ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ក្រុម​ហ៊ុន​​ ឡាយ​​ហួត​​​ត្រេ​ឌីង​​ ដែល​​ទុក​​ដី​ចោល​​​មិន​​ដំណើរ​ការ​​

13 ឆ្នាំ មុន

ខេត្ត​ពោ​ធិ៍​សាត់​​​ ៖ ​​ក្រុមហ៊ុន​​​ឡាយ​​ហួត​​ត្រេ​ឌីង​​ ដែល​បា​ន​ចុះ​​​កិច្ច​សន្យា​​​ធ្វើ​វិនិយោគ​​ដាំ​ដំណាំ​​​កៅ​ស៊ូ​​​លើ​ផ្ទៃ​ដី​​​ជាង​​៩​​០០​​ហិក​តា​​ ​​ស្ថិត​នៅ​​​​​ភូមិ​​ព្រហស្បតិ៍​ក្បាល​​ ឃុំ​ផ្ទះ​​​រុង​ ស្រុក​ភ្នំ​​ក្រវាញ​ ឥឡូវ​​នេះ​បាន​ត្រូវ​​​​រាជ​រដ្ឋា​ភិបាល​​​បញ្ចប់​​​លែង​​ឱ្យ​​ដំណើរ​ការ​​​តទៅ​​ទៀត​​​ហើយ​ ដោយ​​សារ​​ពុំ​ឃើញ​មាន​​​សកម្មភាព​​​​អ្វី​ទាល់​តែ​សោះ ។

​លោក​ទូ​ច​ ​សំបូរ​​ ​អភិបាល​​ស្រុក​​​ភ្នំ​ក្រវាញ​​​​ឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​​​​ឡាយ​​ហួត​​​ត្រេ​ឌីង​ ​បាន​ចុះ​​​​កិច្ច​សន្យា​​ត្រឹម​​​​ត្រូវ​ជា​មួយ​​​​រាជ​រដ្ឋា​ភិបាល​​​តាំង​ពី​ឆ្នាំ​​២០០៣​មក​ម៉្លេះ​ ក្នុង​ការ​វិនិយោគ​​ដាំ​ដំណាំ​​​កៅ​ស៊ូ​​លើ​ផ្ទៃ​ដី​​​ជាង​​៩០០​ហិក​តា​​ ប៉ុន្តែ​​​មក​ដល់​ពេល​នេះ​​​​មាន​រយៈ​ពេល​​​​​​ជិត​​១០​ឆ្នាំ​ទៅ​ហើយ​ ​ពុំ​ទាន់​​ឃើញ​​លទ្ធ​​ផល​​​ចេញ​ជា​ផ្លែ​​ផ្កា​​អ្វីសោះ​ មាន​​តែ​​​រោង​​ស្នាក់​នៅ​របស់​​​ក្រុម​ហ៊ុន​​​ និង​កូន​​កៅ​ស៊ូ​​​​បណ្តុះ​​ទុក​​ចោល​ប៉ុណ្ណោះ​ ឯ​ដី​ព្រៃ​​​​នៅ​តែ​​​ព្រៃ​​ដដែល​​ ។ លោក​​​​អភិ​បាល​​​ស្រុក​បន្ត​ទៀត​ថា ​មក​ដល់​ពេល​នេះ​​គេ​មិន​ទាន់​ឃើញ​ក្រុមហ៊ុន​​​ខាង​លើ​​​ប្រើ​គ្រឿង​​​ចក្រ​​ឈូស​​ឆាយ​​​​ដី​សម្រាប់​​​​ដាំ​កៅ​ស៊ូ​នៅ​ឡើយ​​​​ទេ ហើយ​​​កូន​កៅ​ស៊ូ​​​ដែល​បាន​បណ្តុះ​​​​​ទុក​ចោ​ល​នោះ​​​ដុះ​វែង​​​ៗ​​កម្ពស់​​​៥​ទៅ ​៦​ម៉ែត្រ​​​​​​​​ក្លាយ​ជា​ព្រៃ​ស៊ុប​​ទ្រុបអស់​​ទៅ​ហើយ​ ។ ក្រៅ​ពី​នេះ​ ពុំ​​​​ឃើញ​​​មាន​ដំណាំ​អ្វី​​​ក្រៅពី​ដើម​​ស្វាយ​​៣-៤​ដើម​​ និង​ស្លឹក​គ្រៃ​​​​ប៉ុន្មាន​គុម្ព​​​ប៉ុណ្ណោះ​ ។ ក្រុម​​ហ៊ុន​នេះ​​​ហាក់​បី​ដូច​ជា​​​ពុំ​មាន​​​គម្រោង​​​ច្បាស់​លាស់​​​​ទេ​ ហើយ​បើ​តាម​​​​ដឹង​​បម្រុង​​ទុក​​ដី​លក់​ទៀត​ផង​​ ប៉ុន្តែ​​​​ស្រប​ពេល​​​​អនុសាសន៍​​ដ៏​ថ្លៃ​ថ្លា​​​របស់​​សម្តេ​ច​​តេ​ជោ​​ ហ៊ុន​ សែន​​ឱ្យ​ពិ​និត្យ​​សើ​​រើ​​ក្រុម​ហ៊ុន​វិនិយោ​គ​​​​ណា​ដែល​ពុំដំណើ​រកា​​រ​​ទុក​​ដី​​ឱ្យ​ទំនេ​រ​ចោល​​​ត្រូវ​ដក​ហូត​​​យក​មក​វិញ​​​ ទើប​​​​ពេល​នេះ​​​យើង​​​បញ្ចប់​​​ក្រុម​​ហ៊ុន​​​មួយ​នេះ​​តែ​ម្តង​ ។

