រាជធានីភ្នំពេញ ៖ តារាចម្រៀងសាំង ស៊ុំម៉ាចលីដែត សម្តែងការដឹងគុណ ក៏ដូចជារំឭកដល់លោកយាយចេក ម៉ាច របស់នាងដែលផ្តល់ឈាមជ័រសិល្បៈដល់រូបនាង ដោយមានមហិច្ឆតាចង់បើកផលិតកម្មមួយដាក់ឈ្មោះថា «មរតកចេក ម៉ាច» ។ នាងកំពុងតែប្រើប្រាស់ទេពកោសល្យសិល្បៈរបស់ខ្លួនក្នុងការរកប្រាក់សម្រាប់បើកផលិតកម្មនេះ ជាពិសេសពេលនេះនាងចេញទៅច្រៀងនៅអាមេរិកដោយសង្ឃឹមថា ជាឱកាសមួយសម្រាប់រកការទ្រទ្រង់ផែនការរបស់ខ្លួនផងដែរ ។
តារាចម្រៀងស្រីវ័យ១៩ឆ្នាំ ចៅលោកយាយចេក ម៉ាច អតីតសិល្បការិនីល្ខោនបាសាក់ដ៏ល្បីដែលទទួលមរណភាពទៅហើយរូបនេះធ្លាប់មានកិត្តិយសជាប់ចំណាត់ថ្នាក់លេខ២ផ្នែកចម្រៀងមហោរី ក្នុងកម្មវិធីមរតកវប្បធម៌រៀបចំឡើងដោយស្ថានីយទូរទស្សន៍បាយ័ន និងចំណាត់ថ្នាក់លេខ១ ផ្នែកចម្រៀងសម័យនាឆ្នាំ២០១០ ក្នុងមហោស្រពចម្រៀងសាកលថ្នាក់ជាតិ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។
ក្រោយពីទទួលជ័យលាភីកិត្តិយសនោះកញ្ញាសាំង ស៊ុំម៉ាចលីដែត តែងតែលេចមុខនៅលើឆាកប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍នានា ។ លើសពីនេះនាងត្រូវផលិតកម្មមួយចំនួនទាំងក្នុង និងក្រៅប្រទេសឱ្យថតសំឡេងចូល ស៊ីឌី ។
ទន្ទឹមនឹងមានកេរិ៍្តឈ្មោះល្បីហើយនោះ កញ្ញាសាំង ស៊ុំម៉ាចលីដែត មានឱកាសចេញទៅច្រៀងនៅប្រទេសបារាំង កាណាដា អូស្ត្រាលី សហរដ្ឋអាមេរិក អង់គ្លេស និងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ នាងឡើងយន្តហោះចាកចេញពីមាតុប្រទេសទៅច្រៀងនៅសហរដ្ឋអាមេរិក ។ ការចេញទៅអាមេរិកលើកនេះនាងមានបំណងដើម្បីរកប្រាក់មករៀបចំបើកផលិតកម្មផ្ទាល់ខ្លួនដោយដាក់ថា «ផលិតកម្មមរតកចេកម៉ាច» ។
តារាចម្រៀងរូបនេះឱ្យកោះសន្តិភាពដឹងថា នាងចេញទៅសម្តែងនៅសហរដ្ឋអាមេរិកនេះមានរយៈពេល៣ខែទើបវិលត្រឡប់មកកាន់មាតុប្រទេសវិញ ។ នាងគ្រោងនឹងបន្តចេញទៅច្រៀងនៅប្រទេសជប៉ុន និងប្រទេសអូស្ត្រាលី ម្តងទៀតនៅខែធ្នូ ឆ្នាំ២០១២ និងខែមករា ឆ្នាំ២០១៣ ។ កញ្ញាសាំង ស៊ុំម៉ាចលីដែត មានឪពុកឈ្មោះសាំង