ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើង​ប្រយុទ្ធគ្នា​របួស​ធ្ងន់​ម្នាក់​រហូត​ដល់​ស្លាប់​ ខណៈ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​

13 ឆ្នាំ មុន

​​ខេត្ត​ស្វាយ​រៀង​ ៖ ជន​​​២​ក្រុម​​បាន​​ដេញ​វាយ​​និង​កាប់​ចាក់​គា្ន​​នៅ​តាម​ផ្លូវ​លំមួយ​​ស្ថិត​ក្នុង​ភូមិ​ធ្មល់ ​សង្កាត់​ចេក​​ ​​ក្រុង​ស្វាយ​រៀង​ ​កាលពី​វេលាម៉ោង​៧​និង៣០​នាទី​យប់​ថ្ងៃ​ទី​៣០​ ​កក្កដា ​​​ បណ្តាល​ឱ្យ​​​២​នាក់​របួសធ្ងន់​ចូល​មន្ទីរពេទ្យ និង​២​នាក់​ទៀត​ត្រូវ​​​ប៉ូលិស​ចាប់​ខ្លួន​ ។ តាម​ប្រភព​បា​ន​ឱ្យ​ដឹង​ថា ​ជន​​ទាំង​២​ក្រុម​នេះ​បាន​ប្រើ​ដាវ​សា​មូ​រ៉ៃ និង​កាំបិត​ដេញ​កាប់​ប្រហារ​គា្ន​យ៉ាង​សាហាវ​​ដោយពុំ​មាន​ខ្លាចរអា​សមត្ថ​កិច្ច​​ឡើយ ប៉ុន្ដែ​ក្រោយ​ពី​កើតហេតុ​ពេល​​​សមត្ថកិច្ច​មក​សួរនាំ​ និង​រក​ចាប់ខ្លួន​ មា្ន​ក់​ៗ​ខំប្រឹង​ឆ្លើយ​យក​ត្រូវ​និងអះ​អាង​ថា​ខ្លួន​ជា​ជន​រង​គ្រោះត្រូវ​គេ​វាយ​និង​កាប់​ទាំង​មិនដឹង​រឿង​ ​។

យុវជន​ឈ្មោះ​​ចិន សុ​ភ័​ក្រ្ត​ អាយុ​២៥​ឆាំ្ន​ មាន​ទីលំនៅ​ក្នុងភូមិ​ខាង​លើ​ ដែល​ត្រូវ​គេ​កាប់​​​២​ដាវ​សា​មូ​រ៉ៃ​ ​រយះ​​ក្បាល​២​កន្លែង និង​ត្រូវ​ដៃ​​ខាងឆ្វេង​ដាច់​​មេដៃ ហើយ​បាត​ដៃ​ដាច់​នៅ​សល់​តែ​ស្បែក​បន្ដិច​នោះ​​​និយាយ​ថា នៅ​យប់​កើតហេតុ​នោះ​រូបគេ​ឃើញ​មិត្ដភក្ដិ​ឈ្មោះអូន និង​បក្សពួក​២​នាក់​ទៀត ប្រកែក​គា្ន​ជា​មួយ​មនុស្ស​២ទៅ​៣​នាក់​ដែល​ជា​អ្នក​នៅ​ក្នុង​ភូមិ​​ជាមួយ​គា្ន​រឿង​ហៅ «អា »។ ដោយ​ឃើញ​ការ​ប្រកែក​គា្ន​កាន់​តែ​​ខ្លាំង​ឡើង​ៗ​រូបគេ​ក៏​ចូល​ទៅ​ឃាត់ ហើយ​ហៅ​មិត្ដ​ភ​ក្តិ​ ឈ្មោះ​អូន និង​២​នាក់​ទៀត​​នោះ​​​​ឡើង​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ​ ដើម្បី​កុំឱ្យ​មានរឿង​។

