ខេត្តប៉ៃលិន ៖ នាងក្រមុំម្នាក់ បានលេបថ្នាំបា៉រ៉ាសេតាម៉ុលអស់ជិត៥០គ្រាប់ប៉ងធ្វើអត្តឃាត ដោយសារតូចចិត្តជំពាក់លុយគេ១លាន៥សែន រៀលហើយសុំអង្វរគេបង់រំលស់ក្នុង១ខែ៥០ម៉ឺនរៀល តែម្ចាស់បំណុលមិនព្រម ។ ជាសំណាងល្អដោយសារមិត្តភក្តិស្នាក់នៅជាមួយ ឮសំឡេងក្អួតចង្អោរក៏ចូលទៅមើលឃើញដបថ្នាំប៉ារ៉ាសេតាម៉ុលនៅក្បែរទើបដឹងថា នាងលេបថ្នាំ ហើយភ្លាមៗនោះ ក៏ដឹកតាមម៉ូតូយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកឃុំស្ទឹងកាច់ រួចទូរស័ព្ទហៅម្តាយនាងនៅឯខេត្តបាត់ដំបងឱ្យមកមើល ។
ប៉ុន្តែដោយមានសភាពធ្ងន់ពេក ទើបគ្រូពេទ្យទាក់ទងហៅរថយន្តសង្គ្រោះដឹកនាងយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តទៀត ។ ការលេបថ្នាំប៉ងសម្លាប់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៣១ កក្កដា ២០១២ នៅក្នុងបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានបានឱ្យដឹងថា យុវនារីរូបនេះឈ្មោះ ចាន់ ធា អាយុ១៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូនៅភូមិផ្សារព្រំ មានស្រុកកំណើតនៅភូមិចម្លងកួយ ឃុំអូររំចេក ស្រុកសំឡូត ខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ។ នាងជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូន៦នាក់ (ប្រុស៣នាក់ និងស្រី៣នាក់) ឪពុកឈ្មោះ ចាន់ ជា អាយុ៤៣ឆ្នាំ ម្តាយឈ្មោះ ឡាច ថុន អាយុ៣៩ឆ្នាំ ។ នៅមុនថ្ងៃកើតហេតុ នាងតែងតែនិយាយប្រាប់មិត្តភក្តិរួមការងារជាមួយគ្នាថា នាងពិបាកចិត្តខ្លាំងណាស់ ដោយក្រុមគ្រួសារនាងបានទិញដីនិងផ្ទះគេមួយកន្លែងនៅឯស្រុកកំណើត ក្នុងតម្លៃ២លាន៧សែនរៀល ហើយនាងធ្វើការបានលុយយកទៅបង់រំលស់ឱ្យម្ចាស់គេរួចអស់មួយចំនួនហើយ នៅជំពាក់គេតែចំនួន១លាន៥សែនរៀលទៀតប៉ុណ្ណោះ តែម្ចាស់បំណុលបានទាមទារឱ្យគ្រួសារនាងបង់បង្គ្រប់នៅថ្ងៃទី២៥ កក្កដា ជាកំណត់ ហើយម្ចាស់ផ្ទះបានប្រាប់គ្រួសារនាងថា បើសងបណ្តាក់ម្តងបន្តិចៗដូចមុនទៀត គេមិនព្រមទទួលលុយនោះទេ គឺទុកជាអសារបង់ចំពោះលុយកាក់ទាំងប៉ុន្មានដែលបានបង់កាលពីមុនរួចខ្លះហើយនោះ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា កាលពីប៉ុន្មានថ្ងៃមុនពេលនាងបើកប្រាក់ខែរួចក៏បានវេរលុយចំនួន៥០ម៉ឺុនរៀលឱ្យម្តាយនៅឯស្រុកយកទៅបង់ឱ្យម្ចាស់ផ្ទះគេ ដោយប្រាប់ថារូបនាងសុំបង់រំលស់ក្នុងមួយខែហាសិបមឺុនរៀលនិងបង់តែចំនួន៣ខែនឹងរួចគ្នាហើយ ។ ប៉ុន្តែពេលម្តាយនាងយកលុយទៅបង់ឱ្យម្ចាស់បំណុល