ខេត្តសៀមរាប ៖ មន្ដ្រី បុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្ដ នឹងត្រូវបានផ្ដល់ឱកាសឱ្យពង្រឹងសមត្ថភាពលើការបណ្ដុះបណ្ដាលផ្នែកភាសាអង់គ្លេស និងកុំព្យូទ័រនៅក្នុងសាលាអន្ដរជាតិភ្យូឆឺរប្រាយ ក្រោមកិច្ចផ្ដួចផ្ដើមឧបត្ថម្ភពីធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី ។
ក្នុងគោលបំណងបណ្ដុះបណ្ដាលជំនាញទាំង២ខាងលើប្រកបដោយគុណភាព និងនិរន្ដរភាព អនុស្សរណៈយោគយល់គ្នាស្ដីអំពីការបណ្ដុះបណ្ដាលភាសាអង់គ្លេស និងកុំព្យូទ័រត្រូវបានចុះហត្ថលេខារួមគ្នារវាងមន្ទីរអប់រំយុវជននិងកីឡាខេត្ដ ជាមួយគណៈដឹកនាំសាលាអន្ដរជាតិភ្យូឆឺរប្រាយ កាលពីព្រឹកថ្ងៃទី១ សីហា កន្លងទៅនៅក្នុងបន្ទប់នៃសាកលវិទ្យាល័យ«សៅស៍អីុសអេយសៀ» ដែលជាដៃគូប្រតិបត្ដិការជាមួយសាលាអន្ដរជាតិភ្យូឆឺរប្រាយ ។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាខាងលើ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប លោកអ៊ុង សេរីឌី បានមានប្រសាសន៍ថា នេះជាលើកដំបូងដែលមន្ទីរ និងផ្នែកឯកជនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាបង្កើតឱ្យមានការបណ្ដុះបណ្ដាលលើជំនាញភាសាអង់គ្លេស និងកុំព្យូទ័រទៅដល់មន្ដ្រីអប់រំ ។
លោកបានបន្ថែមថា អនុស្សរណៈនេះត្រូវបានផ្ដួចផ្ដើមក្រោមការឧបត្ថម្ភពីធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី សាខាខេត្ដសៀមរាប ក្នុងគោលបំណងសហការលើការបណ្ដុះបណ្ដាលភាសាអង់គ្លេសប្រកបដោយគុណភាព និងនិរន្ដរភាព ស្របតាមទីផ្សារការងារនៅក្នុងខេត្ដទេសចរណ៍មួយនេះ ។
នៅក្នុងឱកាសនោះដែរ នាយកប្រតិបត្ដិសាលាអន្ដរជាតិភ្យូឆឺរប្រាយបានថ្លែងថា វាជាកិត្ដិយសដ៏ធំសម្បើមមួយចំពោះសាលារបស់លោកដែលត្រូវបានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដ និងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី ដែលបានគាំទ្រ និងជ្រើសរើសយកសាលាអន្ដរជាតិភ្យូឆឺរប្រាយ ជាដៃគូសហការគ្នាដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ។
លោកបានបន្ថែមថា ការជ្រើសរើសថ្មីនេះវាក៏បានបង្ហាញឱ្យឃើញច្បាស់ពីគុណភាពបណ្ដុះបណ្ដាលរបស់សាលាអន្ដរជាតិភ្យូឆឺរប្រាយ ដែលជាសាលាមានចក្ខុវិស័យ បេសកកម្មគោលដៅជាយុទ្ធសាស្ដ្រ និងផែនការយុទ្ធសាស្ដ្រត្រឹមត្រូវ ច្បាស់លាស់ ស្របតាមការអភិវឌ្ឍសង្គម និងទីផ្សារការងារ ។ ទន្ទឹមគ្នានោះយើងក៏មានការប្ដេជ្ញាចិត្ដខ្ពស់ចូលរួមសហការឱ្យបានល្អជាមួយមន្ទីរអប់រំ យុវជន និងកីឡា ក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ ប្រកបដោយរលូន មានគុណភាព និងប្រសិទ្ធភាពខ្ពស់ ។ ឈរលើផែនការយុទ្ធសាស្ដ្រខាងលើនេះ នាំឱ្យសាលាអន្ដរជាតិភ្យូឆឺរប្រាយ បានទទួលជោគជ័យឈានមុខក្នុងការបណ្ដុះបណ្ដាល ។
ចំណែកលោកសៀន សុវណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សៅស៍អីុសអេយសៀ និងជាប្រធានសាលាអន្ដរជាតិភ្យូឆឺរប្រាយផងនោះបានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជំនាញភាសាអង់គ្លេស និងកុំព្យូទ័រទៅដល់មន្ដ្រី អប់រំ និងនិស្សិតនៅតាមសាកលវិទ្យាល័យ ឬគ្រឹះស្ថានសិក្សាផ្សេងទៀត វាជាការធ្វើឱ្យមានប្រយោជន៍ធំធេងមួយសម្រាប់ស្វែងរកទីផ្សារការងារ នៅគ្រាដែលអាស៊ាននឹងធ្វើសមាហរណកម្មនៅឆ្នាំ២០១៥ ខាងមុខ ។
គួរបញ្ជាក់ថា សាលាអន្ដរជាតិភ្យូឆឺរប្រាយ បានប្រែក្លាយពីវិទ្យាស្ថានភ្យូឆឺរប្រាយ តាមប្រកាសលេខ១៩៨៩ អយក.ប្រក ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩ ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយនៅក្នុងឆ្នាំសិក្សា២០១១-២០១២នេះ សាលាអន្ដរជាតិភ្យូឆឺរប្រាយមានសិស្សានុសិស្សសរុប២.៩៧០នាក់សិក្សាកម្មវិធីគ្រប់កម្រិត និងគ្រប់ប្រភេទ ៕
ចែករំលែកព័តមាននេះ