ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​ព្យុះ​​បំផ្លាញ​​​ផ្ទះ​និង​សាឡុំ​​​​16ខ្នង​​របើក​​ដំបូល ​ទ្រេត​ និង​​​​បាក់​​រលំ​​រាប​ដល់​ដី​​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​​​ ៖ លំនៅ​ឋាន​ និង​​រោង​ឡ​ឥដ្ឋ​របស់​ប្រជា​ពល​​រដ្ឋ​​ចំនួន​​១៦​ខ្នង ​នៅ​ស្រុក​​ចំនួន​​៣ ​ក្នុង​នោះ​​មាន​ស្រុក​​​​បាធាយ ​ស្រុក​ជើង​ព្រៃ ​និង​ស្រុក​ពញា​ក្រែកបាន​​រង​ការ​ខូច​ខាត​​ ខ្លះ​​របើក​​ដំបូល​​ ​​ខ្លះ​ទ្រេត​ និង​មួយ​ចំនួន​​ទៀត​បាក់​រលំ​រាប​ដល់​ដី​ ព្រម​ទាំង​បាន​បង្ក​​ឱ្យ​រង​របួស​​កម្មករ​ម្នាក់ ។ ​ខ្យល់​ព្យុះ​​បាន​វាយ​​ប្រហារ​ក្នុង​ខណៈ​​ពេល​​មេឃ​កំពុង​​​​ធ្លាក់​​ភ្លៀង​ កាល​ពី​ល្ងាច​​ និង​យប់​ថ្ងៃ​ទី​​៣១ ​កក្កដា ។

​តាម​មន្ត្រី​នគរ​បាល​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​មួយ​​រូប​​បាន​ប្រាប់​កោះ​សន្តិ​ភាព​​ឱ្យ​ដឹង​ថា ​កាល​ពី​វេលា​ម៉ោង​​៣​និង​​៣០​នាទី​​រសៀល​ថ្ងៃ​ទី​​៣១ កក្កដា ​​​​ភ្លៀង​​បាន​ធ្លាក់​​ចុះ​មក​​យ៉ាង​ខ្លាំង​​លើ​ភូមិ​​ដូន​ដុំ ​ឃុំ​​សូទិព្វ ​ស្រុក​ជើង​ព្រៃ ​បណ្តាល​​ឱ្យ​​ផ្ទះ​​ចំនួន​​៤​ខ្នង​​ត្រូវ​រលំ​បាក់​​រាប​ដល់​ដី​ និង​ខ្លះ​​ទ្រេត​ ។ ផ្ទះ​ដែល​​រង​គ្រោះ​នេះ​​ខ្លះ​មាន​​ទំហំ​​៥ម៉ែត្រ​​X៧​ម៉ែត្រ​ ខ្លះ​​៤ម៉ែត្រ​X៥​ម៉ែត្រ​ ។

មន្ត្រី​នគ​របាល​​ដដែល​បាន​ប្រាប់​​បន្ត​ថា ​ចំណែក​​នៅ​ភូមិ​​ស្គន់ ​ភូមិ​​ដូន​ដុំ ​ឃុំ​សូទិព្វ​ ​វិ​ញ​មាន​​ផ្ទះ​ចំនួន​៧ខ្នង​ ក្នុង​នោះ​​​មាន​រោង​ឡឥដ្ឋ​ដែរ ដែល​ខ្លះ​​ប៉ើង​​ដំបូល​ ខ្លះ​​​​បាក់​រាប​ដល់​ដី និង​មាន​​​កម្មករ​​ម្នាក់​របួស​ ដោយ​សារ​​ព្យុះ​​ភ្លៀង​​នេះ​ ។ នៅ​វេលា​ម៉ោង​​៤និង​​៣០​នាទី​​រសៀល​​ថ្ងៃ​ដដែល​​ ​នៅ​ស្រុក​បាធាយ​​​​​មាន​ផ្ទះ​ចំនួន​​៤​ខ្នង ​និង​សាឡុំ​​មួយ​​​ក៏ត្រូវ​រង​ការ​​​ខូច​ខាត​ដោយ​សារ​តែ​ខ្យល់​​ព្យុះ​បោក​​​បក់​​​យ៉ាង​​​ខ្លាំង​​ ​ក្នុង​នោះ​​មាន​ផ្ទះ​​​ប្រជា​ពល​រដ្ឋ​​ចំនួន​​​៣​ខ្នង​​​ នៅ​​ភូមិ​​ស្វាយ​ព្រៃ​​ ឃុំ​សណ្តែក  និង​ភូមិ​​ត្រពាំង​សោ ឃុំ​ទំនប់១​ខ្នង  ​បាន​​​របើក​​ដំបូល​ និង​រលំ​​បាក់​រាប​ដល់​ដី​ ដោយ​ឡែក​​សាឡុំ​​វត្ត​​ពុទ្ធ​​មណ្ឌល​​១​ខ្នង​ ​​ត្រូវ​បាន​ដើម​ស្វាយ​​រលំ​​​លើ​ បណ្តាល​ឱ្យ​បាក់​​បែក​ ខូច​ខាត​ទាំ​ង​ស្រុង ។​

​មន្ត្រី​នគរ​បាល​​ខេត្ត​បាន​បញ្ជាក់​ថា នៅស្រុក​​ពញា​ក្រែក​ឯ​ណោះ​វិញ ​ផ្ទះ​ប្រជា​ពល​រដ្ឋ​​១​ខ្នង​​របស់​ឈ្មោះ​​សុខ អឿន​​ ភេទ​ប្រុស អា​យុ​​៣៨​ឆ្នាំ ​ធ្វើ​ពី​ឈើ​​​ប្រក់​ស័ង្ក​សី​ ​ទំហំ​​៥​ម៉ែត្រ​X​៦​ម៉ែត្រ​ នៅ​ភូមិ​​បត់​ទន្លា ​ឃុំ​​កណ្តោល​​ជ្រុំ​ ​ត្រូវ​ខ្យល់​​ព្យុះ​បំផ្លាញ​​ឱ្យ​រលំ​​ខូច​ទាំង​ស្រុង​ផង​ដែរ ៕​