រាជធានីភ្នំពេញ ៖ សិស្សវិទ្យាល័យវត្តកោះម្នាក់ជិះម៉ូតូប៉ះដៃចង្កូតគ្នា បណ្តាលឱ្យដួលបោកក្បាលទៅនឹងចិញ្ចើមថ្នល់ស្លាប់យ៉ាងអាណោចអាធ័មនៅមុខសណ្ឋាគារកាំបូឌីយ៉ាណា តាមមហាវិថីព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១ សីហា ២០១២ ។
សាក្សីឃើញហេតុការណ៍និយាយថា នៅវេលាម៉ោងជាង១០យប់ថ្ងៃទី១ សីហា ២០១២ បានឃើញម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ស បើកដោយយុវជនម្នាក់ និងមិត្តភក្តិអង្គុយពីក្រោយជិះក្នុងល្បឿនលឿនចាក់គួរជុំវិញរង្វង់មូលរូបសំណាកសម្តេចសង្ឃជួន ណាត ជាច្រើនជុំ ហើយក៏បត់តាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិឆ្ពោះទៅព្រះបរមរាជវាំង ។ លុះមកដល់មុខសណ្ឋាគារកាំបូឌីយ៉ាណា ស្រាប់តែម៉ូតូស្មាស់វី បានជិះប៉ះដៃចង្កូតម៉ូតូសេដេមិនចាំពណ៌ បណ្តាលឱ្យយុវជនជាអ្នកបើកម៉ូតូជ្រុលទៅបុកចិញ្ចើមថ្នល់ដួលបោកក្បាលហូរឈាមស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម រីឯយុវជនម្នាក់ដែលអង្គុយពីក្រោយក៏ដួលបោកខ្លួនទៅលើថ្នល់ដេកសន្លប់ស្តូកស្តឹងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។ ចំណែកម៉ូតូសេដេដែលប៉ះជាមួយម៉ូតូស្មាស់វី នោះមិនបានដួលទេ បែរជាបន្ថែមល្បឿនបើកគេចបាត់ស្រមោលដោយសុវត្ថិភាព ។
នគរបាលខណ្ឌដូនពេញឱ្យដឹងថា យុវជនដែលស្លាប់ដោយសារដួលម៉ូតូបោកក្បាលនឹងចិញ្ចើមថ្នល់នោះមានឈ្មោះស៊ុន សម្ផស្ស អាយុ២៩ឆ្នាំ ជាសិស្សវិទ្យាល័យវត្តកោះថ្នាក់ទី១២ ស្នាក់នៅផ្ទះលេខ២២២ ផ្លូវលេខ១៣០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ចំណែកយុវជនអង្គុយពីក្រោយរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ជាសិស្សរៀនជាមួយយុវជនខាងលើ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