ខេត្តកណ្តាល ៖ ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ក្នុងចំណោមបក្សពួក២នាក់បានត្រូវកម្លាំងប៉ូលិសនៃអធិការដ្ឋានស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ឃុំដំណាក់អំពិលចាប់ឃាត់ខ្លួន ខណៈជននោះជិះម៉ូតូ១គ្រឿងដើរលក់គ្រឿងញៀន ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៥នាទីរសៀលថ្ងៃទី៣១ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ។
ជនសង្ស័យឈ្មោះ ខៀវ ប៊ុនថន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកឯបក្សពួកម្នាក់ដែលកំពុងរត់គេចខ្លួន គឺជាមេខ្លោងឈ្មោះមេសា ភេទប្រុស អាយុជិត៣០ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំភូមិជម្ពូវន័ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ មន្ត្រីសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យនេះ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនយូរមកហើយ ដោយកន្លងមកឈ្មោះមេសា ជាមេខ្លោងតែងតែធ្វើសកម្មភាពដើរចែកចាយគ្រឿងញៀនជាបន្តបន្ទាប់ ។ នៅវេលារសៀលថ្ងៃត្រូវចាប់ខ្លួននោះ គឺជននេះបានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ៊្សុយគីស្ទេប ពណ៌ខ្មៅ លាយក្រហម នាំយកថ្នាំញៀនទៅលក់ឱ្យម៉ូយដែលជាអ្នកប្រើប្រាស់ ។
ប្រភពដដែលបានបន្តទៀតថា ដោយសារតែជននោះគឺជាមុខសញ្ញាដែលជាប់សង្ស័យ និងបានធ្វើការតាមដានយូរមកហើយនោះ ទើបកម្លាំងប៉ូលិសនៃអធិការដ្ឋានស្រុកអង្គស្នួលសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ឃុំដំណាក់អំពិលធ្វើការចាប់ខ្លួន ខណៈកំពុងធ្វើសកម្មភាពដើរលក់គ្រឿងញៀន ។ ជាមួយនឹងការចាប់ខ្លួន សមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់តូច និងបាននាំជននោះទៅរកមេខ្លោងឈ្មោះមេសា ដើម្បីចាប់ខ្លួនទៀត ប៉ុន្តែមេខ្លោងនោះហាក់ដូចជាដឹងខ្លួនមុន ក៏បានគេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកប៉ូលិសក៏នាំជននេះត្រឡប់ទៅកាន់អធិការដ្ឋានស្រុកធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ៕
ចែករំលែកព័តមាននេះ