ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ហ៊ុន​ជប៉ុន​ប្រមាណ​​២០​ត្រៀម​ចូល​បណ្តាក់​ទុន​នៅ​កម្ពុជា​ ខណៈ​​ទំនាក់​ទំនង​​ទ្វេ​ភាគី​កាន់​តែ​ល្អ​ប្រសើរ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្ពុជា​នៅ​តែ​មាន​​សក្តានុ​ពល​ទាក់​ទាញ​វិនិ​យោគិន​​ជប៉ុន​​មក​បណ្តាក់ទុន​រក​ស៊ី ដើម្បី​ពង្រីក​ចរន្ត​ពាណិជ្ជ​កម្ម​​ដដែល បើ​ទោះ​ណា​ប្រទេស​មីយ៉ាន់ម៉ា ​បាន​​ផ្លាស់​ប្តូរ​របប​ពី​ការ​គ្រប់​គ្រង​ដោយ​រដ្ឋា​ភិបាល​យោធា​ទៅ​ជា​គ្រប់​គ្រង​ដោយ​រដ្ឋា​ភិបាល​បោះ​ឆ្នោត​ ហើយ​បើក​​ទ្វារ​ទទួល​​ពាណិជ្ជ​ករ អ្នក​វិនិ​យោគ​ពី​បណ្តា​ប្រទេស​​មហា​អំណាច​​សេដ្ឋ​កិច្ច​ក៏​ដោយ ក៏​ក្រុម​ហ៊ុន​​ធំៗ​​ប្រហែល​​២០​​របស់​​ជប៉ុន​បាន​ត្រៀម​​ខ្លួន​រួច​ជា​ស្រេច​​​ហើយដែរ ​ក្នុង​ការ​ចូល​​មក​បណ្តាក់​ទុន​រក​ស៊ី​​ក្នុង​ប្រទេស​​កម្ពុជា ។

ការ​ទម្លាយ​អាថ៌​កំបាំង​​នូវ​គម្រោង​​​​ពាណិជ្ជ​​កម្ម​​ដ៏​ធំ​​រវាង​​កម្ពុជា-ជប៉ុន​​បែប​នេះ បាន​កើត​ឡើង​​ ខណៈ​​​លោក​យិន ពិសិដ្ឋ អ្នក​កាសែត​​កោះ​សន្តិ​ភាព​ត្រូវ​បាន​អញ្ជើញ​ដោយ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​​កម្ពុជា​ធ្វើ​ទស្សន​កិច្ច​ស្វែង​យល់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ហើយ​ត្រូវ​បាន​​អនុ​ញ្ញាត​​ជួប​សំណេះ​សំណាល​​ និងធ្វើ​បទ​សម្ភាសន៍​​ពិសេស​មួយ​ជា​មួយ​​លោក​ហោ មុនី​រ័ត្ន ឯក​អគ្គ​រាជ​ទូត​​កម្ពុជា​ប្រចាំ​​នៅ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន ​កាល​ពី​ពាក់​កណ្តាល​ខែ​កកក្កដា ២០១២ កន្លង​ទៅ​នេះ។

​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​​លោក​ហោ មុនី​រ័ត្ន​ បាន​​មាន​ប្រសាសន៍​ថា ខណៈ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា-ជប៉ុន​កំពុង​តែ​មាន​ការ​ឈាន​ឡើង​ជា​លំដាប់​នោះ ក្រុម​ហ៊ុន​ធំៗ​របស់​ជប៉ុន​ប្រមាណ​​២០​បាន​ត្រៀម​ខ្លួន​​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ចូល​មក​បណ្តាក់​​ទុក​រក​ស៊ី​ក្នុង​ប្រទេស​កម្ពុជា ឆាប់ៗ​នេះ ប្រយោជន៍​ពង្រីក​ពង្រឹង​​ទំនាក់​ទំនង​ទ្វេ​ភាគី​ និង​សហ​ប្រតិ​បត្តិ​ការ​​សេដ្ឋ​កិច្ច បន្ទាប់​​ពី​វិនិ​យោគិន​​ទាំង​នោះ​​បាន​ស្វែង​យល់​​អំពី​ទី​ផ្សារ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១១​ ។ ឯក​អគ្គ​រាជ​ទូត​រូប​នេះ​បាន​ឱ្យ​ដឹង​​ថា រដ្ឋា​ភិបាល​ជប៉ុន​ បើ​ទោះ​ណា​​ជួប​គ្រោះ​មហន្ត​រាយ​​រញ្ជួយ​ដី រលក​យក្ស​ស៊ូណាមី ខាត​បង់​ទ្រព្យ​សម្បត្តិ​​ធំធេង​ក៏​ដោយ ​ក៏​នៅ​​តែ​រក្សា​ជំហរ​រឹត​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​កម្ពុជា​ដដែល ជា​ពិសេស​ជំនួយ​ឥត​សំណង​មក​កម្ពុជា​នៅតែ​មាន…​ប្រាក់​កម្ចី​ អត្រា​ការ​ប្រាក់​ទាប​នៅ​តែ​មាន ។

