រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោក LEON PANETTA អះអាងជាថ្មីកាលពីថ្ងៃទី១ សីហា ពីការសន្យារបស់ប្រទេសលោករាំងខ្ទប់កម្មវិធីនុយក្លេអ៊ែររបស់អុីរ៉ង់ដោយព្រមានថា ក្រុងវ៉ាស៊ីនតោនត្រៀមប្រើប្រាស់ការជ្រើសរើសដទៃៗទៀតដើម្បីធ្វើយ៉ាងណាកុំឱ្យអុីរ៉ង់ទទួលបានគ្រាប់បែកនុយក្លេអ៊ែរ ។
ក្នុងសន្និសីទសារព័ត៌មានមួយជាមួយនាយករដ្ឋមន្ត្រីអុីស្រាអែលលោកបេនចាមីន នេតាន់យ៉ា ហ៊ូ កាលពីថ្ងៃទី១សីហានៅក្រុងហ្សេរុយសាឡឹម លោក PANETTA មានប្រកាសថា យើងអុីស្រាអែលនិងសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងដូចគ្នាលើអំពើហិង្សាដែលកើតមាននៅស៊ីរីនិងលើមហិច្ឆតានុយក្លេអ៊ែររបស់អុីរ៉ង់ ។ យើងសូមអះអាងជាថ្មីថា ទាក់ទិននឹងអុីរ៉ង់យើងនឹងមិនអនុញ្ញាតឱ្យប្រទេសនេះផលិតអាវុធនុយក្លេអ៊ែរឡើយ ។ យើងមានការសន្យាយ៉ាងរឹងមាំមួយចំពោះអុីស្រាអែលនិងសន្តិសុខរបស់ប្រទេសនេះ ។ យើងនឹងនៅតែប្តេជ្ញារារាំងអុីរ៉ង់មិនឱ្យមានអាវុធនុយក្លេអ៊ែរ ។
រដ្ឋមន្ត្រីការពារប្រទេសអាមេរិកបានមកដល់ទីក្រុងហ្សេរុយសាឡឹមកាលពីយប់ថ្ងៃទី៣១ កក្កដាដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃមួយនៅអុីស្រាអែលដោយលោកធ្វើការពិភាក្សាជាមួយបណ្តាមេដឹកនាំអុីស្រាអែលផ្តោតជាពិសេសលើកម្មវិធីនុយក្លេអ៊ែររបស់អុីរ៉ង់ ។នាថ្ងៃទី១ សីហា លោក PANETTA និងសមភាគីអុីស្រាអែលលោកអេហ៊ូដ បារ៉ាក់ បានទៅទស្សនាប្រព័ន្ធការពារប្រឆាំងមីស៊ីល DôME DE FER ដែលដាក់ពង្រាយនៅជិតទីក្រុងឆ្នេរសមុទ្រ ASHKELON ។ នៅទីនោះ លោក PANETTA ថ្លែងថា សហរដ្ឋអាមេរិកត្រៀមប្រើប្រាស់កម្លាំងយោធាដើម្បីបញ្ឈប់ការស្រាវជ្រាវអាវុធនុយក្លេអ៊ែររបស់អុីរ៉ង់ ៕
ចែករំលែកព័តមាននេះ