ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ និងសមត្ថកិច្ចខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នៅព្រឹកថ្ងៃទី១ សីហា បានប្រារព្ធពិធីដាំកូនឈើ និងលែងកូនត្រីរួមគ្នានៅភូមិណាំកៀង ឃុំប៉ារ៉ែ ស្រុកអារញ្ញ ខេត្តស្រះកែវ ។ការប្រារព្ធពិធីរួមគ្នានេះ ភាគីកម្ពុជាមានវត្តមានលោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត តំណាងអាជ្ញាធរខេត្តបន្ទាយមានជ័យ អភិបាលរងស្រុកអូរជ្រៅ តំណាងអភិបាលស្រុកអូរជ្រៅ មេបញ្ជាការ មេបញ្ជាការរងយោធា និងប៉ូលិសព្រំដែនគោក ព្រមទាំងមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ជាច្រើននាក់ ។
ភាគីថៃមានវត្តមានលោកឆាត់គិទិ នុបប៉ាដុន អភិបាលរងខេត្តស្រះកែវ លោកស៊ីណាថា មេបញ្ជាការរងកងកម្លាំងបូព៌ាប្រចាំខេត្តស្រះកែវ មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងគ្រប់អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ ។ពិធីលែងកូនត្រី និងដាំកូនឈើខាងលើនេះ មានកូនឈើចម្រុះចំនួន៩៩៩ដើម និងកូនត្រីចម្រុះមានចំនួន៥៩.៩៩៩កូន ។ ក្រោយពីភាគីទាំងពីរធ្វើការដាំកូនឈើជានិមិត្តរូបរួមគ្នាមក ក៏បានធ្វើពិធីលែងកូនត្រីទាំងនោះចូលទៅក្នុងស្រះដ៏ធំមួយផងដែរ ដែលចំណុចលែងកូនត្រីនោះគេឃើញមានតុបតែងទង់ជាតិប្រទេសទាំង១០ក្នុងអាស៊ាន និងទង់តំណាងអាស៊ានមួយទៀតផង ។មុនបញ្ចប់កម្មវិធីភាគីទាំង២បានជូនបាច់ផ្កាគ្នាទៅវិញទៅមកដើម្បីបង្ហាញពីទឹកចិត្តស្មោះស្ម័គ្រក្នុងការរឹតចំណងសាមគ្គី និងពង្រឹងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា ។
គួរបញ្ជាក់ថា អាជ្ញាធរ និងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ កម្ពុជា និងខេត្តស្រះកែវ ថៃ មួយរយៈពេលកន្លងមកនេះ ពោលគឺក្រោយពីលោកស្រីយីងឡាក់ ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ គឺខេត្តទាំង២នេះមានទំនាក់ទំនងល្អទៅមករកគ្នា គួរឱ្យកត់សម្គាល់ ៕






ចែករំលែកព័តមាននេះ