ពាក់​ព័ន្ធ​នឹង​វិស័យ​​ពាណិជ្ជ​កម្ម​​លោក​ឯក​អគ្គ​រាជ​ទូត​ ហោ មុនី​រ័ត្ន បាន​​ឱ្យ​ដឹង​​ទៀត​ថា ​ជប៉ុន​​បាន​នាំ​ផលិត​ផល​ជា​ច្រើន​​ប្រភេទ​​ចូល​ទៅ​​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​​រថយន្ត គ្រឿង​យន្ត​ ​គ្រឿង​ចក្រ ​គ្រឿង​អេឡិច​ត្រូនិច សម្ភារ​ប្រើ​ប្រាស់​អគ្គិ​សនី ​គ្រឿង​ម្ហូប​អាហារ​ជា​ដើម​ ដូច្នេះ​​ប្រទេស​កម្ពុជា​​ជា​ដង្ហើម​​សេដ្ឋ​កិច្ច​មួយ​​ផងដែរ​របស់​ប្រទេស​ជប៉ុន ហើយ​យើង​ទាំង​២​ប្រៀប​ដូច​ជា​សរសៃ​ឈាម​ត្រូវ​តែ​មាន​ការ​ផ្សារ​ភ្ជាប់​​សេដ្ឋ​កិច្ច​នឹង​គ្នា​ ។ បច្ចុ​ប្បន្ន​​ជប៉ុន​​បាន​បង្កើត​រោង​ចក្រ​​ផលិត​ខោ​អាវ ហើយ​នាំ​​ខោអាវ​​ពី​កម្ពុជា​មក​​លក់​នៅ​ជប៉ុន​ និង​បង្កើត​ផលិត​ផល​ជា​ច្រើន​ទៀត​​ដូចជា ស្បែក​ជើង ​ខោ​អាវ​ធំ ​រទេះ​កូន​ក្មេង​​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ផ្សេងៗ ។ នៅ​តាម​ហាង​ទំនិញ​ខ្លះ​​ក្នុង​ប្រទេស​​ជប៉ុន​​គេ​​សង្កេត​ឃើញ​មាន​ស្រា​បៀរ​កម្ពុជា​ ទឹក​បរិសុទ្ធ​វីតាល់… ត្រូវ​បាន​គេ​តាំង​ដាក់​លក់​ ​ហើយ​ទោះ​បី​ជា​មាន​ទំនិញ​កម្ពុជា​តិច​តួច​យ៉ាង​ណា​​ក្តី​ក៏​វា​គ្រាន់​​បើ​ជាង​អត់ ។

​លោក​ឯក​អគ្គ​រាជ​ទូត​​បាន​បន្ត​ថា ​ថ្មីៗ​នេះ​​មាន​ក្រុម​ហ៊ុន​ជប៉ុន​ធំ​​លំដាប់​ទី​២ ខាង​ផលិត​​ម៉ាស៊ីន​​តូចៗ និង​​កូន​ម៉ាស៊ីន​​ម៉ូទ័រ​កំពុង​ដំណើរ​​ក្នុង​ប្រទេស​កម្ពុជា ។ កូន​ម៉ាស៊ីន​ម៉ូទ័រ​នោះ​ទៀត​​សោត​ត្រូវ​បាន​លោក​ទូត​ពន្យល់​ថា វា​ជា​មេ​ចលនា (ចលករ) ​នាំ​ឱ្យ​គ្រឿង​អេឡិច​ត្រូ​និច​ទាំង​​ឡាយ​ដើរ​ ដូច​ជា នាឡិកា, ទូរស័ព្ទ, ​ទូរទស្សន៍, ម៉ាញ៉េ, ​ម៉ាស៊ីន​ចាក់​ភ្លេង និង​រូប​ភាព (MP3, VCD, DVD) … ពេល​នោះ​ផលិត​ផល​​អេឡិច​ត្រូនិច​​​ជាច្រើន​នឹង​ត្រូវ​បង្កើត​​ឡើង​ដោយ​សំបូរ​បែប​​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

