រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ SL ពណ៌ខ្មៅ ទៅបុកជាមួយរថយន្តឡង់គ្រីស្ស័រកំពុងបើកឆ្លងផ្លូវបណ្តាលឱ្យដួលបាក់ជើងឆ្វេង កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៣១ កក្កដា តាមមហាវិថីម៉ៅសេទុង កែងផ្លូវលេខ២០៤ ចំណុចភ្លើងស្តុបកៅដាយ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ម៉ូតូ SL បើកបរដោយបុរសម្នាក់តាមមហាវិថីម៉ៅសេទុង ពីជើងទៅត្បូង ចំណែករថយន្តឡង់គ្រីស្ស័រ ពណ៌ខ្មៅ ជិះគ្នា២នាក់ប្តីប្រពន្ធបើតាមផ្លូវលេខ២០៤ ពីកើតទៅលិច ឆ្លងភ្លើងស្តុបកៅដាយបានពាក់កណ្តាល ស្រាប់តែម៉ូតូ SL ជិះលឿនពេកជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តបណ្តាលឱ្យដួលបាក់ជើងឆ្វេងនិងបែកមាត់ព្រមទាំងបែកកញ្ចក់និងសម្បកមួកសុវត្ថិភាព ។
អ្នកឃើញហេតុការណ៍បានទូរស័ព្ទហៅរថយន្តសង្គ្រោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឱ្យដឹកយកទៅព្យាបាល ប៉ុន្តែពេលរថយន្តពេទ្យទៅដល់ជនរងគ្រោះប្រកែកមិនព្រមឡើងរថយន្តទេ ខ្លាចបាត់ម៉ូតូព្រោះគ្មានអ្នកមើលឱ្យ ទាល់តែប៉ូលិសប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុហើយធានាខុសត្រូវរក្សាម៉ូតូទុកឱ្យ ទើបជនរងគ្រោះព្រមឡើងរថយន្តទៅព្យាបាល ។រថយន្តឡង់គ្រីស្ស័រឆ្កូតថ្នាំថ្ពាល់ខាងមុខបន្តិច ឯម៉ូតូបែកកញ្ចក់ខាងស្តាំ ។ បន្ទាប់ពីជនរងគ្រោះទៅមន្ទីរពេទ្យ សាច់ញាតិជនរងគ្រោះបានមកចរចាជាមួយម្ចាស់រថយន្តដោយមិនបានទាមទារសំណងទេ គឺសុំជួសជុលនិងព្យាបាលរបួសដោយខ្លួនឯង ។
នេះសំណាងហើយដែលអ្នកបើកម៉ូតូពាក់មួកសុវត្ថិភាពគ្រាន់តែបែកសម្បកមួកដែលគ្របពីលើស្នោ និងបែកកញ្ចក់មិនប៉ះពាល់លលាដ៏ក្បាល បើមិនពាក់មួកការពារទេ ប្រាកដជាជួបសំណាងអាក្រក់មិនខាន ៕



ចែករំលែកព័តមាននេះ