ខេត្តឈៀងរ៉ៃ-ថៃ ៖ តំបន់ដាំអាភៀននៅភូមិដយទុង ស្រុកជាងសាន ខេត្តឈៀងរ៉ៃ គឺជាតំបន់ជនបទដាច់ស្រយាលមួយសម្បូរទៅដោយជនជាតិភាគតិចរស់នៅតាមព្រៃភ្នំ និងតាមដងទន្លេមេគង្គដែលមានព្រំប្រទល់៣ប្រទេស គឺថៃ ភូមា និងឡាវ ។ សព្វថ្ងៃនេះ គេឃើញមានសារមន្ទីរតម្កល់គ្រឿងសម្ភារដែលនៅសល់ពីការប្រើប្រាស់ និងការដាំដើមអាភៀននោះ ស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីទីរួមខេត្តឈៀងរ៉ៃ ។
កាលពីថ្ងៃទី២៨ កក្កដា កន្លងមកនេះ ប្រតិភូអ្នកសារព័ត៌មានកម្ពុជាចំនួន១០រូបបានទៅដល់ទីនោះ ដោយមានលោក Phongpob Methakullawat មន្ត្រីក្រសួងការបរទេសថៃ និងលោក Jakrit Ruangkajorn លេខាទី១ស្ថានទូតថៃប្រចាំនៅរាធានីភ្នំពេញជួយសម្រួលដំណើរទស្សនកិច្ចនេះ ។ តាមរយៈមគ្គុទេ្ទសក៍បានប្រាប់ថា កាលពីជាង១០ឆ្នាំមុនតំបន់នេះមានជនជាតិភាគតិចចំនួន៦រស់នៅ គឺជនជាតិអាខា ឡាហ៊ូ ឆាយនីស ឆាន ឡាវ៉ា និងលឺ ដោយប្រកបរបរដើររកប្ញសឈើ ដើមឈើ ផ្សំធ្វើថ្នាំបុរាណ ដែលអាចរកកម្រៃបានពី១០ទៅ១៥បាតក្នុងមួយថ្ងៃ ។
ជាមួយនេះ បងប្អូនភាគច្រើនក៏មានមុខរបរដាំអាភៀនដែរ ព្រោះតែខ្វះការយល់ដឹងពីដំណាំនេះដែលគេយកគ្រាប់ទៅកែច្នៃចម្រាញ់ចេញជាជាគ្រឿងញៀននាំទៅអាហ្វ្រិក អឺរ៉ុប និងអាមេរិក ហើយភាពអន្តរាយកើតមាននៅតំបន់នោះដោយសារការត្រឡប់មកវិញនៃសារធាតុញៀនដែលជំរុញឱ្យមានការដាំដុះកាន់តែច្រើនឡើងៗ។ ពេលនោះព្រះរាជិនីស៊ីសង់វ៉ាន (ព្រះមាតាមហាក្សត្រថៃបច្ចុប្បន្ន ភូមិបុលអាឌុលយ៉ាដេត)បានទៅដល់ទីនោះ ឃើញព្រៃភ្នំមានការរេចរឹលគ្មានដើមឈើធំៗព្រោះត្រូវគេកាប់ឆ្ការយកដីដាំអាភៀន ទើបបង្វែរពីការដាំដើមអាភៀន ដោយជួយរៀបចំឱ្យមានការដាំដុះដើមឈើ និងដំណាំផ្សេងៗទៀតដែលមានប្រយោជន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អាចរកកម្រៃបានពី៤០ទៅ៥០បាតក្នុងមួយថ្ងៃ ក្នុងនោះបង្កើតឱ្យមានដំណាំកាហ្វេ សណ្តែក ល្ង និងបង្កើតជាសួនផ្កាចម្រុះពណ៌ កែច្នៃផលិតផលពីដើមឈើឱ្យមកជារបស់ប្រើប្រាស់ក្នុងផ្ទះវិញ ។
ក្នុងរយៈពេល៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ១៩៨៨មក ដោយចេះតែការរីកចម្រើនជាលំដាប់ ក៏បានណែនាំឱ្យចល័តកម្លាំងបន្តទៅធ្វើនៅកន្លែងផ្សេងៗទៀត ដោយឱ្យបុរសៗធ្វើការងារណាដែលធ្ងន់ៗ លើវិស័យកសិកម្ម ចំណែកស្ត្រី និងក្មេងៗធ្វើការងារស្រាលៗ ដូចជាការ ដាំដុះផ្កា ត្បាញក្រណាត់គ្រប់ប្រភេទ ការហត្ថកម្មកែច្នៃ និងស្មូនចាន ឆ្នាំង កែវ ផលិតចេញពីដីដែលសព្វថ្ងៃអាចរកចំណូលបានក្នុងមួយឆ្នាំ៤ម៉ឺនបាតក្នុងមនុស្សម្នាក់ ។ តាំងពីមានជីវភាពធូរធារមក ជនជាតិទាំងនោះបានគោរពព្រះរាជិនីស៊ីសង់វ៉ាន ប្រៀបដូចជាទេវតាចុះពីលើមេឃមកជួយពួកគេ ទើបហៅព្រះរាជិនីស៊ីសង់វ៉ានថា ព្រះម៉ែហ្វាហ្លួង ។ នៅឆ្នាំ១៩៩៥ ព្រះរាជិនីស៊ីសង់វ៉ាន ក៏បានសុគត ហើយដោយគោរពស្រឡាញ់ខ្លាំង ក៏បានបង្កើតមូលនិធិមួយដាក់ឈ្មោះថាព្រះម៉ែហ្វាហ្លួង នៅខេត្តឈៀងរ៉ៃ និងមានសាខានៅប្រទេសភូមា ឥណ្ឌូណេស៊ី និងអាហ្វហ្កានីស្ថានទៀត ។
សព្វថ្ងៃ តំបន់នេះបានក្លាយជាតំបន់ទេសចរណ៍មួយយ៉ាងប្រណីតអាចអូសទាញទេសចរជាតិ-អន្តរជាតិបានយ៉ាងច្រើនទៅចិញ្ចឹមជនជាតិភាគតិចនៅតំបន់នោះ ហើយកំពុងតែស្ថាបនាបន្ថែមទៀតនៅចំណុចមុំ៣នៃទន្លេមេគង្គដែលជាព្រំប្រទល់រវាងប្រទេស ថៃ ភូមា និងឡាវ ។ បច្ចុប្បន្នចំណុចក្តៅនៃការដាំដុះអាភៀនបានបន្សល់ទុកនៅតែស្លាកស្នាម និងសម្ភារសេសសល់ទុកជាវត្ថុតាងក្នុងសារមន្ទីរប្រវត្តិសាស្ត្រ ដែលមាននៅក្នុងរូងភ្នំដយទុង មានជម្រៅ១៧៣ម៉ែត្រ អង្កត់ផ្ចិត៤ទៅ៥ម៉ែត្រ សម្រាប់ឱ្យក្មេងៗជំនាន់ក្រោយបានដឹងនិងភ្ញៀវទេសចរចង់ឃើញប្រវត្តិសាស្រ្តនៅតំបន់នេះតែប៉ុណ្ណោះ ៕



ចែករំលែកព័តមាននេះ