កីឡាករហែលទឹកអាមេរិកMichael Phelpsបានយកឈ្នះមេដាយអូឡាំពិកជាលើកទី១៩បន្ទាប់ពីក្រុមហែលបណ្តាក់ប្រទេសរបស់ខ្លួនយកឈ្នះមេដាយមាសហែលសេរីចម្ងាយ ២០០ម៉ែត្រក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងឡុង២០១២ថ្ងៃអង្គារទី៣១កក្កដា។
សម្រាប់កីឡាករវ័យ២៧ឆ្នាំរូបនេះ មកទល់ពេលនេះគេមានមេដាយមាសអូឡាពិកចំនួន១៥គ្រឿងហើយ។
នៅក្នុងការប្រកួតលើកនេះ ក្រុមអាមេរិកដែលមាន Phelpsជាសមាជិកម្នាក់ផងនោះ បានប្រើអស់ថិរវេលា៦នាទី និង៥៩.៧០វិនាទី ។ នៅចំពោះមុខ Phelpsនៅមានការប្រកួត៣លើកទៀតមុននឹងចូលនិវត្តន៍ជាមួយនឹងឯតទគ្គកម្មពិភពលោកថ្មីមួយដែលពិបាកបំបែកបាន ។ គេនៅចាំបានថា កាលពីព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំងឆ្នាំ ២០០៨ កីឡាករអាមេរិករូបនេះដណ្តើមបានមេដាយមាសដល់ទៅ៨គ្រឿង និង៦គ្រឿងក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងអាថែនឆ្នាំ ២០០៤។ គេបានថ្លែងថា ៖«នេះជាអាជីពដ៏គួរឱ្យភ្ញាក់ផ្អើលមួយយ៉ាងពិតប្រាកដ ប៉ុន្តែយើងនៅមានការប្រកួត២-៣លើកទៀតនៅទីនេះ »។
២-៣នាទីនៅមុនការទទួលជ័យជម្នះនៅក្នុងក្រុមហែលបណ្តាក់ Phelpsដណ្តើមបានមេដាយទី១៨(មេដាយប្រាក់)លើវិញ្ញាសាឯកត្តជនហែលមេអំបៅចម្ងាយ២០០ម៉ែត្រ ។ គេបានថ្លែងថា ៖«ពិតណាស់ ខ្ញុំប្រាថ្នាចង់បានលទ្ធផលល្អប្រសើរជាងនេះលើវិញ្ញាសាហែលមេអំបៅចម្ងាយ២០០ម៉ែត្រ »។ ដោយឡែក នៅទីក្រុងឡុងនេះឆ្លងកាត់ការប្រកួតអស់៥ថ្ងៃ Phelpsដណ្តើមបានមេដាយប្រាក់២គ្រឿងនិងមាស១គ្រឿង ។
ក្រុមអាមេរិកពេលនេះកំពុងតាមពីក្រោយក្រុមចិនលើតារាងមេដាយ ។ បើទោះជាក្រុមនេះដណ្តើមបានមេដាយសរុប ២៣គ្រឿងស្មើជាមួយចិនក៏ពិតមែន ប៉ុន្តែចំនួនមេដាយមាសនៅចាញ់ចិនដាច់ឆ្ងាយ។ ពួកគេដណ្តើមបានមេដាយមាសតែ៩គ្រឿងប៉ុណ្ណោះធៀបនឹងចិនដែលមាន ១៣គ្រឿង ៕
ចែករំលែកព័តមាននេះ