឹកនាំក្រុមអត្តពលិកជប៉ុនបានពន្យល់ពីមូលហេតុដែលក្រុមខ្លួនដាក់ពាក្យបណ្តឹងដោយបញ្ជាក់ថា ៖«មូលហេតុចម្បងគឺថា កីឡាករអាស៊ែបៃហ្សង់ Abdulhamidovបានដួលជាច្រើនលើក ហើយមិនត្រូវបានអាជ្ញាកណ្តាលរាប់ទេ ។ មូលហេតុទី២គឺ វិធីដែលអាជ្ញាកណ្តាលធ្វើ មិននាំឱ្យសប្បាយចិត្តដែលគួរទទួលយកបានទេ »។
Shimizu ចូលក្នុងទឹកផ្តាច់ព្រ័ត្រ បានតាមពីក្រោយក្នុងលទ្ធផលពិន្ទុ ១២-៥ ប៉ុន្តែបន្ទាប់មកគេបានគ្របសង្កត់លើ Abdulhamidov ដែលអស់កម្លាំងស្ទើររលីងពីខ្លួន និងធ្វើឱ្យគូប្រកួតរូបនេះដួលលើក្តាររេញជាញឹកញាប់។ទោះជាយ៉ាងណា នៅក្នុងទឹកនេះ គេត្រូវបានអាជ្ញាកណ្តាលកាត់អស់២ពិន្ទុ ។យ៉ាងណាក៏ដោយ កីឡាករAbdulhamidovបានត្រូវបានគេកាត់ក្តីឱ្យក្លាយជាអ្នកឈ្នះការប្រកួតដោយពិន្ទុ ២២ទល់នឹង១៧ ។ លទ្ធផលនេះបាននាំឱ្យ Shimizuស្រឡាំងកាំងហើយ Abdulhamidov វិញត្រូវបានគេសើចចំអកទុកដូចជាមនុស្សអាក្រក់ដែលធ្វើគធ្វើថ្លង់ ។
Shimizu និយាយថា៖«ខ្ញុំខឹងខ្លាំងណាស់។ ខ្ញុំរន្ធត់ចំពោះលទ្ធផល ហើយខ្ញុំបានសួរអាជ្ញាកណ្តាលថា ខ្ញុំស្តាប់ច្រឡំឬយ៉ាងណា ។ កីឡាករ Abdulhamidovត្រូវខ្ញុំវាយឱ្យដួលច្រើនលើក(៥ដង)នៅទឹកផ្តាច់ព្រ័ត្រ ការប្រកួតគួរតែត្រូវបានបញ្ឈប់។ ហេតុអ្វីបានជាខ្ញុំមិនអាចឈ្នះ? ខ្ញុំមិនយល់? ។
ឆ្លងកាត់ការប្រកួត៥ថ្ងៃមកនេះ ជប៉ុនស្ថិតនៅលំដាប់ទី៩លើតារាងមេដាយរួម ដោយមានមាស២ ប្រាក់៤ សំរឹទ្ធិ១១។ សរុបមេដាយដែលដណ្តើមបានមាន ១៧គ្រឿង ។ វិញ្ញាសាដែលជប៉ុនដណ្តើមបានមេដាយមានដូចជា បាញ់ព្រួញ កាយសម្ព័ន្ធ-សិល្បៈ យូដូ ហែលទឹក និងលើកទម្ងន់ ៕


ចែករំលែកព័តមាននេះ