​​លោក​​ ខូយ​ ​សុខា​​​​ អភិ​បាល​​​ខេត្ត​ពោធិ៍​សាត់​​ថ្លែង​​ថា ​ការ​ដក​ហូត​ដី​​​របស់​ក្រុម​ហ៊ុន​​​​ឡាយ​ហួត​​ត្រេឌីង​ ​​លែង​​ឱ្យ​​​ដំណើ​រ​ការ​​នេះ​ គឺ​​​​​អនុ​​វត្ត​​​តាម​​​អនុសាសន៍​​​​សម្តេច​​​​តេ​ជោ​​​ ដោយ​សារ​ក្រុម​ហ៊ុន​​​នេះ​ពុំ​មាន​​​សកម្ម​ភាព ។ លោក​​សូម​ឱ្យ​​​​​​អាជ្ញា​ធរ​​​ស្រុក​​ និង​សមត្ថ​កិច្ច​​​​ឈរ​ជើង​នៅ​​​​​​​ទី​នោះ​ បញ្ជា​​​ឱ្យ​​​ម្ចាស់​ក្រុម​ហ៊ុន​​​រុះ​រើ​​​រោង​ ស្ពាយ​​​​បង្វេចចេញ​ពី​ទី​​​​តាំង​​នោះ​ជា​​បន្ទាន់​​​​ ​ហើយ​​យក​​​​ដី​នេះ​​មក​គ្រប់​គ្រង​​វិញ​​​ ។

លោក​​​​​អភិ​បា​ល​​ខេត្ត​បញ្ជាក់​ថា ​​សព្វ​ថ្ងៃ​​​នេះ​មាន​ក្រុម​ហ៊ុន​​មួយ​ចំនួន​​​ទៀត​​ដែល​​​ចុះ​​កិច្ច​សន្យា​​រួច​ហើយ​​ទុក​ដី​ចោល​​​មិន​ធ្វើ​វិនិ​យោគ​​​ ហើយ​​ត្រូវ​​​បាន​​រាជ​រដ្ឋា​​ភិបាល​​ដក​ហូត​​យក​មក​វិញ ។ ជា​ក់​ស្តែង​ក្រុម​ហ៊ុន​ឡាយ​​ហួត​​​ត្រេឌីង​ ​​នេះ​បាន​សុំ​ច្បាប់​​ធ្វើ​វិនិយោគ​​​ដំា​​កៅ​ស៊ូ​​តាំង​ពី​ឆ្នាំ ​២០០៣​ មក​ម៉្លេះ​ តែ​​​មក​ដល់​ពេល​​នេះ​មិន​ឃើញ​​​មាន​អ្វីសោះ​​​​ដែល​​ចំណាយ​​​​ពេល​​​​​វេលា​​ឥត​ប្រយោជន៍​​ ទើប​បញ្ចប់​​​ត្រឹម​នេះ​​​​តែ​ម្តង​​ ដើម្បី​ទុក​​​ឱកាស​ឱ្យ​​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ ៕