ស្រាប់តែគេបដិសេធមិនទទួលប្រាក់នេះដោយប្រាប់ថាហួសថ្ងៃកំណត់ ហើយគេថែមទាំងប្រាប់ឱ្យឪពុកម្តាយនិងប្អូនតូចៗរបស់នាងចុះចេញពីផ្ទះនោះឱ្យឆាប់ដោយប្រាប់ថា លុយទាំងប៉ុន្មានកាលពីមុនទុកជាមោឃៈ ។ ដោយឮដូច្នេះនាងកើតទុក្ខយ៉ាងខ្លាំង មួយថ្ងៃៗនៅក្នុងបន្ទប់អង្គុយយំសោករហូតដល់ហើមភ្នែកទាំងសងខាង លុះនៅថ្ងៃកើតហេតុស្រាប់តែនាងទៅលួចទិញថ្នាំប៉ារ៉ាសេតាម៉ុលមួយកំប៉ុងធំចំនួន៥០គ្រាប់ យកមកសំងំលេបនៅក្នុងបន្ទប់ជួលដោយនៅសល់តែ២គ្រាប់ប៉ុណ្ណោះជ្រុះនៅក្នុងបន្ទប់ ។
ចំណែកស្ត្រីជាម្តាយឈ្មោះ ឡាច ថុន បានប្រាប់កោះសន្តិភាពទាំងហូរទឹកភ្នែកសស្រាក់ថា ក្រុមគ្រួសារគាត់បានទិញដី និងផ្ទះមួយកន្លែងពីតាអាចារ្យវត្តនៅភូមិជាមួយគ្នាឈ្មោះ ទ្រី អាយុប្រហែល៦៥ឆ្នាំ ហើយក្នុងការទិញដូរនេះលោកតាអាចារ្យមិនឱ្យគាត់ហៅមេភូមិ ឬមេក្រុមមកដឹងឮ និងផ្តិតមេដៃធ្វើជាសាក្សីនោះទេ គឺគ្រាន់តែយកព្រះសង្ឃ២អង្គនៅក្នុងវត្តមកផ្តិតមេដៃធ្វើជាសាក្សីប៉ុណ្ណោះ ។ ដោយទុកចិត្តលោកតាអាចារ្យ និងមានព្រះសង្ឃមកធ្វើជាសាក្សីទៀត ទើបគាត់ក៏មិនបានហៅអាជ្ញាធរមកជួយដឹងឮឡើយ ហើយដីនិងផ្ទះនេះគាត់ទិញតម្លៃរហូតទៅដល់២លាន៧សែនរៀល ដោយទិញអស់រយៈជាង៧ខែកន្លងមកហើយ តែដោយខ្វះលុយកាក់ ពេលកូនស្រីគាត់ឈ្មោះ ចាន់ ធា ធ្វើការនៅកាស៊ីណូបានលុយ ក៏យកមកបង់សងរំលស់ជារៀងរាល់ខែ ។
នៅមុនថ្ងៃកើតហេតុ ពេលកូនស្រីគាត់វេរលុយចំនួន៥សែនរៀលយកទៅបង់ឱ្យក្រោយថ្ងៃកំណត់ចំនួន២ថ្ងៃ ស្រាប់តែបុរសចំណាស់រូបនេះឱ្យគាត់យកលុយ៥សែនរៀលនេះត្រឡប់មកវិញដោយប្រាប់ថា គាត់មិនទទួលទេទាល់តែគ្រប់ចំនួនទើបអាចយកបាន ហើយណាមួយលុយដែលយកមកបង់នេះហួសថ្ងៃកំណត់ទៀតផង ។ ស្ត្រីរូបនេះបានរៀបរាប់ដោយសម្តីក្តុកក្តួលថា លោកតាអាចារ្យរូបនោះថែមទាំងបានបណ្តេញគាត់និងក្រុមគ្រួសារឱ្យចេញពីផ្ទះដែលគាត់បានទិញស័ង្កសីអស់លុយចំនួន៥០ម៉ឺនរៀលយកមកជួសជុលរួចរាល់ហើយ និងមានដាំដំណាំពេញទីធ្លាអស់ហើយទៀត ។
ឥឡូវនេះមេភូមិមិនទាន់ដឹងថា តាអាចារ្យនេះដេញពួកគាត់ចេញនៅឡើយទេ ហើយពេលគាត់ត្រឡប់ពីមើលកូនស្រីលេបថ្នាំរួចនឹងប្រាប់មេភូមិឱ្យជួយដោះស្រាយ ក្រែងគាត់អាចជួយបានខ្លះ ។ ចំណែកកូនស្រីរបស់គាត់សន្លប់អស់ជាច្រើនម៉ោងមកហើយ នៅតែមិនទាន់ដឹងខ្លួនទៀត ណាមួយគ្មានប្រាក់កាសនៅជាប់នឹងខ្លួនបន្តិចបន្តួចសោះ មិនដឹងថា កូនគាត់នឹងទៅជាយ៉ាងណានោះទេ ព្រោះក្រហើយទ័លទៀត ។ ទាក់ទិននឹងរឿងរ៉ាវខាងលើ មិនអាចស្វែងរកការបំភ្លឺពីតាអាចារ្យវត្តឈ្មោះ ទ្រី នោះបានទេ ៕
ចែករំលែកព័តមាននេះ