មឈូសអាថ៌កំបាំងដែលព្យួរភ្ជាប់នឹងចំណោតថ្ម ត្រូវគេរកឃើញនៅភូមិស៊ិនជាំង ខេត្តស៊ីឈួនភាគខាងត្បូងប្រទេសចិន ។
យោងតាមលោក គួយ ចិន អ្នកអភិរក្សនៅសារមន្ទីរអីុពីននិយាយថា មានមឈូសខ្លះចងភ្ជាប់នឹងបង្គោលឈើ ខ្លះទៀតដាក់ចូលក្នុងរូងភ្នំ ចំណែកមួយចំនួនទៀតដាក់បន្តុបលើថ្ម ។
តាមរបាយការណ៍នៃការស្រាវជ្រាវកាលពីដើមឆ្នាំ១៩៩០ បានបង្ហាញថា នៅទីនោះគេរកឃើញមានមឈូស២០បានរបេះធ្លាក់ ។ មឈូសដែលព្យួរនោះមានកម្ពស់ពីដី១០ម៉ែត្រ ហើយខ្ពស់បំផុត១៣០ម៉ែត្រ ។អ្នកស្រាវជ្រាវនិយាយថា មូលហេតុដែលគេដាក់មឈូសខ្ពស់យ៉ាងនេះគឺដើម្បីបង្ការកុំឱ្យសត្វសាហាវចាប់ស៊ីបាន និងដើម្បីឱ្យវិញ្ញាណអ្នកស្លាប់បានទៅកាន់សុគតិភព ។ម្យ៉ាងការតម្កល់មឈូសភ្ជាប់ចំណោតភ្នំនេះគឺជាប្រពៃណីរបស់ក្រុមកុលសម្ព័នភ្នំ ជាពិសេសជនអំបូរប៉ូដែលតាំងទីលំនៅនៅភាគនិរតីប្រទេសចិន ។
នៅប្រទេសចិនមានមឈូសដែលព្យួរភ្ជាប់នឹងចំណោតថ្មភ្នំជាច្រើនដូចជា នៅហ្វូជាន នៅភ្នំអ៊ូអីុ ខេត្តហឺប៉ី ខេត្តជាំងស៊ី ក្នុងតំបន់ឡុងហ៊ូសាន និងខេត្តស៊ីឈួន ។ មិនត្រឹមតែនៅចិនប៉ុណ្ណោះទេដែលមានមឈូសព្យួរដូច្នេះ គេឃើញមាននៅហ្វ៊ីលីពីនក្នុងតំបន់សាហ្គាដា នៅលើកោះលូសុន នៅប្រទេសឥណ្ឌូណេស៊ី គេឃើញមាននៅក្នុងល្អាងភ្នំឡុងដាណាំងហ្គាឡា និងនៅកម្ពុជាក្នុងខេត្តកោះកុងគេរកឃើញក្រឡដាក់ធាតុតម្កល់នៅលើផ្ទាំងថ្ម ៕



ចែករំលែកព័តមាននេះ