ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ក្បាល​ធំ​​​​​​​​ ម្តាយ​​ឪពុក​​​អស់​លទ្ធ​ភាព​​ព្យា​បាល​ហើយ​

13 ឆ្នាំ មុន

ខេត្ត​កំពត​​​​ ៖ ​​​​ពិ​ត​ជា​​​​​គួរ​ឱ្យអាសូរ​ជា​​​ពន់​ពេក​​​​​ចំពោះ​​​ក្មេង​ប្រុស​​​​ក្បាល​​ធំ​​​​ម្នាក់​ដែ​ល​​​មាន​​រូប​រាង​​​ស្គម​​​​ស្គាំង​​​​​​ដេក​​តែនៅ​​នឹង​​កន្ទេល​​​​​​​អស់​រយៈ​ពេល​​៦​ឆ្នាំ ​​​មក​​ហើយ​​ រួច​​ពេល​នេះ​​​ឪពុក​​ម្តាយ​ប្រាប់​​​ថា អស់​​លទ្ធ​ភាព​​​ព្យា​​បាល​ហើយ​ ។ ​​ក្មេង​ប្រុស​​​​ម្នាក់​​នេះ​​ឈ្មោះ​​​ ជ្រេង ប៊ុន​លាភ​ អាយុ​​​៦​ឆ្នាំ​​ មាន​ម្តាយ​​ឈ្មោះ​​​ ខេង​ យោ​ អាយុ​​​៤១​ឆ្នាំ​​ ​​​​ឪពុក​​ឈ្មោះ​​​អោម​ ​​កែវ​ ​អាយុ​​៣៨​ឆ្នាំ​​​ ​រស់​នៅ​ភូមិ​​​រំពើន​​ ឃុំ​​​ស្តេច​​​គង់​​ ស្រុ​ក​​​បន្ទាយ​​មាស ។

​បើ​​​តាម​​ម្តាយ​​​ឪពុក​​ក្មេង​​​​​​ប្រុស​អភ័ព្វ​​​​នេះ​ រៀប​រាប់​​ថា ​​​បន្ទាប់​​​ពី​បាន​​​គ្នា​ជា​ប្តី​ប្រពន្ធ​​​​​​មក​ គឺ​​ពួក​គាត់​មា​ន​កូន​តែ​​ម្នាក់​នេះ​គត់​​​​ ​ដែល​​​ពេល​​​​​កើត​​មក​ដំបូង​​​​​​​​ដូច​​គេ​​ឯង​​​​ធម្មតា​ លុះ​បាន​​អាយុ​​ជិត​​​​មួយ​ឆ្នាំ ​​ស្រាប់​តែ​មាន​ជំងឺ​​​ក្បាល​ធំ​ចម្លែក​ ។ ដោយ​សារ​​​​កូន​មា​ន​ជំងឺ​នេះ ​គាត់​បាន​​ព្យា​​យា​ម​​​​យក​កូន​​ទៅ​​ព្យា​បាល​​​គ្រប់​មន្ទីរ​ពេទ្យ​​នៅ​រាជ​ធានី​ភ្នំពេញ​​ ហើយ​​គ្រូ​ពេទ្យ​​បាន​​​​ពិនិត្យ និង​ប្រាប់​​ថា កូន​ប្រុស​​​គាត់​ទឹក​ចូល​​​ក្នុង​ខួរ​​​ក្បាល​​ ទោះ​​​​ជា​យ៉ាង​​ណា​​ក្រុម​​គ្រូ​ពេទ្យ​​​​​នៅ​មន្ទីរ​​ពេទ្យ​គន្ធ​បុប្ផា​​ ​​បាន​ខិត​ខំ​ព្យា​បាល​​កូន​គាត់​យក​ទឹក​​ចេញ​ពី​​​ក្នុង​ខួរ​​​ក្បាល​​​​រហូត​បាន​សម្រេច​​ ។ ​​

បុរស​ជា​​ឪពុក​និយាយ​ទៀត​ថា ​ក្នុង​​នាម​ជា​​ឪពុក​ម្តាយ​​​​ពួក​គាត់​មា​ន​ការ​​ត្រេក​អរ​​​ណាស់​​​ពេល​គ្រូ​ពេទ្យ​​​​បូម​ទឹក​​ចេញ​ពី​​ស្រោម​ខួរ​​​ក្បាលអស​់​ហើយ​ សង្ឃឹម​ថា ​កូន​ប្រុស​​​គាត់​ពិត​ជា​​​បាន​សះ​​ស្បើយ​​​ តែ​​ទី​បំផុត​​​​នៅ​តែ​ក្រោក​​ពី​កន្ទេល​​មិន​រួច​​​ដដែល​​ ។ ​ចាប់​តាំង​​ពី​ពេល​​​កូន​ប្រុស​​​​​គាត់​មាន​​​ជំងឺ​​​ក្បាល​ធំ​​មក​​ គ្រួសារ​​​គាត់​មិន​​មាន​សល់​លុយ​កាក់​​អ្វី​​នឹង​គេ​ទេ​ ​រហូត​ដល់​​​លក់​​​​​​ដី​ស្រែ​​​​​​​យក​លុយ​​មក​ព្យាបាល​​​កូនទៀត​​ ក៏​នៅ​តែ​​មិន​ជា​ ធ្វើ​ឱ្យ​​​​ពេល​​នេះ​​​ពួក​គាត់​​អស់​លទ្ធ​ភាព​​​​ក្នុង​​ការ​ព្យា​បាល​​  ហើយ ។

មក​ដល់​​បច្ចុប្បន្ន​​ ​​កូ​​ន​ប្រុស​​​គាត់​នេះ​​​មាន​​អាយុ​​៦​ឆ្នាំហើយ​ ប៉ុន្តែ​​​នៅ​តែ​​ដេក​​​នៅនឹង​ន្ទេល​​​រហូត​ មិន​ដឹង​​ថាត្រូវ​​គិត​យ៉ាង​​​ដូចម្តេច​​​ទៀត​ទេ ។ គាត់​អាណិត​​​កូន​ប្រុស​​គាត់​​​ណាស់​ ចេះ​សើច​​​ ចេះ​ហូប​នំ​​​ចំណី​​បាន​​ ចូល​ចិត្ត​​ស្តាប់​វិទ្យុ​ ភ្នែក​ភ្លឺ​​​​​ដូច​គេ​ដែរ​​ តែ​​ដើេរ​​មិន​រួច​ ៕