រាជធានីភ្នំពេញ ៖ រនាំងដែកចែកទ្រូងផ្លូវដែលសាលារាជធានីភ្នំពេញរៀបចំឡើងសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្រាប់សោភ័ណភាពតាមផ្លូវសាធាណៈនោះ បែរជាត្រូវរងគ្រោះស្ទើរតែរាល់យប់ថ្ងៃ ដោយត្រូវគេបើករថយន្ត ឬម៉ូតូបុកឱ្យបាក់ខូចខាតដែលបណ្តាលមកពីអ្នកបញ្ជាយានយន្តមិនគោរពច្បាប់ចរាចរណ៍ ពិសេសអ្នកស្រវឹងតែម្តង ។ ជាក់ស្តែងយុវវ័យ១គូស្រវឹងជោក ជិះរថយន្តកូរ៉ូឡា១គ្រឿង បើកបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៥ផ្ទាំង កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី២ សីហា នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមការអះអាងពីសមត្ថកិច្ចឱ្យដឹងថា រថយន្តម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ១គ្រឿង បើកបរដោយបុរសម្នាក់ឈ្មោះ ធុច វ៉ាន់ថា អាយុ២៥ឆ្នាំ ជាបុគ្គលិកក្លិបឌីស្កូទ្រីម៉ាត មានទីលំនៅផ្ទះលេខ១៩ ផ្លូវលេខ៥៥៤ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។ អ្នកបើកបរស្រវឹងធ្លាក់ភ្នែករួមដំណើរដោយស្រីស្នេហ៍ម្នាក់ក៏ស្រវឹងធ្លាក់ភ្នែកដេកលក់អត់ដឹងខ្លួនផងដែរ ។
ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្តរូបនោះ ធ្វើការពេលយប់នៅក្នុងក្លិបខាងលើ ហើយមិនទាន់បានដេកពួនទេបានបើករថយន្តជូនសង្សារចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះនៅក្នុងភូមិសាស្រ្តសង្កាត់ចោមចៅ តែមិនបានទៅផ្ទះភ្លាមទេ បែរជាបន្តទៅលេងផ្ទះមិត្តភក្តិរួចបានជិះរថយន្តត្រឡប់មកវិញ ។ ពេលកំពុងបើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនគួរសមដោយសារតែអត់បានដេកពេញមួយយប់និងស្រវឹងផងនោះ លុះដល់ចំណុចកើតហេតុអ្នកបើកបរបានងោកមួយភាំងក៏ជ្រុលចង្កូតទៅបុករះរនាំងដែកពុះ ចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យបាក់អស់៥ផ្ទាំង ចំណែករថយន្តបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឱ្យអ្នកបើកបរ និងស្រីស្នេហ៍រងរបួស ។
ក្រោយពេលកើតហេតុ អ្នកបើកបរត្រូវប៉ូលិសចរាចរខណ្ឌពោធិ៍សែនជ័យ ពិនិត្យជាតិអាកុល បន្ទាប់មកបញ្ជូនទាំងមនុស្សនិងរថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