ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេមរៈ ​សិរីមន្ត​ និងសុខ ស្រីនាង​​ សម្តែង​រួម​គ្នា​ក្នុង​​រឿង​​បិសាច​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​ខេមរៈ​ សិរីមន្ត និង​​​​នាង​សុខ ស្រីនាង ​បាន​​សម្តែង​​​​រួម​គ្នា​​ក្នុង​ខ្សែភាព​យន្ត​​​ថ្មី​រឿង​​«វិញ្ញាណ​​បិសាចជញ្ជក់​ ឈាម​»ព្រម​ទាំង​​​​​រួម​ជាមួយ​​​តារា​​​មក​ពី​​​ហុង​កុង​ ​​និង​ប្រទេស​​​ថៃ​​​ផងដែរ។​លោកឡាយ ​សុខចំរើន ​​ចាង​ហ្វាង​​ផលិត​កម្ម​​ ឱ្យ​ដឹងថា ផលិតកម្ម​​​សាន់​​ដេ​ បាន​​​ផលិត​ខ្សែ​ភាព​យន្ត​លើក​​ដំបូង​នៅឆ្នាំ​​​២០០៣​ បន្ទាប់​​​ពី​ផលិត​​កម្ម​​នេះ​​​ទទួល​បាន​​ជោគជ័យលើ​​ការ​ផលិត​​បទ​ចម្រៀង ។ ខ្សែ​ភាពយន្ត​​​ទី​១ គឺរឿង​ «​អង្គុលី  មា​ល»​ និង​​ទី២ គឺរឿង​«​ព្រាយ​​​ដែកគោល​»។

ចំពោះ​​ខ្សែភាពយន្ត​​ថ្មីរឿង​​​ «វិញ្ញាណ​​​បិសាច​ជញ្ជក់​​ឈាម​​»ដែល​នឹង​ចាប់​​ផ្តើម​​ថត​នៅ​​​ខែសីហា​នេះ​គឺ​​ក្រៅពី​ចូលរួម​សម្តែង​​​ដោយ​លោក​​​ខេមរៈ សិរីមន្ត​ ​និង​នាង​សុខ ស្រីនាង​​ ព្រម​ទាំង​​តារា​ចម្រៀង​​​ល្បីៗ​ប្រចាំ​ផលិតកម្ម​សាន់​ដេជាច្រើន​​​នាក់​ទៀត ក៏មាន​ការ​ចូលរួម​សម្តែង​​ពី​តារា​​​ភាព​យន្ត​​ល្បីនៅ​​​​​ហុង​កុង​ និង​​ប្រទេស​​ថៃផងដែរ។​

ចាងហ្វាង​​ផលិត​​កម្ម​​​​​បញ្ជាក់​ក្នុង​​ពិធី​​​ក្រុង​ពលី​​​​ចាប់​​ផ្តើម​​ថតខ្សែភាព​​យន្ត​ថ្មីរបស់​​​ខ្លួន​​កាល​ពី​ថ្ងៃ​​​ទី​២៨ ​កក្កដា​​ថា  ​​ផលិត​កម្ម​របស់​​លោក​​ចាប់​​អារម្មណ៍​​​​ថតខ្សែភាព​យន្ត​ទាក់ទង​​ជំនឿ​​អរូបី​ខ្មោច​ព្រាយ​បិសាច​ ព្រោះ​​​ខ្សែភាព​យន្ត​​ប្រភេទ​​​នេះ​​កំពុង​ពេញ​និយម​នៅកម្ពុជា​ ដូច្នេះ​​​ការ​ផលិត​​គឺត្រូវ​​បំពេញ​​តម្រូវ​ការ​​របស់​​អតិថិជន​។

