រាជធានីភ្នំពេញ ៖ នៅលើសង្វៀនស្ថាននីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ថ្ងៃអាទិត្យ ទី៥ សីហា ខាងមុខនេះ ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ K-cement ទម្ងន់៦៥គីឡូក្រាមវគ្គជម្រុះពូល B បានឈានដល់ជុំទី៣ហើយ ។សម្រាប់ការប្រកួតនៅថ្ងៃនោះ យឹម ឌៀប មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបប្រកួតជាមួយ ជាម អាដាំ មកពីក្លិបឃ្លាំងមឿងកីឡា ខណៈ ពុទ្ធ ហ៊ុច មកពីក្លិបពុទ្ធសេរីវង្សព្រែកតាទែន ជួបប្រកួតជាមួយ ផល សុផាត មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ទាំងពីរគូខាងលើនេះ ធ្លាប់ប្រកួតបាន២លើកម្នាក់រួចមកហើយ ខណៈ យឹម ឌៀប មិនទាន់ស្គាល់ឈ្នះម្តងណាឡើយ និងទើបរកបាន២ពិន្ទុប៉ុណ្ណោះ ចំណែក អាដាំ វិញ ចាញ់ម្តងឈ្នះម្តងមាន៤ពិន្ទុ ។ សម្រាប់ យឹម ឌៀប បើសិនជាចាញ់លើកនេះទៀត គឺអស់ផ្លូវអ៊ុតហើយ ខុសពីអាដាំ នៅអាចមានផ្លូវអ៊ុតខ្លះបើសិនជាគេអាចយកឈ្នះលើកនេះទៀត គេកាន់តែមានសង្ឃឹមច្រើន ប៉ុន្តែរវាងគូនេះ ទាំងកម្លាំង និងល្បិចប្រយុទ្ធ គឺមិនលើសគ្នាឡើយ ។
ពុទ្ធ ហ៊ុច ប្រកួតឈ្នះម្តងចាញ់ម្តងមាន៤ពិន្ទុ ចំណែក ផល សុផាត ប្រកួតទាំងពីរលើកឈ្នះទាំង២លើកមាន៦ពិន្ទុនាំមុខគេក្នុងពូល ។ សុផាត និង ពុទ្ធ ហ៊ុច មានប្រវត្តិមិនដូចគ្នានោះទេ ព្រោះ សុផាត ចាស់វស្សាជាងមានល្បិចប្រយុទ្ធនៅលើសង្វៀនក្រាស់ ប៉ុន្តែខ្សោយកម្លាំងបន្តិច ។ រីឯ ពុទ្ធ ហ៊ុច ល្បិចប្រយុទ្ធនៅលើសង្វៀនមិនក្រាស់ប៉ុន្មានឡើយ តែគេមានកម្លាំងខ្លាំង ដូច្នេះចាំមើលថាតើរវាងអ្នកមានកម្លាំងខ្លាំង និងអ្នកមានល្បិចប្រយុទ្ធខ្ពស់មួយណាគ្រាន់បើជាង ។
គូប្រកួតមិត្តភាពវិញ ចាន់ រតនៈ មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ជួបជាមួយ បួន សាវឌី មកពីក្លិបរស្មីកុមារកំព្រា និង ចាន់ វិបុល មកពីក្លិបសាលវ័ន្តកីឡា ជួបប្រកួតជាលក្ខណៈសាកលជាមួយ វី សាវុធ មកពីក្លិបក្រសួងមហាផ្ទៃ ៕


ចែករំលែកព័តមាននេះ