ម្ចាស់ជើងឯកក្របខណ្ឌធំ Wimbledonកីឡាកររ៉ូជើ ហ្វេដឺរ័រ និងនាងស៊េរីណា វីលៀមកំពុងស្ថិតនៅលើផ្លូវមួយឆ្ពោះទៅរកមេដាយមាសអូឡាំពិកទីក្រុងឡុងឆ្នាំ២០១២លើវិញ្ញាសាវាយកូនបាល់ឯកត្តជន បន្ទាប់ពីពួកគេកាលពីថ្ងៃពុធទី១សីហាបានឈានចូលដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ ។
ហ្វេដឺរ័រ បានបំបាក់កីឡាករអ៊ូសបេគីស្ថាន Denis Istominក្នុងលទ្ធផល៧-៥និង៦-៣ ខណៈនាងវេនីស វីលៀមបំបាក់កីឡាការិនីរុស្ស៊ី Vera Zvonarevaក្នុងលទ្ធផល ៦-១និង៦-០ ។បន្ទាប់ពីបានយកឈ្នះពានជើងឯក Wimbledonជាលើកទី៧ បំបែកបានឯតទគ្គកម្មកីឡាករជើងខ្លាំងពីសម័យមុនមក ហ្វេដឺរ័របាន និងកំពុងតែធ្វើឱ្យអាជីពរបស់ខ្លួនកាន់តែភ្លឺចិញ្ចាចបន្ថែមទៀតតាមរយៈការធ្វើយ៉ាងណា យកឈ្នះមេដាយមាសអូឡាំពិកលើកនេះឱ្យខាងតែបាន ។
បើទោះជារូបគេគឺជាម្ចាស់ពានក្របខណ្ឌធំ១៧សម័យក៏ដោយ ប៉ុន្តែឱកាសឈ្នះមេដាយមាសអូឡាំពិករបស់គេពុំទាន់មាននៅឡើយទេរហូតមកទល់ពេលនេះ ។ដោយឡែក នៅក្នុងការប្រកួតលើកនេះ បើទោះណាជាមានការរំខានខ្លះៗដោយភ្លៀងក្តី តែកីឡាករហ្វេដឺរ័រនៅតែធ្វើបានយ៉ាងល្អឥតខ្ចោះប្រឆាំងនឹងកីឡាករលំដាប់ទី៣៤ពិភពលោករបស់អ៊ូសបេគីស្ថាន ។នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ កីឡាករវ័យ៣០ឆ្នាំរូបនេះនឹងប៉ះជាមួយកីឡាករស៊ែប៊ី Janko Tipsarevicឬកីឡាករអាមេរិក John Isner។
ចំណែកឯកីឡាការិនីអាមេរិកស៊េរីណា វីលៀមវិញ ក៏កំពុងតែប្រឹងប្រែងដណ្តើមយកមេដាយមាសឱ្យបានជាលើកដំបូងរបស់ខ្លួនផងដែរ។ នៅក្នុងការប្រកួតលើកនេះ នាងបានប្រើពេលតែ៥១នាទីប៉ុណ្ណោះបំបាក់បានកីឡាការិនីរុស្ស៊ី Zvonareva។ ម្ចាស់ពានក្របខណ្ឌធំ ១៤លើករូបនេះ ហាក់មិនបានបង្ហាញនូវចំណុចអសកម្មរបស់ខ្លួនក្នុងអំឡុងការប្រកួតឡើយ ។នាងស៊េរីណា នៅវគ្គបន្ទាប់នឹងប៉ះជាមួយអតីតកីឡាការិនីលំដាប់ទី១ពិភពលោក ការ៉ូលីន វ៉ូនីអាកគី ឬកីឡាការិនីស្លូវ៉ាគី Daniela Hantuchova ៕


ចែករំលែកព័តមាននេះ