​សូម​បញ្ជាក់ថា ​វិស័យ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា-ជប៉ុន​​​បាន​ចាប់​​ផ្តើម​មាន​សន្ទុះ​ចាប់​តាំង​​ពី​ឆ្នាំ​១៩៨៦ ​មក​ម៉្លេះ ​ហើយ​មាន​កំណើន​​ជា​លំដាប់​​ ខណៈ​​ទំនាក់​​ទំនង​​ការ​ទូត​បាន​​ឈាន​​មក​ដល់​​ខួប​៥៥​ឆ្នាំ ។ រយៈ​​ពេល​៤​ឆ្នាំ ចុង​ក្រោយ​នេះ ​សភាព​ការណ៍​ទូទៅ​រវាង​កម្ពុជា-ជប៉ុន​​នៅតែ​មាន​ភាព​ស៊ី​ចង្វាក់​​ល្អ​នឹង​គ្នា​ដដែល បើ​ពិត​មែន​មាន​​ការ​ផ្លាស់​​ប្តូរ​​នាយក​រដ្ឋ​មន្ត្រី​ដល់​ទៅ​៤​ដង​ក៏​ដោយ ។ ​នាយក​រដ្ឋ​មន្ត្រី​ដែល​ត្រូវ​បាន​​ផ្លាស់​ប្តូរ​ រួម​មាន​​លោក Taro Aso, លោក Yukio Hatoyama, ​លោក Naoto Kan និង​លោក Yoshihiko Noda នាយក​រដ្ឋ​មន្ត្រី​កំពុង​​កាន់​តំណែង​បច្ចុ​ប្បន្ន។ ​បើ​ទោះ​បីជា​គណ​បក្ស​​ណា​កាន់​​អំណាច​ក៏​ដោយ ​ក៏​ការ​ទំនាក់ទំនង​ល្អ​​រវាង​ប្រទេស​ទាំង​២​នៅតែ​មាន​ភាព​រលូន និង​​អភិ​វឌ្ឍន៍​ទៅ​មុខ… ជា​ពិសេស​​ចាប់​តាំង​ពី​​ឆ្នាំ​២០០៩ ​ដល់​២០១២ ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី និង​ព្រះ​មហា​ក្សត្រ​កម្ពុជា បាន​អញ្ជើញ និង​យាង​​ធ្វើ​ទស្សន​កិច្ច​​ផ្លូវ​ការ​-រដ្ឋ​នៅ​ប្រទេស​​ជប៉ុន ហើយ​​​ថ្មីៗ​នេះ​ រជ្ជ​ទាយាទ​​ជប៉ុន​ ណារុហ៊ីតូ បាន​យាង​ធ្វើ​ទស្សន​កិច្ច​ក្នុង​ប្រទេស​​កម្ពុជា​ជាការ​ឆ្លើយ​តប​ និង​ផ្តល់​​ភាព​កក់​ក្តៅ​ទៅ​វិញ​​ទៅ​មក ​ដែល​ជា​ប្រការ​មួយ​រឹង​​រឹត​តែ​​ធ្វើ​ឱ្យ​ទំនាក់​ទំនង​​ទ្វេ​ភាគី​  សហ​ប្រតិ​បត្តិ​ការ សេដ្ឋ​កិច្ច​មាន​​ភាព​ល្អ​ប្រសើរ ។