​ប្រភព​​ដដែល​​​លើក​ឡើង​ថា គោល​​​បំណង​ផលិត​ខ្សែភាពយន្ត​​ខ្នាត​​​ធំ​​នេះ​​មិនគ្រាន់​តែ​​ស្វែងរក​ប្រាក់​​ចំណេញ​​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​អ្វីជា​ចម្បង​​គឺ​ចង់​​​​លើក​​ស្ទួយ​​​វិស័យ​ខ្សែភាពយន្ត​​​​ខ្មែរ​យើង​​ បន្ទាប់​​​​​​ពី​ប្រឈម​​​នឹង​ការ​ស្រុត​ចុះ​​​ពេល​​កន្លងមក​​ ។ ​ដោយ​​​សារ​តែបំណង​ចង់ឱ្យ​​​វិស័យ​ភាពយន្ត​​​​ខ្មែរ​រីក​​​​ចម្រើន​​​ឡើង​​វិញ​នេះ​ហើយ​ ទើប​​ផលិតកម្ម​​​ចំណាយ​ថវិកា​ច្រើន​​ក្នុង​ការ​​ថតខ្សែ​​ភាព​យន្ត​​រឿង​​  «វិញ្ញាណ​​បិសាចជញ្ជក់​​ឈាម» ដើម្បី​ឱ្យ​​​មាន​​​គុណ​ភាព​​​អាចទទួល​​យក​បានសម្រាប់​​​​​ការប្រកួត​ប្រជែង ។​

​លោក​​​ចាងហ្វាង​​​ផលិតកម្ម​​​​អះអាង​ថា​​ ផលិត​​កម្ម​​គ្រោង​ចំណាយ​​ថវិកា​ជាង​​កន្លះ​​លាន​ដុល្លារ​​​សម្រាប់​​ថតខ្សែ​​ភាព​យន្ត​​ថ្មី​នេះ ហើយ​​​លោក​​រំពឹង​​​ថា​នឹងទទួល​បាន​​​ការគាំទ្រ​​ច្រើនពី​​ទស្សនិកជន​​ ព្រោះ​​​​ស្នា​ដៃ​​​ទី៣​នេះ​របស់​​ផលិតកម្ម​សាន់ដេ​​នឹង​​​​សម្រិត​​សម្រាំង​ឱ្យ​មាន​គុណភាព​​​ខ្ពស់ ។​​​​លោកចាងហ្វាង​​​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​​​ខ្មែរ​ឱ្យ​ចូល​​រួមគាំទ្រ​​​សិល្បៈ​​​ភាពយន្ត​ខ្មែរ រួម​ទាំង​​​ចូលរួម​​​​ផ្តល់​​យោ​បល់​​លើ​ចំណុច​ខ្វះខាត​​​​ដើម្បី​ជំរុញ​​​ឱ្យ​ខ្សែភាពយន្ត​​​មា​ន​ការ​​​រីកចម្រើន​​​ឈាន​ទៅ​ប្រកួត​​ប្រជែង​​ជាមួយ​ខ្សែភាព​យន្ត​​បរទេស ។ 
ទស្សនិក​ជន​កត់​សម្គាល់​ថា  នេះជាលើកទី​២​​ហើយ​​ដែលអ្នក​ចម្រៀង​ខេមរៈ សិរីមន្ត​ ​ចូលរួម​​សម្តែង​​ក្នុង​ខ្សែភាព​យន្ត​​​ឱ្យ​ផលិតកម្ម​​របស់​​ខ្លួន ។​

​ទស្សនិកជន​មួយ​ចំនួន​​និយាយ​ថា​  ក្រៅពី​​​ស្តាប់​​សំនៀង​ក៏​ចង់​ឃើញ​​លោក​សិរីមន្ត​​សម្តែង​​​ផង​ដែរ  តែមួយចំនួន​​​ទៀត​​និយាយ​​ថា ចង់​​​ត្រឹម​តែ​ស្តាប់​សំនៀង​របស់​​លោក​ប៉ុណ្ណោះ​ មិនចាប់​អារម្មណ៍​​​លើការ​សម្តែង​​របស់​លោក​ទេ ព្រោះ​​លោក​មិនមែន​ជាតារា​សម្តែង​​ គឺ​អ្នក​ចម្រៀង ៕​