រាជធានីភ្នំពេញ ៖ «ស្រវឹងកុំបើកបរ» ពាក្យមួយឃ្លានេះអ្នកបើកបរពេលយប់ភាគច្រើនដូចជាគ្មានការចងចាំសោះ ហើយតែងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ជាក់ស្តែង យុវជនស្រវឹងម្នាក់នេះជិះម៉ូតូទៅបុកគូទម៉ូតូគេមួយគ្រឿងដែលកំពុងស៊ីញ៉ូបត់ឆ្វេង បណ្តាលឱ្យដួលបោកក្បាលរបួសធ្ងន់ខ្លួនឯង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣១ កក្កដា តាមមហាវិថីព្រះសីហនុ មុខហាងគិរីរម្យវាំងនន សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា អ្នករត់ឌុបជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ដឹកស្ត្រីម្នាក់តាមផ្លូវលេខ២៧៤ ពីលិចទៅកើត ចំណែកម៉ូតូសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ បើកបរដោយយុវជនម្នាក់ក្នុងទិសដៅស្របគ្នា ខណៈមកដល់ចំណុចខាងលើម៉ូតូវីវ៉ាស៊ីញ៉ូបត់ឆ្វេង ស្រាប់តែម៉ូតូសេ១១០ ជិះពីក្រោយក្នុងសភាពស្រវឹងធ្លាក់ភ្នែកបានបុកម៉ូតូវីវ៉ាពីក្រោយបណ្តាលឱ្យម៉ូតូដួលទាំងពីរគ្រឿង តែអ្នកបើកម៉ូតូវីវ៉ារបួសស្រាល ចំណែកអ្នកបុកគេពីក្រោយដួលបោកក្បាលសន្លប់ស្តូក ។ អ្នកបើកម៉ូតូវីវ៉ាឈ្មោះ ប៉ោ ហុង ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នករត់ម៉ូតូឌុប របួសស្រាល និងស្ត្រីជិះពីក្រោយរបួសស្រាលដែរ ។ ចំណែកអ្នកបើកម៉ូតូសេ១១០ ស៊េរី២០១២ ឈ្មោះ ឆាយ អាយុជាង២០ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ របួសធ្ងន់ ។
ក្រោយពេលកើតហេតុយុវជនរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។ ចំណែកម៉ូតូទាំងពីរគ្រឿងរងការខូចខាតដូចគ្នាត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌចំការមន ៕


ចែករំលែកព័តមាននេះ