ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចឃុំ​ខ្លួន​​មន្ត្រី​​​នគរ​បាល​​ដែល​​ផ្ទុះ​អាវុធ​​ពេល​ចេញ​ពីខារ៉ាអូខេ​

13 ឆ្នាំ មុន

​​រាជធានីភ្នំពេញ​ ៖ កាលពីថ្ងៃទី៣១ កក្កដា  សាលាដំបូងរាជ​ធានីភ្នំពេញ​ បានសម្រេច​ឃុំខ្លួន​មន្ត្រីនគរបាលមួយ​​​រូប​ឈ្មោះ​​​​សោម​​​ ហុង ​ ហៅ​ម៉ាប់ ភេទ​ប្រុស​ អាយុ​​​៣៧​ឆ្នាំ ដាក់ពន្ធនាគារ​ជា​បណ្តោះ​អាសន្នពីបទបាញ់បោះសេរី និងកាន់​អាវុធ​​ដោយ​គ្មានការ​អនុញាត ។

សូមរំឭកថា​  ​កាលវេលាម៉ោង២​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​២៩ កក្កដា ឈ្មោះ​សោម​ ​ហុង ​ហៅ ​ម៉ាប់ ​និ​ង​មិត្តភក្តិ​២​នាក់ទៀត ​ដែល​​ម្នាក់​ជាមន្ត្រី​យោធា ​និង​ម្នាក់ជាចិន​លក់​បបរ​មាន់​នៅផ្សារកំពង់ស្ពឺ  ខណៈចេញ​ពីច្រៀង​ខារ៉ាអូខេ​យីហោ​ផ្លាហ្សា​ ​ហើយសប្បាយ​ចិត្ត​ពេក​ក៏ជិះ​ម៉ូតូ​ម៉ាកណៃហត ​១​គ្រឿង​ ពាក់ស្លាក​លេខន.ប ទាំង៣នាក់ ទៅជិត​ដល់​អង់​តែន​ទួលគោករួច​​​ផ្ទុះ​អាវុធ១​គ្រាប់​លេង ។

ភ្លាម​ៗនោះ កម្លាំង​កង​រាជ​​អាវុធ​ហត្ថ​ខណ្ឌទួល​គោក​ដែល​​ធ្វើ​​សកម្មភាព​ល្បាតក៏​បាន​​ឃាត់​ខ្លួន​និង​​បញ្ជូន​​ជនទាំង​៣​នាក់​ទៅកាន់​បញ្ជាការដ្ឋាន​​​​កងរាជអាវុធ​ហត្ថ​រាជធានី​ ។ ​ក្រោយ​​ពីឃាត់ខ្លួន​ ស្តាប់ចម្លើយ​ជនទាំង​៣​នាក់ ​និង​​​យោង​​ទៅលើ​សាក្សីនៅ​កន្លែ​​ងកើត​ហេតុ​បញ្ជាក់​ថា មន្ត្រី​យោធា ​និងចិន​លក់​បបរ​មាន់​នោះ​មិន​ពាក់ពន្ធ​នឹង​ករណីផ្ទុះអាវុធនេះ​ទេ ​​និង​​បានអនុញ្ញាតឱ្យ​ទៅ​ផ្ទះវិញ។ រីឯ​ឈ្មោះ​សោម ហុង ហៅម៉ាប់ ​ជា​ម្ចាស់​កាំភ្លើង​បាន​សារភាពថា ខ្លួន​ពិតជាអ្នក​​បាញ់​​១​គ្រាប់តាម​ផ្លូវសាធារណៈ​មែន ព្រោះ​សប្បាយ​ចិត្ត​ពេក​នៅពេលបាន​ច្រៀង​​ខារ៉ាអូខេ​។

​ផ្អែក​តាម​ចម្លើយ​​និង​របាយការណ៍​ជាក់លាក់​រប​ស់​សមត្ថ​កិច្ចនោះហើយ​ ទើប​ចៅ​ក្រម​សាលា​ដំបូង​រាជធានីភ្នំពេញសម្រេច​ឃុំខ្លួន​អ្នក​បាញ់​បោះសេរីរូបនេះ​ដាក់ពន្ធនាគារជាបណ្តោះ​អាសន្ន៕