រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Metfone Cambodian League 2012 ជុំទី២ នៅលើទីលានពហុកីឡដ្ឋានជាតិ កាលពីរសៀលថ្ងៃពុធទី១ សីហា កន្លងមកនេះ ក្រុមចំការកៅស៊ូបឹងកេត បានយកឈ្នះក្រុមព្រះខ័នរាជ ក្នុងលទ្ធផល 5-3 ។
កាលពីប្រកួតនៅជុំទី១ ក្រុមទាំង២នេះធ្លាប់ជួបគ្នាបានត្រឹមលទ្ធផលស្មើគ្នា 2-2 ប៉ុន្តែសម្រាប់ការជួបគ្នានៅជុំទី២នេះ ក្រុមព្រះខ័នរាជ មិនសូវមានសំណាងល្អឡើយ ព្រោះត្រូវចាញ់ក្រុមចំការកៅស៊ូបឹងកេតឡើងស្ពឹកមុខក្នុងលទ្ធផល 5-3 ឯណោះ ។ នៅតង់ទី១ ក្រុមព្រះខ័នរាជ រកបានគ្រាប់បាល់នាំមុខមុន 2-1 លុះដល់តង់ទី២ ក្រុមចំការកៅស៊ូបឹងកេត រកបានគ្រាប់បាល់៤គ្រាប់ ខណៈក្រុមព្រះខ័នរាជរកបាន១គ្រាប់ ដូច្នេះចប់ការប្រកួតក្រុមចំការកៅស៊ូបឹងកេត ឈ្នះក្រុមព្រះខ័នរាជក្នុងលទ្ធលផ 5-3 ។
ទោះបីជាយ៉ាងណា ក្រុមព្រះខ័នរាជនៅតែរក្សាតំណែងជួរមុខគេក្នុងតារាងដដែល ដោយសារក្រុមនេះប្រកួតបាន១៦លើក ឈ្នះ១០លើក ស្មើ២លើក និងចាញ់៤លើក មាន៣២ពិន្ទុ ។ រីឯក្រុមចំការកៅស៊ូបឹងកេត វិញ ប្រកួតបាន១៥លើក ឈ្នះ៨លើក ស្មើ៣លើក និងចាញ់៤លើក មាន២៧ពិន្ទុ ស្ថិតនៅលេខរៀងទី៤ក្នុងតារាងដដែល ។
លោកអោក សំណាង អ្នកគ្រប់គ្រងក្រុមបាល់ទាត់ព្រះខ័នរាជ បានឱ្យដឹងថា ក្រុមរបស់លោកពេលជួបក្រុមចំការកៅស៊ូបឹងកេត នាពេលនេះលេងមិនសូវស៊ីសង្វាក់គ្នាសោះ ទើបធ្វើឱ្យក្រុមរបស់លោករងការបរាជ័យបែបនេះ ។ ប៉ុន្តែទោះជាយ៉ាងណា មជ្ឈដ្ឋានអ្នកតាមដានការប្រកួតភាគច្រើនគិតថា ក្រុមព្រះខ័នរាជនៅតែជាក្រុមខ្លាំងក្នុងចំណោមក្រុមខ្លាំង២ទៀត គឺក្រុមណាហ្គាខប និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៕
ចែករំលែកព័តមាននេះ