ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ជាជំនួយការស្មៀនឃុំត្រពាំងជោរ ត្រូវជំទប់ទី២ គណបក្សសិទ្ធិមនុស្សវាយបណ្តាលឱ្យស្លាប់នៅនឹងកន្លែង ខណៈឈ្លោះប្រកែកគ្នារឿងអត្រានុកូលដ្ឋាន កាលពីវេលាម៉ោង២រសៀលថ្ងៃទី២ សីហា ២០១២ នៅក្នុងបរិវេណសាលាស្រុកឱរ៉ាល់ ។
ជនដៃដល់ឈ្មោះសូត្រ ចន្ថា ភេទប្រុស អាយុ៤៣ឆ្នាំ ជាជំទប់ទី២ គណបក្សសិទ្ធិមនុស្សមានទីលំនៅឃុំត្រពាំងជោរ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះលីម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជំនួយការស្មៀនឃុំត្រពាំងជោរ មានទីលំនៅភូមិឈើទាលជ្រុង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។ ប្រភពព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុសាលាស្រុកឱរ៉ាល់មានបើកវគ្គបណ្តុះបណ្តាលស្តីពីអត្រានុកូលដ្ឋាន ដោយមានជនដៃដល់ និងជនរងគ្រោះចូលរួម ។ លុះចេញមកវិញ មិនដឹងជាយ៉ាងម៉េច ស្រាប់តែជនដៃដល់ និងជនរងគ្រោះប្រកែកគ្នាពីរឿងអត្រានុកូលដ្ឋាន រហូតជនដៃដល់វាយជនរងគ្រោះមួយដៃសន្លប់ ហើយធាក់មួយជើងចំប្លោកនោមបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