រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានត្រៀមរួចរាល់អស់ហើយក្នុងការបែងចែកមុងប្រមាណ ១.១៤៣.០០០ បន្ថែមទៀតដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីប្រើប្រាស់ការពារមូសដែកគោលញីខាំចម្លងមេរោគគ្រុនចាញ់ ហើយយុទ្ធនាការចែកមុងសុវត្ថិភាពនេះ នឹងធ្វើឡើងចាប់ពីខែសីហាដល់ខែធ្នូ ២០១២ ។ នេះបើតាមការឲ្យដឹងពីមន្រ្តីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុញចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ។
លោក ច ម៉េងចួរ នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឲ្យដឹងថា មុងសុវត្ថិភាពនឹងត្រូវចែកជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅអចិន្ត្រៃយ៍នៅគ្រប់ភូមិដែលប្រឈមនឹងជំងឺគ្រុនចាញ់ ហើយកន្លងមកពួកគាត់មិនទាន់ទទួលមុងឬក៏បានទទួលមុងក្នុងរយៈពេលលើសពី៣ឆ្នាំកន្លងមក ។ ទន្ទឹមនោះ យើងនឹងចែកជូនដល់ប្រជាពលរដ្ឋចំណាកស្រុកដែលទើបនឹងចូលទៅតាំងលំនៅឋានថ្មីៗក្នុងតំបន់ប្រឈមនឹងជំងឺគ្រុនចាញ់ ចែកជូនជនចល័តខ្ចីប្រើប្រាស់ដោយមានការធានាពីស្ថាប័នឬម្ចាស់កសិដ្ឋាន ការដ្ឋានសាងសង់គមនាគមន៍ ធារាសាស្រ្ត រ៉ែ ជាដើម ។
ចំពោះគ្រួសារកងទ័ពនិងនគរបាលជាតិដែលមានលំនៅឋានតាមភូមិប្រឈមនឹងជំងឺគ្រុនចាញ់ ពួកគាត់នឹងទទួលបានមុងតាមរយៈជនស្ម័គ្រចិត្តភូមិ និងបុគ្គលិកមណ្ឌលសុខភាព ដោយអនុលោមតាមគោលការណ៍ដូចប្រជាជនទូទៅនៅក្នុងភូមិទាំងនោះដែរ។ ចំណែកសាមីខ្លួនជាកងទ័ព ឬនគរបាលជាតិដែលធ្វើបេសកកម្មចល័តនៅតំបន់ប្រឈមនឹងជំងឺគ្រុនចាញ់ ពួកគាត់នឹងបានទទួលមុងតាមរយៈនាយកដ្ឋានសុខាភិបាលរបស់ក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃ ដោយមានកិច្ចសហការជិតស្និទ្ធជាប្រចាំជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ក្នុងក្របខណ្ឌគម្រោងមូលនិធិសាកល ។
លោក ច ម៉េងចួរ បានបញ្ជាក់ថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលជាតិកំពុងអនុវត្តកិច្ចសន្យាជាមួយក្រុមហ៊ុនដឹកជញ្ជូនឯកជនមួយ ដើម្បីដឹកមុងចេញពីឃ្លាំងឱសថមជ្ឈិមទៅដល់ការិយាល័យសុខាភិបាលស្រុក ។ បន្ទាប់មក ការិយាល័យសុខាភិបាលស្រុកនឹងទទូលខុសត្រូវទុកដាក់មុងឲ្យមានសុវត្ថិភាព ព្រមទាំងបន្តដឹកចែកជូនមណ្ឌលសុខភាពក្រោមឱវាទដោយគម្រោងមូលនិធិសាកលជាអ្នកផ្តល់សោហ៊ុយ ។
លោកនាយកមជ្ឈមណ្ឌលជាតិក៏បានឲ្យដឹងដែរថា ការចំណាយថវិកាក្នុងការទិញមុងប្រមាណ ៧លាន២សែនដុល្លារ គឺជាបន្ទុករបស់គម្រោងមូលនិធិសាកល និងថវិកាវិភាគទានរបស់រដ្ឋាភិបាលប្រមាណ១លានដុល្លារ ។ ដោយឡែកពាក់ព័ន្ធនឹងស្ថានភាពជំងឺគ្រុនចាញ់លោកនាយកម្ឈមមណ្ឌលជាតិបានបញ្ជាក់ថា ក្នុងរយៈពេល៦ ខែដើមឆ្នាំ២០១២ នេះមានករណីជំងឺគ្រុនចាញ់ព្យាបាលដោយសេវាសាធារណៈនិងភ្នាក់ងារសុខភាពស្ម័គ្រចិត្តភូមិចំនួន៣៥.៧១៣ករណី គឺថយចុះ២៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១១ដែលមាន៤៦.៣៦៣ ករណី ។ ចំណែកចំនួនអ្នកស្លាប់មាន២៨នាក់ ដែលក្នុងឆ្នាំ២០១១មាន៣១នាក់ ក្នុងរយៈពេលដូចគ្នានេះដែរ ៕
ចែករំលែកព័តមាននេះ