ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សង្កេត​ការណ៍​​ អ.ស.ប​​ ថា​​​​ពួក​ឧទ្ទាម​​​ស៊ីរី​​​មាន​​រថ​ក្រោះ​​​នៅ​ក្រុង​អាឡែប​

13 ឆ្នាំ មុន

បេសកកម្ម​សង្កេត​ការណ៍​​​អ.ស.ប​ នៅ​​ស៊ីរី​​​​ថ្លែង​​ថា​ខ្លួន​​មាន​ការ​​​ព្រួយ​បារម្ភ​​​យ៉ាង​ខ្លាំង​ចំពោះ​​​សភាព​ការណ៍​​​ក្នុង​ទីក្រុង​​អាឡែប​​ដោយ​​អះអាង​ថា ពួកកឧទ្ទាម​​​​​ប្រដាប់​អាវុធ​ជាលើក​​ដំបូង​មាន​​​អាវុធធុនធ្ងន់​​​ក្នុង​​នោះ​​​រួម​​​​មាន​ទាំង​រថ​ក្រោះ​​​​​​ផង​​​​ក្នុង​​ការ​ប្រយុទ្ធ​​​​​នៅទីក្រុង​​​នេះ។​ក្នុង​​សន្និសីទ​សារព័ត៌​មាន​មួយ​កាលពី​ថ្ងៃទី១​សីហា អ្នក​​នាំពាក្យ​របស់​​បេសកកម្ម​​​​នោះ​ ​លោក​​​ស្រី SAUSAN GHOSHEH អះអាង​​​​ប្រាប់​​ក្រុម​​អ្នក​កាសែត​ថា ​ពួក​ប្រឆាំង​ពេល​​​​នេះ​មាន​អាវុធ​​​ធុន​ធ្ងន់​​រួមទាំង​​រថ​ក្រោះ​​ផង ។​

លោក​​ស្រី​​ GHOSHEH ថ្លែងថា បេសកកម្ម​​ត្រួត​ពិនិត្យ​​របស់​អ.ស.ប​​មាន​ការ​ព្រួយ​​បារម្ភ​​​ខ្លាំង​ចំពោះ​​​​ការ​ប្រយុទ្ធគ្នា​​​​​​យ៉ាង​​​សាហាវ​​​បំផុត​​នៅ​ក្រុង​អាឡែប​ ។ យើង​​​​ទទួល​បាន​​​​ព័ត៌​មាន​​នានា​ ថា​មាន​ការ​ប្រើ​ប្រាស់​​​យ៉ាង​ខ្លាំង​នូវអាវុធ​ធុន​ធ្ងន់​ក្នុង​នោះ​​រួម​មាន​​​រថ​ក្រោះ​​កាំភ្លើង​​ធុន​​​ធ្ងន់​ ​ ព្រមទាំង​​កាំភ្លើង​ធំ ។ ​លោកស្រី​បន្ត​ថា ​កាលពី​​ថ្ងៃទី​៣១កក្កដា​​យើង​​​បាន​ឃើញ​​​​ការ​បាញ់​​ប្រហារ​​​ជា​លើក​ដំបូង​​ចេញពី​​​យន្ត​ហោះ​​​ប្រដេញ​​​មួយ​គ្រឿង  ។ ​លោក​ស្រី​​បញ្ជាក់​​​ថា សភាពការណ៍​​​មនុស្ស​ធម៌​​​នឹង​មាន​​ភាព​​យ៉ាប់​​យ៉ឺន​​នៅ​​ក្រុង​​អាឡែប​ ព្រោះ​ជន​ស៊ីវិល​​​មួយ​ចំនួន​​​នៅ​​ជាប់​ក្នុង​​​ទី​លាន​​​ប្រយុទ្ធ​​​រវាង​​ក្រុម​​ច្បាំង​គ្នា​ទាំង  ​២ ។ មាន​ប្រជាជនខ្លះ​​រត់​ភៀសខ្លួន​​នៅ​​​ជ្រក​​​​នៅ​តាម​​សាលា​រៀន​​ មន្ទីរ​ពេទ្យ​និង​អគារ​រដ្ឋ​ទាំង​ឡាយ  ព្រមទាំង​​​ក្នុង​សង្កាត់​​ដែលពុំ​ទាន់​​មាន​ការ​​​ប្រយុទ្ធ​​គ្នា ។​

