ខេត្តក្រចេះ ៖ ថ្វីបើច្បាប់ចរាចរណ៍ផ្លូវគោកបានកម្រិតធ្វើការផាកពិន័យលើយានយន្តដែលតទ្រុងខុសលក្ខណៈបច្ចេកទេស និងការផ្ទុកលើសទម្ងន់ ឬគ្មានរបៀបត្រឹមត្រូវដែលជាហេតុបង្កគ្រោះថ្នាក់យ៉ាងណាក្តី ក៏នៅតែមានរថយន្តមួយចំនួនមិនអនុវត្តតាម ។ ជាក់ស្តែង កាលពីព្រឹកថ្ងៃទី១ សីហា កម្លាំងមន្ត្រីប៉ូលិសចរាចរបានចាប់ឃាត់រថយន្តតាក់ស៊ីចំនួន៣គ្រឿងធ្វើការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែលរថយន្តទាំងនេះមានផ្ទុកអ្នកដំណើរជាច្រើននិងផ្ទុកទំនិញសំពីងសំពោងខុសលក្ខណៈបចេ្ចកទេសដែលងាយនឹងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរតាមផ្លូវសាធារណៈ ។
លោកអនុសេនីយ៍ឯក ណាប់ ទឹដ្ឋា នាយផ្នែកចរាចរណ៍បានឱ្យដឹងថា រថយន្តតាក់ស៊ីដែលបានចាប់ឃាត់នេះគឺសុទ្ធតែជារថយន្តម៉ាកសាំយ៉ុងចេញពីខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ឆ្ពោះទៅរាជធានីភ្នំពេញ ដោយមានផ្ទុកអ្នកដំណើរជាច្រើននាក់ និងផ្ទុកសម្ភារយ៉ាងសំពីងសំពោងទាំងខាងក្រោយនិងពីលើរថយន្ត ដែលខុសពីលក្ខណៈបច្ចេកទេស និងងាយបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកដំណើរតាមផ្លូវសាធារណៈ ហើយត្រូវកម្លាំងនគរបាលចរាចរស្ទាក់ចាប់បាននៅចំណុចផ្លូវកែងក្នុងទីប្រជុំជនខេត្តក្រចេះ ។
លោកវរសេនីយ៍ឯក ហន ប៉ូច ស្នងការរងកណ្តាលសណ្តាប់ធ្នាប់បានឱ្យដឹងថា ក្រោយពេលឃាត់រថយន្តខាងលើ មន្ត្រីប៉ូលិសចរាចរបាននាំរថយន្តទាំងបីគ្រឿងនេះទៅកាន់ស្នងការដ្ឋាន ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំដល់អ្នកបើកបរនិងផាកពិន័យ ដើម្បីឱ្យគោរពច្បាប់ចរាចរណ៍ និងមិនឱ្យមានសកម្មភាពដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេសបែបនេះទៀត ។
មតិប្រជាពលរដ្ឋលើកឡើងថា ការផ្ទុកអីវ៉ាន់ សំពីងសំពោងខុសលក្ខណៈបច្ចេកទេសរបៀបនេះគួរសមត្ថកិច្ចធ្វើការផាកពិន័យឱ្យបានធ្ងន់ដើម្បីឱ្យរាងចាល ៕


ចែករំលែកព័តមាននេះ