រាជធានីភ្នំពេញ ៖ យុវជនម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោកបានជិះម៉ូតូមកឈប់ដេកលើសួនច្បារស្មានថា ជាផ្ទះដេកលក់ធ្វើហី កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២ សីហា តាមបណ្តោយវិថីព្រះនរោត្តម ខាងជើងរង្វង់មូលវិមានឯករាជ្យក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានឱ្យដឹងថា យុវជនខាងលើជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម មកឈប់ក្បែរសួន រួចប្រាស់ខ្លួនដេកបានបន្តិចស្រាប់តែមានបុរសចំណាស់ម្នាក់ដើរមកក្បែរ ហើយទំនងជាស្រវឹងដូចគ្នាបានមកដាស់ តែដាស់មិនភ្ញាក់ក៏ទះមួយដៃចំថ្ពាល់ធ្វើឱ្យយុវជនខាងលើក្រោកឡើងបញ្ចេញក្បាច់គុនដាក់និយាយថា «អញកំពុងដេកម្តេចមករំខាន ផ្ទះអញសោះចេញទៅពួកអ្ហែង» រួចក៏ប្រាស់ខ្លួនដេកបន្តទៀតទៅ ។
ប្រភពបន្តថា កុំតែបានប៉ូលិសល្បាតនៅក្បែរនោះឃើញ ហើយជួយអន្តរាគមន៍កុំអីត្រូវជនឆក់ឱកាសលួចយកម៉ូតូបាត់ទៅហើយ ហើយប្រមាណជា១០នាទីក្រោយយុវជនខាងលើដឹងខ្លួនរួចក៏ជិះម៉ូតូទៅផ្ទះដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