ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​​ពង្រឹង​​​មូលដ្ឋាន​​​ស្រុក​​ល្វា​ឯម​​នាំ​យក​​​​​​​​​ទៀន​​​ព្រះ​វស្សា​​ទៅ​ប្រគេ​​​ព្រះ​សង្ឃ​​នៅ​វត្ត​ចំនួន​5

13 ឆ្នាំ មុន

ខេត្ត​​​​កណ្តាល​ ៖ ​ដើម្បីចូលរួមប្រតិបត្តិទៅ​តាមគន្លង​ប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងឱកាស​នៃពិធី​បុណ្យ​ចូលព្រះវស្សាឆ្នាំនេះ លោក ហេង រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ប្រធានគណៈ​ពង្រឹងមូល​ដ្ឋាន​ស្រុក​ល្វាឯម និងសហការរី កាលពីរសៀលថ្ងៃ ទី១ សីហា ឆ្នាំ២០១២ បាននាំយកទៀន​ព្រះ​វស្សា ព្រមទាំងសម្ភារបរិក្ខារ និងបច្ច័យ ទៅ​ប្រគេន​ដល់ព្រះ​សង្ឃ​កំពុងគង់ចាំព្រះវស្សា​នៅ​វត្តចំនួន៥រួមមាន វត្តពោធិវរាម វត្តមង្គលប្រាជុំ វត្តព្រែកប្ញស្សី វត្តមុនីសាគរ និងវត្តជ្រោយស្តី ស្ថិតនៅឃុំព្រែកប្ញស្សី ស្រុកល្វាឯម ​។

មានប្រសាសន៍សំណេះសំណាលនាឱកាស​នោះ​ លោកហេង រតនា បានពាំនាំនូវការ​ផ្តាំផ្ញើ​​​សាក​សួរសុខទុក្ខពីសំណាក់​សម្តេច​ទាំង៣ ប្រគេន និងជូនចំពោះព្រះសង្ឃ លោកតា លោក​យាយ និងពុទ្ធបរិស័ទទាំងអស់ ដែលជា​និច្ច​កាល សម្តេចទាំង៣ តែង​តែ​យកចិត្តទុក​ដាក់ខ្ពស់ពី​សុខទុក្ខ និងជីវភាពរស់​នៅប្រចាំថ្ងៃរបស់​ប្រជា​ពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោ​បាយ​ឡើយ ។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់​សម្តេចតេជោ ហ៊ុន សែន បានខិត​ខំ​កសាង​​ស្តារ និង​អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមាន​ការ​​រីកចម្រើន​លើគ្រប់វិស័យ​ទាំង​អាណា​ចក្រ និង​ពុទ្ធ​ចក្រ ។ ​ដោយឡែកសម្រាប់​ស្រុក​ល្វា​ឯម សមិទ្ធ​ផល​ជាច្រើនត្រូវបានស្តារ និងកសាងជា​បន្ត​បន្ទាប់រួមមាន​ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ប្រព័ន្ធ​ធារាសាស្រ្ត មន្ទីរពេទ្យ សាលារៀន និង​វត្ត​អារាម​ជាដើម ។

នាឱកាសនោះ​ដែរ លោក ហេង រតនា បានសំណូមពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ​ធម៌វិន័យដើម្បីក្លាយជាបព្វជិត​មួយ​អង្គគួរ​ជាទីគោរព​សក្ការៈរបស់ពុទ្ធបរិស័ទគ្រប់រូប ។ លោកក៏​បាន​សំណូមពរដល់ប្រជាពល​រដ្ឋទាំងអស់ នៅក្នុង​ឱកាសរដូវវស្សាចូលមកដល់នេះ​ត្រូវយក​ចិត្តទុក​ដាក់លើការងារបង្កបង្កើនផល​ឲ្យបានទាន់​ពេលវេលា និងប្រុងប្រយ័ត្នខ្ពស់​ចំពោះគ្រោះ​មហន្ត​រាយធម្មជាតិ ដូចជារន្ទះបាញ់ និងគ្រោះ​ទឹក​ជំនន់ជា​ដើម ដែលនឹងអាចកើត​មាន​ឡើង​ជាយ​ថាហេតុ ។

ចំពោះ​​​ទៀន​ព្រះ​វស្សា​​ និង​​ទេយ្យ​ទាន​​ដែល​បាន​​ប្រគេននា​ថ្ងៃ​នោះ​​ក្នុង​មួយ​វត្តៗទទួល​បាន​ទៀន​ព្រះ​វស្សា១គូ​ អង្ករ៥០គីឡូក្រាម​ ស៊ីម៉ងត៍​២​តោន ព្រមទាំងគ្រឿង​ឧបភោគបរិភោគ និង​បច្ច័យ១លានរៀល ។ ដោយឡែក ព្រះសង្ឃ​ក្នុង​មួយអង្គៗទទួល​បាន​បច្ច័យ៣ម៉ឺនរៀល និង​តា​ជី​ យាយជី ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល ៕