ទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា (១ សីហា ២០១២) ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបោះជំហានមួយទៀតដើម្បីឈានទៅផ្សារភ្ជាប់ទំនាក់ទំនងសាជាថ្មីជាមួយនឹងប្រទេសមីយ៉ាន់ម៉ា តាមរយៈការបើកការិយាល័យ និងបញ្ជូនបុគ្គលិកទៅបំពេញការងារនៅក្នុងប្រទេសនេះ ។
លោក Stephen P.Groff អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ទទួលបន្ទុកអាស៊ីបូពា៌ អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា «ការបង្កើតការិយាល័យនៅក្នុងប្រទេសមីយ៉ាន់ម៉ា ផ្ដល់លទ្ធភាពឱ្យយើងយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈមនានាដែលប្រទេសនេះកំពុងជួបប្រទះ និងវិធីដែលល្អបំផុតដើម្បីផ្ដល់ជំនួយសំដៅធានាឱ្យមានកំណើនសេដ្ឋកិច្ច ដែលមានការចូលរួមប្រកបដោយចីរភាព» ។ លោក Stephen បន្ដថា «ជាការសំខាន់ណាស់ដែលយើងត្រូវយល់ពីភាពពិតជាក់ស្ដែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈពេលដែលយើងធ្វើការងារជាមួយរដ្ឋាភិបាលដើម្បីរៀបចំបង្កើតនូវយុទ្ធសាស្ដ្រស្ដីពីភាពជាដៃគូមួយសម្រាប់ធ្វើការអភិវឌ្ឍ និងកាត់បន្ថយប្រកបដោយជោគជ័យ» ។
មីយ៉ាន់ម៉ា គឺជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្រជាងគេនៅក្នុងពិភពលោក ដោយមានមនុស្សម្នាក់ក្នុងចំណោម៤នាក់នៃប្រជាពលរដ្ឋសរុបចំនួន៦០លាននាក់របស់ប្រទេសនេះកំពុងរស់នៅក្នុងភាពក្រីក្រ ។ មានមនុស្ស៣នាក់ ក្នុង៤នាក់ ដែលមិនមានអគ្គិសនីប្រើប្រាស់ ។ បើទោះបីជាប្រទេសនេះហាក់បីដូចជាបានត្រៀមខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ប្រទេសនេះចាំបាច់ត្រូវអនុវត្ដកំណែទម្រង់បន្ដទៀត និងត្រូវធ្វើឱ្យមានតុល្យភាពដោយប្រុងប្រយ័ត្នរវាងកំណើន និងនិរន្ដរភាព ដើម្បីសម្រេចឱ្យបាននូវសក្ដានុពលរបស់ខ្លួន ក៏ដូចជាកាត់បន្ថយភាពក្រីក្រ ដែលកំពុងសាយភាយទូទៅ នៅក្នុងប្រទេសនេះ ។
កាលពីពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ចប់ការវាយតម្លៃបឋមលើតម្រូវការនៅក្នុងវិស័យសំខាន់ៗដូចជា គមនាគមន៍ ថាមពលកសិកម្ម និងធនធានធម្មជាតិ, ការអប់រំ និងការអភិវឌ្ឍទីក្រុងដែលរួមបញ្ចូលទឹក និងអនាម័យ ផង ។
ធនាគារអភិវឌ្ឍន៍អាស៊ីនឹងពង្រីកវិភាគវាយតម្លៃរបស់ខ្លួនទៅក្នុងវិស័យជាអាទិភាពមួយចំនួន និងផ្ដល់នូវជំនួយបច្ចេកទេសជាបឋមសម្រាប់ការកសាងសមត្ថភាព និងការពង្រឹងស្ថាប័ន ។ ការិយាល័យថ្មីនេះ ដែលស្ថិតនៅក្នុងបរិវេណជាមួយគ្នានឹងធនាគារពិភពលោក និងសាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិ នឹងក្លាយជាទីតាំងបំពេញការងាររបស់បុគ្គលិកដែលត្រូវបានចាត់ឱ្យទៅបំពេញបេសកកម្មរយៈពេលវែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ឈប់ប្រតិបត្ដិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ ១៩៨៨ មកម៉្លេះ ប៉ុន្ដែប្រទេសនេះដែលជាសមាជិករបស់កម្មវិធីមហាអនុតំបន់ទន្លេមេគង្គដែរនោះ បានចូលរួមនៅក្នុងសកម្មភាពថ្នាក់តំបន់ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ។ ការបន្ដប្រតិបត្ដិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នឹងត្រូវសម្របសម្រួលរួមគ្នាជាមួយនឹងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ហើយផ្អែកលើសេចក្ដីសម្រេចចុងក្រោយ ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សូមសម្ដែងនូវការស្វាគមន៍ចំពោះនាយកប្រតិបត្ដិប្ដូរវេនថ្មីមកពីប្រទេសមីយ៉ាន់ម៉ា លោក Khin Khin Lwin កាលពីថ្ងៃទី១៦ កក្កដា ឆ្នាំ២០១២ ។ មន្ដ្រីមកពីប្រទេសមីយ៉ាន់ម៉ា មានតំណាងក្នុងក្រុមប្រឹក្សាភិបាលលើកចុងក្រោយគេគឺនៅក្នុងឆ្នាំ២០០៣។
មានមូលដ្ឋាននៅក្នុងទីក្រុងម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការងារដើម្បីកាត់បន្ថយភាពក្រីក្រនៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈកំណើនសេដ្ឋកិច្ចសម្រាប់ទាំងអស់គ្នា កំណើនដែលធានានិរន្ដរភាពបរិស្ថាន និងសមាហរណកម្មតំបន់ ។ បង្កើតឡើងនៅក្នុងឆ្នាំ១៩៦៦ ធនាគារនេះមានសមាជិកចំនួន៦៧ប្រទេស ដែលក្នុងនោះមាន ៤៨ ប្រទេសមកពីតំបន់នេះ ។ នៅក្នុងឆ្នាំ ២០១១ ការអនុម័តលើការផ្ដល់ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី រួមទាំងសហហិរញ្ញប្បទានផង មានចំនួនសរុប២១,៧ពាន់លានដុល្លារ ៕
ចែករំលែកព័តមាននេះ