សុធារ៉ា ជាមន្ត្រីកងរាជអាវុធហត្ថ និងម្តាយឈ្មោះស៊ុំ ម៉ាចចន្ថា អតីតជាអ្នកចម្រៀងនិងជាអ្នកនិពន្ធទំនុកច្រៀង និងធ្លាប់ធ្វើការនៅក្នុងព្រះបរមរាជវាំងជាមួយលោកយាយចេក ម៉ាច ។ កញ្ញាលីដែត មានបងប្អូន៥នាក់ ក្នុងនោះប្រុស៣នាក់ ចំណែកនាងជាកូនទី៤ ។ បងប្អូនទាំងអស់របស់នាងសុទ្ធតែជាអ្នកចម្រៀងសម័យ បុរាណ និងជាអ្នករបាំប្រពៃណី របាំបុរាណ និងតន្ត្រីករ ។ ដូច្នេះហើយទើបនាងមានគោលបំណងចង់បើកផលិតកម្មដើម្បីបន្តវេននិងតបស្នងសងគុណលោកយាយចេក ម៉ាច ដែលគាត់បានបន្សល់ទុកមរតកសិល្បៈឱ្យឪពុកម្តាយ បងប្អូននាង ។
កញ្ញាសាំង ស៊ុំម៉ាចលីដែត ឱ្យដឹងថា នាងចេញទៅច្រៀងនៅសហរដ្ឋអាមេរិក តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះមិនត្រឹមតែបង្ហាញទឹកដមសំឡេងជូនបងប្អូនខ្មែរយើងរស់នៅទីនោះបានស្តាប់ប៉ុណ្ណោះទេ គឺជាឱកាសដ៏ល្អមួយសម្រាប់នាងនាំយក សិល្បៈវប្បធម៌ខ្មែរទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិឱ្យគេកាន់តែបានដឹងច្បាស់ថែមទៀត ។ កញ្ញាសាំង ស៊ុំម៉ាចលីដែត អាចច្រៀងបទសម័យនាជំនាន់រាជិនី រស់ សេរីសុទ្ធា បានរាប់រយបទ ។ ចំពោះបទចម្រៀងដែលនាងថតចូលស៊ីឌីមានការគាំទ្រច្រើនធ្វើឱ្យមានកេរ្តិ៍ឈ្មោះល្បី ជាេពិសេសគឺបទ«ចូលឆ្នាំបាត់ដំបង» បទ «ជួបស្នេហ៍នៅកោះពេជ្រ» បទ«ផ្គរលាន់ផ្សងស្នេហ៍» បទ«ស្នាមស្នេហ៍ឆ្នេរអូរឈើទាល» បទ«ទឹកចិត្តម្តាយ» បទ«ចាំបងវិលវិញ» និងបទ«ព្រាត់ស្នេហ៍លើស្ពានកោះពេជ្រ»ជាដើម។ បទចម្រៀងទាំងនោះជាស្នាដៃនិពន្ធទំនុកច្រៀង និងបទភ្លេងរបស់លោកអ៊ុំ សេរីវុទ្ធី។
កញ្ញាសាំង ស៊ុំម៉ាចលីដែត អះអាងថា ថ្វីបើកន្លងមកមានបុរសជាច្រើនទាំងក្នុងនិងក្រៅប្រទេសទូរស័ព្ទ ឬទាក់ទងលួងលោមប្រលោមសុំសេចក្តីស្នេហាពីនាងក៏ដោយ ក៏នាងតែងតែឆ្លើយបដិសេធរហូត ព្រោះនាងគិតថានាងនៅក្មេងនៅចង់សប្បាយ និងចង់កសាងកេរ្តិ៍ឈ្មោះឱ្យកាន់តែល្បី ។ ពិសេសនាងមានមហិច្ឆតាចង់បើកផលិតកម្ម«មរតកចេកម៉ាច» ឱ្យដំណើរការបានល្អ សិនទើបគិតគូររឿងស្នេហា ៕



ចែករំលែកព័តមាននេះ