ការ​ប្រយុទ្ធគ្នា​​យ៉ាង​សាហាវ​​​កើត​មាន​​​កាលពី​ថ្ងៃទី​​​១ សីហា​នៅ​​ក្រុងអាឡែប​​ រវាង​កងទ័ព​​​​​​​ស៊ីរី​ គាំទ្រ​​ដោយ​ពួកយុទ្ធ​ជន​កុល​សម្ព័ន្ធ​​​និង​​ពួកឧទ្ទាម​​ ដែល​​​ចង់​​វាយ​​​ដណ្តើម​​កាន់កាប់​​​ទីស្នាក់​ការ​របស់​​ភ្នាក់​ងារ​​ស៊ើប​ការណ៍​​​ហើយ​​ត្រួត​ត្រា​ទីក្រុង​ធំទី២​  នោះ​របស់​​​ស៊ីរី ។
​យោងតាម​​​​អង្គការ​​  OSDH ស្និទ្ធ​​​​ពួក​ឧទ្ទាម​​​ថា  អំពើ​​ហិង្សា​​​នៅ​ស៊ីរី​​​នា​ថ្ងៃ​ទី១ សីហា​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​​១៣២​​នាក់​​ ​ក្នុង​នោះ​មាន​​ជន​​ស៊ីវិល​៧៦​នាក់ ទាហាន​​​៤៣​​នាក់ និង​​ពួក​​ឧទ្ទាម​​១៣​​នាក់ ។ ប្រមុខ​​​ពួក​​ឧទ្ទាម​​នៅ​ក្រុង​អាឡែប​​វរសេនីយ៍​​ឯក​​អាប់​​ដែល​​ចាបា  អាល់​​អូកៃឌី ​និយាយ​​​​ថា​ពួក​បះបោរ​​នៅទីក្រុង​​នោះ​​មាន​កម្លាំង​ជាច្រើន​​ពាន់​​នាក់​​​ ហើយ​​ប្រភព​​​​សន្តិសុខ​ថា​មាន​ប្រមាណ​​​​ជា​៤.០០០​​នាក់ ។​

​ប្រធានាធិបតី​​ស៊ីរី​លោក​​បាចា​​អាល់អាសាដ​ ថ្លែង​កាលពី​ថ្ងៃទី១​សីហា​​ថា​កងទ័ព​​តស៊ូ​ក្នុង​ការ​​​ប្រយុទ្ធតាម​​​ព្រេង​វាសនា​​​​កំណត់​​​ ពីព្រោះ​​ពួក​សត្រូវ​បាន​ប្រើប្រាស់​​បណ្តា​សមាសភាព​​​ខាង​ក្នុង​​ ដើម្បី​​​​បង្ក​​អស្ថេរភាព​ដល់​ស៊ីរី ​។​នៅ​​មុខ​កងទ័ព​​​ស៊ីរី​​​នា​ឱកាស​​ខួប​​លើកទី​​៦៧​​នៃ​ការ​​បង្កើត​​​កងទ័ព​​ លោក​អាសាដថ្លែងថា ពួក​​សត្រូវ​​​​ស៊ីរី​​បានប្រើ​ប្រាស់​​បណ្តា​ភ្នាក់​ងារ​ក្នុង​ប្រទេស​​ធ្វើ​ជា​ស្ពាន​​ សម្រាប់​​បំផ្លាញ​​ស្ថេរភាព​​​និង​សន្តិសុខ​របស់​ស៊ីរី​​​ហើយ​បំផ្លាញ​​​​សក្តានុពល​​សេដ្ឋ​កិច្ច​ និង​សមត្ថភាព​វិទ្យា​សាស្ត្រ​​របស់យើង ។​
​របាយ​ការណ៍​​​​ចុង​ក្រោយ​ទាំងឡាយ​​​​ស្តីពីការ​​​​​ប្រយុទ្ធ​​​​នៅក្រុង​អាឡែប​​អះអាង​ថា  ពួកឧទ្ទាម​​មាន​មីស៊ីល​​​ដី-​អាកាស​​របស់​​តួកគី​ ។

នាយករដ្ឋ​មន្ត្រី​​តួកគី​​ថ្លែង​​នាពេល​​ថ្មីៗ​នេះ​ថា ប្រជាជន​​​ស៊ីរី​នឹងត្រូវ​រំដោះ​​នាពេលឆាប់ៗពីរបប​ដែល​មាន​ដៃប្រឡាក់​ឈាម ។​
​ចំណែក​​ក្រសួង​ការ​បរទេស​​​​​អាមេរិក​វិញ ប្រកាសកាលពី​ថ្ងៃទី១សីហាថា បាន​ផ្តល់​ប្រាក់​២៥​​លាន​ដុល្លារ​​​ឱ្យ​ដល់​​ពួក​ឧទ្ទាម​​ស៊ីរី ។ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​លោក​ PATRICK VENTRELL ​ថ្លែង​ថា​ ​រដ្ឋ​ការ​​លោក​អូបាម៉ា​​ ដំបូង​​គ្រោង​ផ្តល់​​ជំនួយ​ដល់​​ពួកឧទ្ទាម​​​​​ស៊ីរី​​​ត្រឹម​តែ​​​​​១៥​លាន​​ដុល្លារ​ទេ ​ក៏ប៉ន្តែ​​​ជំនួយ​នេះ​ត្រូវ​​​​បន្ថែម​​​១០​លាន​​ដុល្លារទៀត ៕