ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្ម​ភាព​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​តាកែន​កោះ​ស្លា​

13 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ប្រភពព័ត៌​​មាន​ច្បាស់​ការណ៍​​មួយ​ឱ្យ​ដឹង​ថា ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ​ដឹក​ដោយ​រទេះ​គោ​និង​រទេះ​ក្របី​ដែល​ជា​ការ​ចូ​ល​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុងព្រៃ​ភ្នំ​​តំបន់​តាកែន​កោះ​ស្លា ​ស្រុក​ឈូក​​ កំពុង​កើតមាន​យ៉ាង​អនា​ធិប​តេយ្យ​ តែគេ​​ដែល​​ពុំ​ឃើញមន្ត្រី​​រដ្ឋ​បាល​ព្រៃ​ឈើ​ដែល​គ្រប់គ្រង​​តំបន់​នេះ​ធ្វើ​ការ​​បង្ក្រាប​​​​សោះ​​ឡើយ ។

ប្រភព​នេះ​​បាន​អះអាង​ថា ​នៅ​​ក្នុង​​តំបន់​ដែល​ពល​រដ្ឋ​កំពុង​ធ្វើ​សកម្មភាព​កាប់​និ​ងដឹក​ឈើ​ហុ​បចេញ​មក​នោះ​ ​គេ​ឃើញ​កម្លាំងសមត្ថ​កិច្ច​ចម្រុះ​មួយ​ក្រុម​ចេញ​មុខ​​យក​ប្រាក់​ពី​​រទេះ​​ដឹក​ឈើ​​​​ទាំង​នោះ​​ដែល​​មាន​ ​នគរបាល​ប៉ុស្តិ៍​​ ​ទាហាន​​ខេត្ត​ និង​អង្គ​​ការ​អភិរក្ស​ឃ្លាំ​មើល​ប្រជាពលរ​ដ្ឋ​នៅ​កម្ពុជា​ ​​។ ប្រភពដដែល​​អះអាង​ទៀតថា កម្លាំង​ចម្រុះ​ដែល​ប្រចាំ​ការ​នៅ​ទី​នោះ​ បាន​ដាក់​កំណត់​ឱ្យ​ប្រជា​​ពល​រដ្ឋ​​​បង់ប្រាក់​ក្នុង​មួយ​រទេះ​​ពី​​២​ម៉ឺន​រៀល ​ទៅបី​ម៉ឺុន​រៀល​ ​តាមការ​ដឹក​តិច​ ឬ​ច្រើន ​ហើយ​​បើអ្នក​ដឹក​ឈើ​ទាំង​នោះ​​​​តវ៉ា​ ឬសុំ​ចុះ​តម្លៃ​ ក្រុម​ចម្រុះ​ទំាង​នោះ​គេ​​ឯកភាព​គ្នា​ចាប់​រទេះ​ដឹក​ឈើ​​​បញ្ជូន​ឱ្យ​ទៅជំ​នាញ​រដ្ឋ​បាល​ព្រៃ​ឈើ​ ​​ ។

