ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​សកម្ម​ភាព​ប្លន់​បាន​ម្តង​​ជាប់​អន្ទាក់​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​នគរ​​បាល​​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់រាជ​ធានី​ភ្នំពេញ ​បាន​ឃាត​់​ខ្លួន​ជន​២​នាក់​ ​​កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា ដោយ​ជាប់​ពាក់​​ព័ន្ធ​​ពី​បទ​ធ្វើ​សកម្ម​ភាព​​ប្លន់​ប្រដាប់​អាវុធ ។ ជន​ទាំង​២​នាក់​នេះ ​​ម្នាក់​​ឈ្មោះ​ជា​ សុខ​​ណាក់ អាយុ​២៧​ឆ្នាំ ជា​អតី​ត​​មន្ត្រីកង​រាជ​អាវុធ​​ហត្ថ​ មាន​ទី​លំ​នៅ​​ផ្ទះ​គ្មាន​លេខ ភូមិ​ភ្លើង​ឆេះ​រទេះ សង្កាត់​​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ម្នាក់​ទៀត​ឈ្មោះ​ឡេង ប៊ុន​ថង ហៅ​​ត្រង់ អាយុ​២០​ឆ្នាំ មុខ​របរ​មិន​ពិ​ត​ប្រាកដ ស្នាក់​នៅ​ផ្ទះ​ជួល ​​ក្នុង​សង្កាត់​​កន្ទោក ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ជា​​មួយ​នឹង​ការ​ឃាត់​ខ្លួន​ជន​ទាំង​​​២​នាក់​នេះ​​ សមត្ថ​កិច្ច​​​បាន​ដក​ហូត​អាវុធ​ខ្លី​​មួយ​ដើម ម៉ាក​កា​៥៤ បង់​១ និង​គ្រាប់​១​គ្រាប់​​ជា​វត្ថុ​តាង​​ផង​ដែរ ។ ​លោក​វរ​សេនីយ៍​ទោ ជួន ណា​រិន្ទ ប្រធាន​ការិ​យា​ល័យ​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​រាជ​ធានី​​ភ្នំពេញ​ បាន​ឱ្យ​ដឹង​ថា ​ការ​ឃាត​់​ខ្លួន​ជន​ទាំង​២​នាក់​នេះ គឺ​​​ធ្វើ​ឡើង​តាម​​ការ​ស្រាវ​ជ្រាវ​ និង​ប្រើ​វិធាន​ការ​​ជំនាញ​ពី​សំណាក់​សមត្ថ​កិច្ច​​របស់​លោក  ដោយ​មាន​កិច្ច​សហ​​ការ​ជា​មួយ​​នគរ​បាល​ខណ្ឌ​​ដង្កោ​ តាម​រូប​ភាព​ក្រុម​ប្រើ​ប្រាស់​​គ្រឿង​ញៀន ។

លោក​ជួន ណារិន្ទ បន្ត​ថា ក្រោយ​ពី​ឃាត់​ខ្លួន​​ជន​សង្ស័យ​បាន​សារ​ភាព​​ថា ពួក​គេ​ធ្លាប់​​​​ធ្វើ​​សកម្មភាព​ប្លន់​​ម្តង កាល​ពី​វេលា​ម៉ោង​៤ និង​៥០​នាទី​ទៀប​ភ្លឺ​​ថ្ងៃ​ទី​១៨ កក្កដា នៅ​​​​ក្បែរ​សួន​សុបិន​ចម្ការ​ព្រីង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ យក​បាន​ម៉ូតូ​ហុង​ដា​​ស្គូពី មួ​យ​គ្រឿង​ ស៊េរី​២០១១ ពណ៌​ផ្កា​ឈូក  ដែល​ជន​រង​គ្រោះ​​បាន​​ទៅ​លេង​ទី​នោះ​​និង​បម្រុង​ជិះ​ចេញ​មក​ផ្ទះ ។ ជន​សង្ស័យ​បាន​សារ​ភាព​ទៀត​ថា ក្នុង​ការ​ប្លន់​នោះ​ ​គឺ​​ឈ្មោះ​ឡេង ប៊ុន​ថង ហៅ​ត្រង់ ជា​អ្នក​បើក​​ម៉ូតូ​ រី​ឯ​ឈ្មោះ​ជា សុខណាក់ ជិះ​ពីក្រោយ​​ និង​ជា​អ្នក​បាញ់​​ជន​រង​គ្រោះ តែ​​​គ្រាប់​​មិន​ផ្ទុះ​ ។

ទោះ​ជា​យ៉ាង​ណា ការ​ប្លន់​នោះ​យក​បាន​ម៉ូតូ​​ដោយ​សុវត្ថិ​ភាព​ និង​លក់​យក​លុយ​ចែក​គ្នា​ស៊ី​ចាយ​អស់​ទៅ​ហើយ ហើយ​ថែម​ទាំង​ទិញ​ថ្នាំ​ញៀន​ប្រើ​ប្រាស់​ទៀត​ផង ​ទើប​ត្រូវ​​សមត្ថ​កិច្ច​​ចាប់​ខ្លួន​នេះ ។ យោង​តាម​ចម្លើយ​​សារ​ភាព​ និង​ការ​​ដក​ហូត​​អាវុធ​ខ្លី​​ជា​វត្ថុ​​​តាង​ផង​នោះ ជន​​ទាំង​២​នាក់​ ត្រូវ​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​​ទៅ​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ ៕