គួររំលឹក​ផង​ដែរថា ​ជប៉ុន និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​​បាន​ឯក​ភាព​គ្នា​ កាល​ពី​ថ្ងៃ​ទី​២៧ មេសា ២០១២ ​ថា ពួកគេ​សន្យា «រៀប​ចំ​ផែន​ការ» ​ដើម្បី​បង្កើន​សន្ទុះ​​សេដ្ឋ​កិច្ច​​ឱ្យ​ឈាន​ឡើង​នៅ​ក្នុង​តំបន់ ខណៈ​ដែល​ជប៉ុន​​ជា​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​លំដាប់​ទី​៣ ក្នុងពិភព​លោក ។ ​ការ​សម្រេច​ចិត្ត​​នេះ ​បាន​ធ្វើ​​ឡើង​នៅ​ទី​ក្រុង​តូក្យូ ប្រទេស​ជប៉ុន ខណៈ​ដែល​​សមា​ជិក​​អាស៊ាន​​ទាំង​១០​ប្រទេស​ចូល​រួម​ប្រជុំ​ថ្នាក់​​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​នៅ​​ក្នុង​ប្រទេស​ជប៉ុន ។ គម្រោង​​ផែន​ការ​នេះ​បា​ន​ធ្វើ​ឡើង​​ដោយ​មាន​ការ​ឯក​ភព​តាំងពី​ខែ​សីហា ​ឆ្នាំ​មុន​មក​ម៉្លេះ ដើម្បី​ឈាន​សម្រេច​គោល​ដៅ​​ដែល​ពួក​គេ​បាន​ឯក​​ភាព​គ្នា​​តាំងពី​ដំបូង​នោះ​​ ហើយ​​ការ​បង្កើន​​សន្ទុះ​​ពាណិជ្ជ​កម្ម​​នេះ​គឺ​ធ្វើឡើង​​ជា​ប្រព័ន្ធ​ និង​បំពេញ​ចន្លោះ​​ខ្វះ​ខាត ​ដើម្បី​ឈាន​​រក​ការ​អភិវឌ្ឍ​ទាំង​អស់​គ្នា ។

លោក​យូគីយ៉ូ ​អេដាណូ រដ្ឋ​មន្ត្រី​​ក្រសួង​​សេដ្ឋ​កិច្ច​ជប៉ុន ​បាន​លើក​ឡើងថា «អាស៊ាន​​ជា​ផលិត​កម្ម​ដ៏​មាន​សារ​សំខាន់​ណាស់​ ​សម្របា់​ប្រទេស​របស់​​យើង​ ហើយ​ទន្ទឹ​ម​នឹង​នេះ​ដែរ ទី​ផ្សារ​មាន​ការ​រីក​ចម្រើន​​​ច្រើន​គួរ​ឱ្យ​កត់​​សម្គាល់» ។

គួរ​បញ្ជាក់ថា ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ជប៉ុន​​បាន​កើន​​ដល់​២០៧​លាន​ដុល្លារ ​សម្រាប់​​ពាក់​កណ្តាល​​ឆ្នាំ​២០១២ ​នេះ មាន​កំណើន​​៣% ​បើ​ធៀប​នឹង​​ពេលវេលា​ដូច​គ្នា​កាល​ពី​​ឆ្នាំ​មុន​មាន​ចំនួន​២០១​​លាន​ដុល្លារ​ប៉ុណ្ណោះ ។ ​ចាប់​ពី​ខែ​មករា ដល់​ឧសភា ឆ្នាំ​២០១២ នេះ ​ការ​នាំ​​ចេញ​របស់​កម្ពុជា​ទៅ​​កាន់​ប្រទេស​ជប៉ុន​​មាន​ចំនួន​​១៣៦​លាន​ដុល្លារ ខណៈ​​ដែល​ការ​នាំ​​ចេញ​របស់​ជប៉ុន​​​​ចូល​មក​កាន់​​កម្ពុជា​​មាន​ចំនួនតែ​​​៧១​លាន​ដុល្លារ​ប៉ុណ្ណោះ ។ ​ផលិត​ផល​នាំ​ចេញ​សំខាន់ៗ​របស់​កម្ពុជា​រួម​មាន សម្លៀក​បំពាក់ ស្បែក​​ជើង ស្ករស ត្រី និង​គ្រឿង​​សមុទ្រ ហើយ​​កម្ពុជា​នាំ​ចូល​វិញ​រួម​មាន ​គ្រឿង​ចក្រ ​ទូរស័ព្ទ ​ទូរទស្សន៍ គ្រឿង​អេឡិច​ត្រូនិច សាច់​ចិញ្ចឹម ដែក​​ផ្សេងៗ ដែក​ថែប និង​ថ្នាំ​​ពេទ្យ។ ​កាលពី​ឆ្នាំ​២០១១ ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​២​​មាន​ចំនួន​​៥១៤​លាន​ដុល្លារ​ ហើយ​សម្រាប់​ឆ្នាំ​២០១២ ​នេះ ត្រូវ​បាន​គេ​​រំពឹង​ថា ​នឹង​មាន​​ការ​កើន​​ឡើង​ថែម​ទៀត ៕