មជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយមសមុទ្ររបស់ចិនកាលពីថ្ងៃទី៣១កក្កដារាយការណ៍ពីការជិតមកដល់នៃព្យុះទីហ្វុងឈ្មោះសាវឡា SAOLA ជាព្យុះទី៩នៃឆ្នាំនេះហើយបានអំពាវនាវដល់បណ្តានាវានេសាទនិងប្រជាជនមូលដ្ឋានឱ្យត្រៀមទប់ទល់នឹងព្យុះនេះ ។
ក្នុងរបាយការណ៍មួយ មជ្ឈមណ្ឌលនេះគូសបញ្ជាក់ថា ព្យុះសាវឡាកំពុងតែបង្កើនកម្លាំង ហើយកំពុងបោកបក់សំដៅភាគពាយ័ព្យឆ្ពោះមកកាន់ឆ្នេរសមុទ្រខាងជើងនៃកោះតៃវ៉ាន់ ហើយកាន់តែរំកិលខ្លួនឆ្ពោះមកកាន់ឆ្នេរសមុទ្រទាំងឡាយរបស់ចិនដីគោក ។ ភ្នែករបស់ព្យុះនោះកាលពីព្រឹកថ្ងៃទី៣១ កក្កដា ស្ថិតនៅចម្ងាយ៤០០គ.មភាគអាគ្នេយ៍ក្រុងហ៊ូលៀននៅតៃវ៉ាន់។
នាវេលាថ្ងៃត្រង់ថ្ងៃទី៣១កក្កដាដែនទឹកភាគខាងកើតតៃវ៉ាន់និងមានរលកកម្ពស់ពី៧ទៅ១០ម៉ែត្រ ខណៈដែលនៅភាគខាងត្បូងនៃសមុទ្រខាងត្បូងរលកសមុទ្រនឹងមានកម្ពស់ពី៤ទៅ៦ម៉ែត្រ ។ នៅខេត្តហ្វូជាន និងហ្សេយ៉ាង រលកសមុទ្រអាចមានកម្ពស់ពី២,៥ទៅ៣,៥ម៉ែត្រ ។ ផ្លូវសមុទ្រ MAWEI-MATZU ត្រូវបិទកាលពីថ្ងៃទី៣១កក្កដា ដោយសារព្យុះនេះខិតជិតមកដល់ ចំណែកផ្លូវសមុទ្រពីក្វាងចូវទៅគីនមេន ត្រូវបិទចាប់ពីព្រឹកថ្ងៃទី១ សីហាទៅ ៕
ចែករំលែកព័តមាននេះ