រាជធានីភ្នំពេញ ៖ បណ្ដុំបច្ចេកវិទ្យាចុងក្រោយ ការកម្សាន្តឥតដែនកំណត់ និងមុខងារប្រើប្រាស់ដូចទូរស័ព្ទ តាមរយៈការដាក់ស៊ីម និងហៅទូរស័ព្ទចេញបានដែលមានក្នុង Tablet ជំនាន់ចុងក្រោយរបស់ Samsung គឺ Galaxy Tab2 ចំនួន២ម៉ូដែលបានមកដល់ទីផ្សារកម្ពុជាហើយកាលពីសប្ដាហ៍កន្លងទៅនេះ ។ ត្រកូល Galaxy ទាំង២ម៉ូដែលនេះមាន Galaxy Tab 2 7.0 និង10.1 ។
លោកហ្គី ហានលី អគ្គនាយកសាខានៃក្រុមហ៊ុន Thai Samsung Electronics ប្រចាំនៅកម្ពុជាបានលើកឡើងថា «ចំណុចខ្លាំងរបស់ Galaxy Tab2_7.0 ដែលកំពុងចរាចរលើទីផ្សារកម្ពុជាយើងនេះ គឺមិនត្រឹមតែមុខងារ Tablet ប៉ុណ្ណោះទេ ប៉ុន្តែមុខងារ Smartphone បូករួមទាំងលទ្ធភាពដាក់ស៊ីមហៅទូរស័ព្ទចេញចូលក៏ត្រូវបានបំពាក់បន្ថែមដែរ នេះជាបចេ្ចកវិទ្យាមានតែមួយគត់ពី Samsung ដែលមាននៅកម្ពុជា ។ បច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យ អេក្រង់កាន់តែធំ ការកម្សាន្តកាន់តែសម្បូរបែប ផ្សារភ្ជាប់ខ្លួនជាមួយនឹងបណ្ដាញទំនាក់ទំនងសង្គមដែលមានស្រាប់ក្នុងម៉ាស៊ីន តាមរយៈបច្ចេកវិទ្យា wi-Fi និង3Gបានគ្រប់ពេលវេលា» ។
លោកហ្គី ហានលី មានប្រសាសន៍បន្ថែមថា «ដោយមើលឃើញពីការរីកចម្រើនទីផ្សារ Tablet នៅកម្ពុជា ក្រៅពីការផ្ដល់ជូននូវជម្រើសកាន់តែច្រើន បច្ចេកវិទ្យាកាន់តែអស្ចារ្យ Samsung ក៏បានផ្ដល់ជូនតម្លៃកាន់តែប្រសើរ»។ លក្ខណៈសម្បត្តិរបស់ Galaxy Tab 2 ទាំងពីរនោះប្រហាក់ប្រហែលគ្នា ដូចជាដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android Ice Cream Sandwich 4.0 ល្បឿនអង្គចងចាំប្រភេទ Dual Core ទំហំ 1GHz មានកាមេរ៉ាមុខក្រោយចំនួន ២ ខណៈដែលខាងក្រោយទំហំ 3MP អាចផ្ដិតយកទាំងរូបភាព និងសកម្មភាពបានយ៉ាងល្អ ។ ក្រៅពីនេះ អតិថិជនទាំងអស់អាចរីករាយតាមរយៈការទាញយកកម្មវិធីដែលមានក្នុង Android Market រហូតដល់ទៅជាង៦០ម៉ឺនកម្មវិធី ។ ប៉ុន្តែអ្វីដែលខុសគ្នារវាង Tab 2_7.0 និង 10.1 ត្រង់ថា Galaxy Tab 2_7.0 អេក្រង់៧អីុញ មានមុខងារហៅទូរស័ព្ទចេញចូលដូចទូរស័ព្ទទូទៅបាន ។
គួរបញ្ជាក់ថា «កាលពីឆ្នាំ២០១១កន្លងទៅថ្មីៗនេះ Sumsung បានក្តាប់ចំណែកទីផ្សារលេខ១ស្ទួនលើបច្ចេកវិទ្យាទូរទស្សន៍(៦ឆ្នាំជាប់ៗគ្នា) និងទូរស័ព្ទ Smartphone (ក្នុងឆ្នាំ២០១១) លើពិភពលោក ជាពិសេសនៅកម្ពុជា Samsung Smartphone ទទួលបានចំណាត់ថ្នាក់លេខ១តាំងពីខែមីនា និងលេខ១ចំពោះទូរទស្សន៍ Plasma, Smart TV, LED TV នៅកម្ពុជានេះបើយោងតាមតួលេខស្រាវជ្រាវពី GFK»។ យោងតាមតួលេខដែលបានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញប្រចាំត្រីមាសខ្ពស់បំផុតរហូតដល់៥,៦ពាន់លានដុល្លារ ដែលជាក្រុមហ៊ុនអេឡិចត្រូនិកឈានមុខគេលើពិភពលោកដែលខ្លាំង ៕
ចែករំលែកព័តមាននេះ