ទាក់ទិន​​នឹង​ករណីខាងលើ​នេះ កោះ​សន្តិភាព​បាន​ព្យា​យាម​​ទូរស័ព្ទ​ទៅ​លោក​តុង ​សែ​ ​នាយ​ផ្នែក​​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ឈូក​ ​ដើម្បី​សុំ​ការ​បំភ្លឺ​​​ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​​បិទ​ ​មិន​អាច​​ទាក់​ទង​បាន​ ។ ​កោះ​សន្តិភាព​​ក៏​​បាន​ទាក​់​ទង​តាម​​​ទូរស័ព្ទ​ទៅ​លោក​តឹក​ សែន​ ប្រធា​សាខារបស់​អង្គ​ការ​អភិរក្ស​ឃ្លាំ​មើល​​ប្រជាពល​រដ្ឋ​នៅកម្ពុជា​​ប្រចាំ​ខេត្ត​កំពត ​ហើយ​​លោកបាន​ឱ្យដឹងថា ​ករណី​ប្រជា​ពលរដ្ឋ​ចូ​ល​កាប់ឈើ​នៅ​តំបន់​តាកែន​កោះ​ស្លា​នេះពិត​ជា​មាន​មែន ​រីឯ​កម្លាំង​ចម្រុះ​របស់​លោក​ក៏​​បាន​ចុះ​ទៅ​ចល័ត​នៅ​ក្នុងតំបន់​ខាងលើ​ ដែរ ​​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ ។​ ចំណែក​​​ការជួប​នឹង​​​ប្រជាពល​រដ្ឋ​ដែល​ដឹក​ឈើ​តាម​រទេះ​គោ​​​ ​ហើយ​​កម្លាំង​​ក្រុម​ចម្រុះ​របស់​លោក​​បាន​សុំ​ប្រាក់​ពី​ពលរដ្ឋ​ដឹក​ឈើ​ទាំងនោះ​ក្នុង​មួយ​រទេះ​១៥.០០០​រៀល​ ​គឺ​​គ្រាន់​បាន​ថ្លៃ​ម្ហូប​ ពី​​ព្រោះ​​​កម្លាំង​​របស់​​លោក​មាន​ច្រើន​អង្គ​ភាព​​​បើ​បែង​​ចែក​ក្នុង​​មួយ​អង្គ​ភាព​ៗ​ទៅ​គឺ​​បាន​ប្រាក់​ពី​២.០០០​រៀល​ទៅ៣.០០០​រៀល​​​​ប៉ុណ្ណោះ​ក្នុង​រទេះ​​មួយគ្រឿង​​។

លោក​បាន​បន្តទៀតថា ​​ក្នុង​​ការចុះ​បង្ក្រាប​បទ​​ល្មើស​​ព្រៃឈើ​នៅចំណុច​ខាង​លើ​​​នេះ​ ​​គេ​ឃើញ​​មា​ន​កាសែត​មួយ​ដែល​គេមិនស្គាល់​ឈ្មោះ​​​មាន​បុគ្គលិក​​នៅចាំ​យក​ប្រាក់​ពីរទេះ​គោ​ដឹក​ឈើ​នេះ​ដែរ​ ​ដែល​​​អ្នក​កាសែត​នោះ​ឈ្មោះ​គុន ។​គួរ​រំលឹក​​​​ថា ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​​តាកែន​​​កោះ​ស្លា​ ​ស្រុក​ឈូក​នេះ​ ​មិន​មែន​ទើប​តែ​មា​ន​សកម្មភាព​ទេ គឺតាម​​ប្រភព​ច្បាស់​​ការ​ណ៍​កើត​​មាន​ជាយូ​រ​មក​ហើយ​។ ​​

ការ​ដឹក​ឈើ​ចេញ​​តាម​រទេះ​គោ​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​តិច​​ជាង​សាម​សិប​រទេះ​ទេ ​រីឯ​ក្រុម​ដែល​អះអាង​ថា ​ជា​កម្លាំង​បង្ក្រាប​ការកាប់​ឈើ​ខុសច្បាប់​នៅ​តំបន់​នេះ ​ពុំ​បាន​បង្ក្រាប​ឡើយ​​ ​ផ្ទុយ​ទៅវិញ​ក្រុម​នេះ​បែរ​ជា​​​ឃុប​ឃិត​គ្នា​​​ឱ្យ​អ្នក​បរ​​​រទេះ​​ដឹក​ឈើ​​បង់​លុយ​យក​ទៅ​ចែក​គ្នា​ទៅ​វិញ​​ ​។ ​បើតែ​បែប​នេះ ធនធាន​ព្រៃ​ឈើ​នៅ​តាកែន​កោះ​ស្លា​ នឹ​ង​រលាយ​ហិន​ហោច​​មិន​ខាន​ឡើយ​​ ​៕