ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បត់​ម៉ូតូ​​ចូល​ផ្សារ​​​ទាក់​ចង្កូត​​​គ្នា​ដួលរបួស​ធ្ងន់​3នាក់ស្រាល​2នាក់​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ បុរស​ម្នាក់​​បាន​ជិះ​​ម៉ូតូ​ឌុប​កូន​ឆ្ពោះ​ទៅ​ផ្សារ​រក​ទិញ​ម្ហូប​ ពេល​ដល់​​ផ្លូវ​ចូល​​​ផ្សារ​​បាន​បត់​ម៉ូតូ​ចូល​​ក៏​ទាក់​ដៃ​​ម៉ូតូ​​មួយ​គ្រឿង​​​ទៀត​ជិះ​គ្នា​​​៣នាក់​ បណ្តាលឱ្យ​​ដួល​បោក​ទៅ​លើ​ផ្លូវ​រង​របួស​​​ធ្ងន់​​​​៣នាក់ ស្រាល​​២នាក់ ។ គ្រោះ​ថ្នាក់​​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​​៤និង​​៣០​នាទី​រសៀល​ថ្ងៃទី​៣១​ កក្កដា តាម​ផ្លូវ​ជាតិ​លេខ​៣ ចំណុច​​មុខ​​ផ្សារ​ព្រៃ​ទទឹង​ ក្នុងស្រុ​ក​កណ្តាល​ស្ទឹង​។

តាម​​​សម្តី​របស់​សាច់​ញាតិ​​​ជនរងគ្រោះ​​បាន​ឱ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ឈ្មោះ វណ្ណ​ ថុន​ អាយុ​​៣៨​ឆ្នាំ រស់នៅ​​ភូមិស្លែង​ ឃុំ​ត្រ​ពាំង​​វែង​ ស្រុក​កណ្តាលស្ទឹ​ង​ ខេត្ត​កណ្តាល ជិះម៉ូតូ​​សេ​១២៥​ ​សេ៊រី​​២០០៧​ ​ឌុប​កូន​ស្រី​​ឈ្មោះ ថុន​ ប៉ោ អាយុ​៤ឆ្នាំ ​ក្នុង​គោលបំណង​​ទៅ​ទិញ​​ម្ហូប​​នៅ​ផ្សារ​ព្រៃ​ទទឹង​ ដោយជិះ​ពី​ជើង​ទៅ​ត្បូង​ ស្រប​ពេល​នោះ​មាន​ម៉ូូ​តូ​វីវ៉ា​ ពណ៌ខ្មៅ​មួយ​គ្រឿង​ជិះ​ក្នុង​​ទិស​ដៅ​ស្រប​គ្នា​ពីក្រោយ​ជិះគ្នា​​៣នាក់​ ឌុប​កូន​​ និង​ក្មួយ​​​ពិការ​ម្នាក់​​ត្រឡប់​មក​ពី​លេង​ផ្ទះ​បង​ប្អូន​​ មក​ដល់​​ចំណុច​ខាង​លើ​​​​ម៉ូតូ​​សេ​​១២៥​​​​បត់​ឆ្វេង​​ចូល​ផ្សារ​ ក៏​បាន​ទាក់​ដៃ​ចង្កូត​​ជាមួយ​ម៉ូតូ​វីវ៉ា​​ដួល​បណ្តាលឱ្យ​រង​របួស​​​ធ្ងន់​​​៣នាក់​ ស្រាល​២នាក់ ។

ជន​រងគ្រោះ​​របួស​មាន​​ អ្នក​បើក​​​ម៉ូតូ​​សេ​​១២៥​​ឈ្មោះ វណ្ណ​ ថុន​​ របួស​​ធ្ងន់​បែ​កក្បាល​​​ និង​រយះ​ជើង​ កូន​ស្រី​របួស​ស្រាល​ព្យាបាល​​នៅ​មណ្ឌល​សុខ​ភាព​កន្ទួត​ ។ ចំណែក​អ្នកបើក​ម៉ូតូ​​វីវ៉ា​​ឈ្មោះ កុង​ កប​ ភេទ​ប្រុស​ អាយុ​​៣៨​ឆ្នាំ ជាកសិករ​ មាន​ទី​លំនៅ​​​ភូមិ​ពូន​ភ្នំ​ ឃុំ​លំពង់​ ស្រុក​បាទី​ ខេត្ត​តា​កែវ​ រងរបួស​ត្រូវ​ភ្នែក​ខា​ង​ស្តាំ​ ឌុប​កូន​ស្រី​ឈ្មោះ កប​​ សារី​ អាយុ​៥​ឆ្នាំ​ រង​របួស​​ធ្ងន់​ត្រូវ​បាន​​​ដឹក​យក​ទៅ​​មន្ទីរពេទ្យ​​គន្ធបុប្ផា ឯក្មួយ​​ប្រុស​ដែល​​​ពិការ​នោះ​រង​របួស​ស្រាល​ ។

ជន​រងគ្រោះ​​ជា​ឪពុក​​​​ទាំង​​២នាក់​​​ដែល​រងរបួស​​​ធ្ងន់​ត្រូវ​បាន​​​​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​​ព្រះកុសុមៈ​​ជាមួយ​គ្នា ។ចំណែក​ម៉ូតូ​​ទាំង​​២គ្រឿង​​រងការ​ខូច​ខាត​​​គួរ​សម​​ត្រូវ​​​ប៉ូលិស​យក​ទៅ​រក្សា​ទុ​ក​​​នៅ​អធិការ​​ដ្ឋាន​ស្រុក​​កណ្តាល​ស្ទឹង​រង់​ចាំ​ដោះ​ស្រាយ​ជាក្រោយ ៕