លុះ​ពេល​​ពួក​គេ​ទាំង​៤​នាក់​​​ជិះ​ម៉ូតូ​២​គ្រឿង​ចេញពី​កន្លែង​ប្រកែក​គា្ន​មក​ដល់​ចំណុ​ច​កើតហេតុ​ខាងលើ​ក៏​ត្រូវ​ឈ្មោះ ឌា​ក់ និង​បក្សពួក​២​នាក់​ទៀត​ជិះ​ម៉ូតូ​មក​ពីក្រោយ​តាម​​មក​ស្ទាក់​ពីមុខ​ម៉ូតូ​ពួកគេ​ ហើយ​ដក​ដាវ​និង​កាំបិត​​​ស្ទុះ​មក​កាប់​ប្រហារ​លើ​ពួក​គេ​តែ​ម្ដង ទើប​ពួក​គេ​វាយ​តប​ទៅ​វិញ​បណ្ដាល​ឱ្យ​មាន​របួស​ទាំង​សង​ខាង ។ ខណៈនោះ​ឈ្មោះ​សោម​ ឆាង អាយុ​៣២​​ឆាំ្ន​ ​ដែល​ជា​បងថ្លៃ​របស់​ឈ្មោះ​ឌា​ក់ ​បាន​ទាញ​ដាវ​សា​មូ​រ៉ៃ​មក​កាប់​រូបគេ​​ត្រូវ​ក្បាល​និង​ដៃ​២​ដាវ បណ្ដាល​ឱ្យ​សន្លប់​ឈឹង​នៅ​នឹង​កន្លែង ពេ​ល​​​​ដឹង​ខ្លួន​​​ឡើង​វិញ​គឺ​នៅ​ក្នុង​មន្ទីរពេទ្យ​​​ទៅ​ហើយ​។
ប្រភព​ព​័ត៌​មាន​ពី​បងស្រី​របស់យុវជន ចិន សុ​ភ័​ក្រ្ត​ បាន​អះអាង​ថា​ ក្រោយ​ពី​កើតហេតុ​ភ្លាម​បងប្អូន​របស់​ឈ្មោះ​សោម ឆាង បាន​លើក​គា្ន​៣ទៅ​៤​នាក់​ទៀត​ដែល​ក្នុង​ដៃ​មាន​ដំបង​និង​កាំបិត​ ​មក​វាយ​កម្ទេច​​ម៉ូតូ​ប្អូនប្រុស​របស់​ខ្លួន​ធុន​សេ​​១០០​ ស៊េរី​២០០៨ ​បណ្ដាល​ឱ្យ​ខូចខាត​ទាំង​ស្រុង ហើយ​​ក៏​នាំ​គា្ន​មក​រក​វាយ​ក្រុម​គ្រួសារ​របស់​ខ្លួន​​ទៀត​ តែ​ត្រូវ​បាន​អ្នក​ស្រុក​ស្រែក​ឆោឡោ​ឡើង​​ក៏​​ដកថយ​ទៅ​វិញ​បាត់​អស់​ទៅ​។ ក្រោយ​ពី​កើត​ហេតុ​​ភ្លាម ក្រុម​គ្រួសារ​របស់យុវជន​ចិន សុ​ភ័​ក្រ្ត ​ក៏​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ ប្រមូល​យក​វត្ថុ​តាង​ទាំងអស់ និង​ធ្វើការ​ឃាត់​ខ្លួន​យុវជន​២នាក់​ ដែល​ជា​បក្សពួក​របស់​ឈ្មោះ​ឌា​ក់ និង សោម ឆាង នាំ​យក​មក​កាន់​​អធិ​ការ​​ដា្ឋ​ន​នគរបាល​ក្រុង​សា្វ​យ​រៀង​។

​ជន​​ឈ្មោះ​សោម ឆាង បាន​អះអាង​ថា នៅ​យប់​កើតហេតុ​នោះ​រូបគេ​ឃើញ​យុវជន​ឈ្មោះ​ចិន សុ​ភ័​ក្រ្ត​ និង​បក្សពួក​៣​នាក់ទៀត​កំពុង​ព្រួត​វាយ​ប្អូនប្រុស​របស់​ខ្លួន​ទើប​គេ​​ស្ទុះ​ទៅ​ជួយ ហើយ​​ក៏​ត្រូវ​គេ​កាប់​១​កាំបិត​ចំ​ថ្ពាល់ ​១​កាំបិត បញ្ឆិត​គ​ល់កដាច់​សរសៃ​បាញ់​ឈាម​ជោក​ខ្លួន និង​១​កាំបិត​ទៀត​ត្រូវ​ដៃ​ខាង​ឆ្វេង​ ​បណ្ដាល​ឱ្យ​សន្លប់នៅ​នឹង​កន្លែង និងត្រូវ​បាន​​បងប្អូន​ក្រុម​គ្រួសារ​នាំ​យក​មក​កាន់​មន្ទីរពេទ្យ ដើម្បី​ជួយ​សង្គ្រោះ​ទាំង​យប់​។

ទោះ​ជា​​យ៉ាងណា​ នេះ​គ្រាន់តែ​ជា​ការ​អះ​អាង​​​​យក​ត្រូវ​របស់​ភាគី​ទាំង​សងខាង​ប៉ុណ្ណោះ ហើយ​ពេល​​នេះ​អ្នក​របួស​ទាំង​២​នាក់​កំពុងសម្រាក​ព្យា​បាល​​​​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ដ​តែ​១​ជាមួយ​គា្ន តែ​នៅ​អគារ​ផ្សេង​គា្ន ។ រីឯ​យុវជន​​២​នាក់​​ដែល​ត្រូវ​ចាប់ខ្លួន​​​សមត្ថកិច្ច​មិន​បាន​ប្រាប់ឱ្យ​ដឹង​ថា​មាន​ឈ្មោះ​អ្វីខ្លះ​នោះ​ទេ ចំណែក​យុវជន​៦ទៅ​​៧​នាក់​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​នៅ​ក្នុង​សកម្មភាព​វាយ​កាប់​ចាក់​គា្ន​នេះ​​ដែរ សមត្ថកិច្ច​កំពុង​តែ​តាម​រក​ចាប់ខ្លួន។

ដោយឡែក​ រឿងរ៉ាវ​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ អ្នក​ណា​ជា​អ្នក​បង្ក ហើយ​ដើមហេតុ​មក​ពី​មូល ហេតុ​អ្វី​នោះ​ក៏​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ដែរ ដោយ​សមត្ថកិច្ច​ប្រាប់​ថា​កំពុង​តែ​ស៊ើប​អង្កេត​​នៅ​មូល​ដា្ឋ​ន និង​សាកសួរ​អ្នក​ពាក់​ព័ន្ធ​ក្នុង​ដំណើររឿងនេះ​ ៕