រាជធានីភ្នំពេញ ៖ កញ្ញាកែវ ផល្លីកា ជាពិធីការិនីទូរទស្សន៍កំពុងប្រឹងប្រែងក្នុងអាជីពដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពឪពុកម្តាយដែលមានគុណក្នុងការបណ្តុះបណ្តាលនាងតាំងពីតូចមក ។ ដូច្នេះហើយនាងពុំទាន់យកចិត្តទុកដាក់រឿងស្នេហាទេ ដោយរង់ចាំរយៈពេលពីបីទៅបួនឆ្នាំទៀត ។
កញ្ញាកែវ ផល្លីកា ជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣ និងមានវ័យ២៣ឆ្នាំ ។ពិធីការិនីញញឹមចេញថ្ពាល់ខួចនេះមិនមែនជាអ្នកភ្នំពេញទេ គឺមានស្រុកកំណើតនៅខេត្តកំពង់ចាម ។ នាងបានចាកចេញពីស្រុកមកកាន់រាជធានីភ្នំពេញ តាំងពីឆ្នាំ១៩៩៨ ដើម្បីបន្តការសិក្សា ។ នៅឆ្នាំ២០០៧ ដោយមាននិស្ស័យស្រឡាញ់សិល្បៈ ផល្លីកា បានដាក់ពាក្យចូលរួមប្រកួតប្រជែងបង្ហាញសម្រស់ក្នុងកម្មវិធីហ្វ្រេស៊ី ។ នាងមានកម្ពស់១,៦៥ម៉ែត្រ ទ្រូងទំហំ៣២ ចង្កេះ២៧ និងត្រគាក៣៤ ។ ក្នុងកម្មវិធីប្រឡងនោះនាងមិនមានសំណាងដូចអ្នកដទៃទេ គឺទទួលបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រដោយបានត្រឹមតែជាប់ជាហ្វ្រេស៊ីថតរូបស៊ីកាមេរ៉ាប៉ុណ្ណោះ ។ បន្ទាប់មកនៅក្នុងឆ្នាំដដែលនោះស្ថានីយទូរទស្សន៍រាជធានីភ្នំពេញជ្រើសរូបនាងឱ្យធ្វើជាពិធីការិនីប្រចាំកម្មវិធីសិល្បៈមួយចំនួន គឺកម្មវិធី«ស្ត្រីពីនេះពីនោះ» កម្មវិធី«សោភ័ណជីវិត» កម្មវិធី«អាថ៌កំបាំងតារា» និងកម្មវិធី«hellohitich» ។
កញ្ញាផល្លីកា ឱ្យដឹងថា ក្រៅពីធ្វើជាពិធីការិនីនាងក៏ជាតារាសម្តែងកាយវិការខារ៉ាអូខេ សម្តែងរឿងភាគ និងថតស្ប៉តពាណិជ្ជកម្មផងដែរ ។ ដូច្នេះ រូបនាងមានគេស្គាល់ច្រើនហើយ ។ ជាពិសេសនោះឆ្នាំ២០១២នេះ ផល្លីកាអភិវឌ្ឍខ្លួនក្លាយជាអ្នកចម្រៀងកិត្តិយសនៅលើឆាកប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍នានាទៀតផង ។ ថ្វីបើនាងមិនមែនជាអ្នកចម្រៀងអាជីព តែមានទឹកដមសំឡេងពីរោះគួរសមដោយអាចច្រៀងបានទាំងបទឌីស្កូញ័រញាក់កន្ត្រាក់អារម្មណ៍ និងបទមនោសញ្ចេតនាសម័យថ្មី។
កញ្ញាកែវ ផល្លីកា កំពុងតែសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំទី២ផ្នែកទេសចរណ៍ ហើយទៅថ្ងៃអនាគតនាងចង់បានអាជីពជាពិធីការិនីផ្នែកទេសចរណ៍ ព្រោះនាងស្រឡាញ់អាជីពនេះតាំងពីក្មេងមក និងចង់ក្លាយជាមន្ត្រីរាជការនៅក្រសួងទេសចរណ៍ផងដែរ ។
ពិធីការិនីរូបនេះអះអាងថា បេះដូងរបស់នាងបើកចំហ ប៉ុន្តែទោះបីមានគេតាមសុំស្នេហ៍ច្រើនក្តី នាងមិនលង់ពាក្យលួងលោមប្រលោមស្នេហ៍ដោយងាយទេ គឺខ្លាចរងគ្រោះដោយការបោកប្រាស់ ។ កញ្ញាផល្លីកា កំណត់ក្នុងចិត្តរួចហើយថា នៅពេលនាងសិក្សាចប់ មានការងារធ្វើ និងមានអាយុ២៥ ឬ២៧ឆ្នាំ ទើបនាងគិតគូររឿងរៀបការ ។ សព្វថ្ងៃនាងខិតខំពង្រឹងអាជីពឱ្យជាប់លាប់ដើម្បីរកប្រាក់ចិញ្ចឹមឪពុកម្តាយឱ្យបានស្រួលបួលសិន ព្រោះពួកគាត់ទាំងពីរជាអ្នកមានគុណគ្មានអ្វីប្រៀបបានទេ ។ រឿងរៀបការចាំ៣ទៅ៤ឆ្នាំទៀត មិនទាន់ហួសពេលទេ ។
កញ្ញាកែវ ផល្លីកា ចូលចិត្តសម្លៀកបំពាក់សិចស៊ីបែបយុវវ័យសម័យថ្មី តែមិនហ៊ានបញ្ចេញដើមទ្រូងខ្លាំងពេកទេ ចំណែកពណ៌ដែលនាងចូលចិត្តគឺពណ៌ឆើតស្រស់ដូចជាពណ៌ផ្កាឈូក ក្រហម និងទឹកប៊ិចជាដើម ។ ពេលនេះផល្លីកា អះអាងថា ពុំទាន់មានអ្នកនៅក្នុងបេះដូង តែនាងរំពឹងថានៅពេលអនាគត នាងនឹងបានជួបបុរសល្អសម្រាប់យកធ្វើជាគូអនាគត ។ ចំណែកអាជីពក៏រំពឹងថានឹងបានប្រសើរឡើងផងដែរ ៕




ចែករំលែកព័តមាននេះ