ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខ​ជន​114.414​​នាក់​​ដាក់​ពាក្យ​​​ប្រឡង​​សញ្ញា​បត្រ​​មធ្យម​​​សិក្សា​ទុតិ​យ​ភូមិ​​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ៖ ​លោក​សេង គួណូ ​អនុ​ប្រធាន​​មន្ទីរ​អប់​រំ​​យុវជន​ និ​ងកី​ឡា​រាជ​ធានី​ភ្នំពេញ​​បា​​ន​មាន​ប្រ​សាសន៍​​ប្រាប់​កោះ​សន្តិ​ភាព​​តាម​ទូរស័ព្ទ​​ កាលពី​​ថ្ងៃ​ទី​​១ សី​​ហា​​ ថា​​ មាន​​​សិស្ស​​ថ្នាក់ទី​​១២ ​ចំនួន​ប្រមាណ​​ជាង​​១​ម៉ឺន​នាក់​​បាន​​ដាក់​ពាក្យ​​​​​ប្រឡង​​យក​សញ្ញា​បត្រ​​​​មធ្យម​សិក្សា​​ទុតិ​យ​ភូមិ​​ សម្រាប់​​ឆ្នាំ​សិក្សា​​២០១១-​២០១២​​ នៅ​តាម​​មណ្ឌល​​ចំនួន​​៣៨​​មណ្ឌល​ ចែក​​ចេញ​ជា​​៨០​២​បន្ទប់​​​ទូ​ទាំង​រាជ​ធានី​ភ្នំពេញ ។

មន្ត្រី​ក្រសួង​អប់​រំ​យុវជន​​ ​និង​កី​ឡា បានប្រា​ប់​កោះ​សន្តិភាព​​ កាល​ពី​ថ្ងៃ​ទី​​១ សី​ហា ​ផ​ង​ដែរ​ថា ការ​​ប្រឡង​​សញ្ញា​បត្រ​​មធ្យ​ម​​សិក្សា​​ទុតិ​យ​ភូមិ​​ឆ្នាំ​​​​​សិក្សា​​២០១១​​-២០១២​​នៅ​ទូ​ទាំង​ប្រទេស គឺ​​​​មាន​បេក្ខ​ជន​​ទាំង​អស់​​១១៤.​៤១៤​​នាក់​ ក្នុង​នោះ​ស្រី​​៥.១០០​នាក់​ ។
​យោង​តាម​​លោក​សំ សេរី​រតន៍​​ ​ប្រធាន​នាយ​ក​ដ្ឋាន​​ផែន​ការ​​នៃ​ក្រសួង​​អប់​រំ ​​​យុវជន​ និង​កី​ឡា ​ដែល​​ទទួល​​បន្ទុក​​កិច្ច​ការ​​​ប្រឡង​​របស់​ក្រសួង​​អប់​រំ​ យុវជន​ និង​កី​ឡា ​បាន​ប្រាប់​កោះ​សន្តិ​​ភាព​បន្ថែម​ថា ​​ក្រសួង​អប់​រំ​បាន​​បែង​ចែក​​ជា​​២៥៤​មណ្ឌល និង​មាន​​៤.៦៦២​បន្ទប់ ​ដែល​​ដំណើរ​ការ​​ប្រឡង​លើ​​វិញ្ញា​សា​​សរសេរ​​មាន​​រយៈ​ពេល​​៣​ថ្ងៃ​​គឺ​​ពី​​ថ្ងៃ​ទី​​​៦-៧និង​​៨​​ ខែ​សី​ហា ​ឆ្នាំ​​២០១២​ខាង​មុខ​នេះ​​នៅ​តាម​​មណ្ឌល​​នានា​ទូ​ទាំង​​ប្រទេស​ ។

មន្ត្រី​​ក្រសួង​​អប់​រំ​​បាន​ប្រាប់​កោះ​សន្តិ​ភាព​​ថា លទ្ធ​ផល​​នៃ​ការ​ប្រឡង​​នឹង​ប្រកាស​​នៅថ្ងៃ​ទី​​៣១ ខែ​សី​ហា ​និង​ថ្ងៃ​ទី​​១ ខែ​កញ្ញា​ ​ឆ្នាំ​​​២០១២​ ។ នៅ​ក​្នុង​​សេចក្តី​​ប្រកាស​​របស់​ក្រសួង​អប់​រំ​​​យុវជន​ និង​កីឡា​ ក៏​បាន​អំពាវ​នាវ​​ផង​ដែរ​ថា ​ដើម្បី​​ឱ្យ​លទ្ធ​ផល​​​ប្រឡង​នេះ​​ប្រព្រឹត្ត​​ទៅ​​ប្រកប​ដោយ​​ភាពត្រឹម​ត្រូវ​​ យុត្តិ​ធម៌​ ​និង​មាន​​ប្រសិទ្ធ​​ភាព​​ ​តម្លា​ភាព សូម​មាតា​ បិ​តា ​សិស្ស​​​ជួយ​ជំរុញ​​កូន​​ចៅ​ឱ្យ​ខិត​ខំ​​រៀន​សូត្រ​ ដើម្បី​​ទទួល​បាន​​លទ្ធ​​​ផល​​ល្អ​​​​នៅ​ពេល​ប្រឡង ៕​​