ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ផឹក ស្រាស្រវឹង ហើយមានទំនាស់ពាក្យសម្តីជាមួយអ្នកផឹកស៊ីជុំគ្នា រហូតឈានដល់ប្រើអំពើហិង្សាដោយចាប់ក្បាលគូទំនាស់បោកទៅនឹងគ្រែ បណ្តាលឲ្យសន្លប់ ពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣១ កក្កដា នៅក្នុងភូមិអូរប្ញស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា បុរសដៃដល់ឈ្មោះ នៅ ភា អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។ នៅថ្ងៃកើតហេតុពេលផឹកស្រាស្រវឹងបុរសរូបនេះ បានទំនាស់ពាក្យសម្តីជាមួយឈ្មោះ ឡាច សារិទ្ធ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល រហូតឈានដល់ប្រើហិង្សាចាប់ក្បាលគូទំនាស់របស់គេបោកទៅនឹងគ្រែឈើចំនួន៤ទៅ៥ដងបណ្តាលឲ្យសន្លប់ធំ ។ ក្រោយពេលកើតហេតុអ្នកឃើញហេតុការណ៍នោះបានរាយការណ៍មកកម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះមកចាប់ឃាត់ខ្លួនភ្លាមៗ នាំយកទៅកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រើហិង្សាដោយចាប់ក្បាលឈ្មោះឡាច សារិទ្ធ បោកទៅនឹងគ្រែឈើនោះមែន ព្រោះតែពេលនោះរូបគេមានទំនាស់ពាក្យសម្តីជាមួយគ្នា គួបផ្សំនឹងស្រវឹងស្រាផងទើបរូបគេហ៊ានប្រព្រឹត្តអំពើបែបនោះ ។ លោកអធិការនគរបាលក្រុងបានបន្តថា បច្ចុប្បន្នជនសង្ស័យឈ្មោះនៅ ភា ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងតាមនីតិវិធីដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