ខេត្តកោះកុង ៖ បុរសម្នាក់ឈ្មោះសោម វិសាល អាយុ២៨ឆ្នាំ ជាអ្នកចាំចម្ការ នៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកឃាត់ខ្លួនកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣១ កក្កដា នៅក្នុងចម្ការត្រង់ចំណុចខាងលើបន្ទាប់ពីសមត្ថកិច្ចមានការសង្ស័យលើបុរសរូបនេះចេះតែយកឯកសណ្ឋានយោធាមានពាក់សក្តិ៤ព្យួរនៅក្នុងរថយន្តរបស់ខ្លួន ម៉ាកកូរ៉ូឡា ពណ៌ស និងពាក់ស្លាកលេខខេមរភូមិន្ទ០២.២.៨៩៧៦ ទៀតផង ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនបុរសរូបនេះ រួចហើយធ្វើការឆែកឆេរក្នុងរថយន្តឃើញមានអាយកូមចំនួន២ មួកយោធាចំនួន២ និងខ្នោះដៃ១នៅក្នុងរថយន្ត ប៉ុន្តែពេលសមត្ថកិច្ចស្វែងរកអត្តសញ្ញាណសម្គាល់ខ្លួន ឬអង្គភាពដែលបុរសរូបនេះបំពេញភារកិច្ច ទើបដឹងថាជាទាហានក្លែងបន្លំ ។ នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បុរសរូបនេះបានសារភាពថា រូបគេបានយកប្រាក់ចំនួន៥០០ដុល្លារទៅឱ្យឈ្មោះម៉ាប់ នៅរាជធានីភ្នំពេញ ដើម្បីទិញឈ្មោះបម្រើការងារជាយោធាសក្តិ៤ ហើយឯកសណ្ឋាននេះឈ្មោះម៉ាប់ ជាអ្នកផ្តល់ជូន ប៉ុន្តែពេលនេះឈ្មោះម៉ាប់ បានគេចខ្លួនបាត់ហើយ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ។
លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជាក់ថា បុរសរូបនេះមិនទាន់បានធ្វើសកម្មភាពអ្វីប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមទេ គឺគ្រាន់តែប្រើប្រាស់ឯកសណ្ឋានយោធាដោយគ្មានអង្គភាពពិតប្រាកដប៉ុណ្ណោះ ទោះបីបែបណា សមត្ថកិច្ចរបស់លោកត្រូវតែកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