ខេត្តពោធិ៍សាត់ ៖ រយៈពេលប្រហែលកន្លះខែនេះ ប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារដែលរស់នៅម្តុំអតីតផ្លូវយន្តហោះ ដីច្រមុះជ្រូកផ្សារចាស់ ដីខាងក្រោយសាលាខេត្ត ខាងក្រោយមន្ទីរពេទ្យ និងប្លុកក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បាននាំគ្នាសុំឱ្យអាជ្ញាធរខេត្ត មេត្តាជួយចេញប្លង់កម្មសិទ្ធិស្របច្បាប់ឱ្យពួកគាត់ បន្ទាប់ពីដឹងថាដីទាំងប៉ុន្មានកន្លែងខាងលើនេះគេមិនចេញប្លង់ឱ្យ ។
ក្រុមប្រជាពលរដ្ឋទាំងនេះបានទៅជួបជុំគ្នានៅសាលាសង្កាត់ផ្ទះព្រៃ ដើម្បីសុំឱ្យលោកចៅសង្កាត់ជួយអន្តរាគមន៍ទៅថ្នាក់លើចេញប្លង់កម្មសិទ្ធិស្របច្បាប់ឱ្យ ព្រោះពួកគាត់រស់នៅយូរហើយ ។ ពួកគាត់និយាយដូចៗគ្នាថា ពួកគាត់រស់នៅខ្លះ៣០ឆ្នាំ និងខ្លះជាង២០ឆ្នាំមកហើយ មានកូនកំលោះ ក្រមុំ និងមានទាំងចៅទៀតផង ។ ចំពោះការមករស់នៅសុទ្ធតែរដ្ឋអំណាចសម័យនោះផ្តល់ឱ្យ ខ្លះទិញដូរតៗគ្នា មានពាក្យកាន់កាប់ លេខផ្ទះ និងសំណង់រឹងមាំអស់ទៅហើយ ។ ពួកគាត់ធ្លាប់ឮប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា អ្នកណារស់នៅលើសពី៥ឆ្នាំគឺចាប់ពីឆ្នាំ២០០១ មកនឹងបានជាកម្មសិទ្ធិស្របច្បាប់ ដូច្នេះសូមអាជ្ញាធរមេត្តាជួយសម្រួលដោះស្រាយទុក្ខកង្វល់នេះ ដើម្បីឱ្យពួកគាត់ទទួលបានកម្មសិទ្ធិស្របច្បាប់នឹងគេផង ។ ពួកគាត់មានដីតែមួយកន្លែងនេះទេ បើដេញចេញតើឱ្យទៅរស់នៅកន្លែងណា ? ហើយបើសម្តេចតេជោហ៊ុន សែន ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដែលកំពុងកើតមាននេះ ប្រហែលជាសម្តេចមិនបណ្តោយឱ្យពួកគាត់រស់នៅទាំងទឹកភ្នែកបែបនេះទេ ។
លោកសៅ ម៉ុង ចៅសង្កាត់ផ្ទះព្រៃនិយាយថា អាជ្ញាធរដែនដីចង់ឱ្យតែប្រជាពលរដ្ឋទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់គ្រប់គ្នា ដើម្បីកុំឱ្យវាអូសបន្លាយស្មុគស្មាញតទៅមុខទៀត តែវាជាតួនាទីរបស់មន្ទីរជំនាញ ។ ឯលោកចេង ឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយាដីខេត្ត បានថ្លែងថា តាមគោលនយោបាយនៃសារាចរលេខ០៣នោះ គឺទី១-ឱ្យពួកគាត់ចាកចេញដោយរកដីផ្សេងជំនួស ។ ទី២ -អភិវឌ្ឍន៍នៅនឹងកន្លែងពោលគឺបែងចែកដីឱ្យគាត់តាមលទ្ធភាពដែលអាចធ្វើបាន ។ ទី៣-ផ្តល់សំណងសមរម្យឱ្យគាត់ចាកចេញ តែមិនត្រូវបានលើកទឹកចិត្តនោះទេ ។
លោកខូយ សុខា អភិបាលខេត្ត មានប្រសាសន៍ថា ដីទាំងអស់ខាងលើនេះមិនអាចចេញប្លង់កម្មសិទ្ធិជូនពួកគាត់បានទេ ព្រោះមិនមែនជាដីដែលមានលក្ខណៈធម្មតា វាជាដីស្ថិតក្នុងការអង្កេតរបស់រដ្ឋ តែវាមិនអីទេយើងអាចធ្វើនៅពេលក្រោយបាន។ នៅពេលមានឱកាស យើងនឹងពិចារណារកវិធីដោះស្រាយរឿងនេះដោយឈរលើគោលការណ៍ច្បាប់ ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលរស់នៅចំណុចខាងលើសំណូមពរយ៉ាងទទូចដល់លោកអភិបាលខេត្ត មេត្តាជួយអន្តរាគមន៍ឱ្យបានឆាប់ក្នុងរយៈពេល៦ខែដែលក្រុមនិស្សិតកំពុងធ្វើការវាស់វែងដីធ្លីនេះ និងធ្វើយ៉ាងណាឱ្យពួកគាត់អស់មន្ទិលសង្ស័យ ។ ទន្ទឹមនឹងនេះ ពួកគាត់សង្ឃឹមថា នៅពេលសម្តេចតេជោ ហ៊ុន សែន ដឹងរឿងនេះ លោកនឹងមិនបណ្តោយឱ្យប្រជាពលរដ្ឋរបស់លោករស់នៅទាំងទឹកភ្នែកបែបនេះទេ ៕



ចែករំលែកព័តមាននេះ